រដ្ឋមន្ត្រីការបរទេសអាម៉េរិកកំពុងពិចារណាហាមឃាត់កម្មវិធីទូរស័ព្ទរបស់ចិនរួមទាំង TikTok

177
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បាននិយាយថាសហរដ្ឋអាម៉េរិកកំពុងសម្លឹងមើលការហាមឃាត់កម្មវិធីបណ្តាញសង្គមចិនរួមទាំង TikTok ជុំវិញការចោទប្រកាន់ថារបបក្រុងប៉េកាំងកំពុងប្រើពួកវាដើម្បីស៊ើបការណ៍លើអ្នកប្រើប្រាស់។

ឥណ្ឌាបានហាមឃាត់កម្មវិធី TikTok ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងនេះរួចទៅហើយជុំវិញបញ្ហាកង្វល់សន្តិសុខនិងឯកជនភាព ខណៈដែលប្រទេសផ្សេងទៀតកំពុងពិចារណាចាត់វិធានការស្រដៀងគ្នានេះ។

នៅពេលសួរកាលពីថ្ងៃចន្ទទី៦កក្កដាដោយពិធីការិនី ឡូរ៉ា អ៊ីនហ្គ្រាហាំ របស់ទូរទស្សន៍ Fox News ថាតើសហរដ្ឋអាម៉េរិកគួរពិចារណាហាមឃាត់កម្មវិធីចិនដែរឬអត់ ជាពិសេសកម្មវិធី “TikTok” អ្នកការទូតកំពូលរបស់ប្រទេសនេះបាននិយាយថា រដ្ឋបាលត្រាំ “កំពុងយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង។ យើងច្បាស់ណាស់កំពុងពិនិត្យមើលវា”។

លោកផមផេវមុននេះបានពន្លះច្បាប់សន្តិសុខថ្មីរបស់ចិនដាក់លើហុងកុង​ដើម្បីត្រួតពិនិត្យតាមដានសកម្មជន សាលារៀន និងសេរីភាពរបស់ក្រុងនេះថាជា “ចំណាត់ការដ៏បំផ្លិចបំផ្លាញ”។

អាជ្ញាធរក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះក៏បានបញ្ជាឱ្យសាលាទាំងអស់យកសៀវភៅចេញមកទាំងអស់ដើម្បីឱ្យគេត្រួតពិនិត្យមើលនៅក្រោមច្បាប់ថ្មី ដែលដាក់ទោសព្រហ្មទណ្ឌដល់ការបញ្ចេញមតិដូចជា ការអំពាវនាវទាមទារឯករាជ្យឬស្វ័យភាពច្រើនជាងមុន៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ