ខិត្តប័ណ្ណ​ជាច្រើន​សន្លឹករិះគន់​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័ត្ន ​មេ​ប៉ុស្តិ៍​សិត្បូ

391
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/កណ្តាលៈ​​ខិ​ត្ត​ប័​ណ្ឌ​ជាច្រើន​សន្លឹក​អនាមឹកត្រូវបាន​បោះចោល​ពាសវាល​ពាសកាល​ពេញ​ផ្លូវ​២១A ពី​ភូមិ​សិត្បូ​ដល់​ភូមិ​ព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅកាលពី​យប់​ថ្ងៃទី​៦ ខែកក្កដា ដោយបាន​រិះគន់លើការងាររបស់​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័ត្ន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សិត្បូ ។​
ឆ្លើយតបនឹងការរិះគន់នេះលោក​វរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅបានប្រាប់អ្នកកាសែតកាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា នេះ ថា លោក​នឹង​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បី​ស៊ើបអង្កេត​ករណីនេះ តើ​លោ​កមេ​ប៉ុស្តិ៍​សិត្បូ មាន​បញ្ហា​ដូច​ការចោទប្រកាន់​ដែរឬទេ ? ។​
ក្នុង​ខិត្តប័ណ្ណ​ជាច្រើន​សន្លឹក សរសេរដោយដៃបាន​រៀបរាប់ពីចំណុចអវជ្ជមានរបស់​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័ត្ន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សិត្បូ ជាច្រើន​ចំណុច​ដូចជា ៖
-​មេ​ប៉ុស្តិ៍​សង្កាត់​សិត្បូ មិនសូវ​យកចិត្តទុកដាក់​ជាមួយ​ប្រជាជន ។​
-​មិនសូវ​មក​កន្លែងធ្វើការ បើ​ចង់​ប្តឹង​ទាល់តែ​ណាត់​មុន​សិន ។​
-​មិនចេះ​ដឹកនាំ​កូនចៅ​ធ្វើការ ។ កូនចៅ​បែងចែក​បក្ខពួក​គ្មាន​ការសហការ​គ្នា ធ្វើអោយ​ប្រជាជន​លំបាក​ក្នុងការ​សាកសួរ​ព័ត៌មាន ព្រោះ​មួយ​រុញ​ទៅមួយ ។​
-​ពេល​ប្រជាជន​មានរឿង​ខ​ល​មិនដែល​លើក ថ្នាំញៀន​រីក​រាលដាល​ស្ទើរ​ពេញ​ភូមិ ចោរ​គាស់​ផ្ទះ លួច​លុយ​មាសប្រាក់ គាស់​កុដិ​លោក ក៏​មិន​ខ្វល់ ។​
-​ចូលចិត្ត​ដោះស្រាយ​រឿង​ថ្នាំញៀន​ក្រៅ​ប្រព័ន្ធ ចាប់យក​លុយ​ហើយ​លែង​វិញ ។​
-​ម៉ូតូ​បាត់​រាប់​ភ្លេច អសមត្ថភាព រហូតដល់​បាត់​ម៉ូតូ ប្រជាជន​លែង​ប្តឹង ។​
-​កាន់តែ​ហួសចិត្ត​នោះ គឺ ដើរ​យកលុយ​ពី​វង់ល្បែង​មិន​ញញើត​ដៃ ។​
-​ទទួល​បណ្តឹង​រើសមុខ ចូលចិត្ត​ដើររក​តែ​កន្លែង​ស៊ីផឹក ។ ប្រជាជន​មិន​ពេញចិត្ត​ស្ទើរ​ពេញ​សង្កាត់ ។​
​ចុងក្រោយ​មានការ​ចោទប្រកាន់ ធ្ងន់ៗ​ថា «​និយាយ​តែ​រឿង​លុយ មេ​ប៉ុស្តិ៍​មុខលុយ សូម​ថ្នាក់លើ​ជួយ​ដក​មេ​ប៉ុស្តិ៍​… ចេញពី​សង្កាត់​សិត្បូ ទៅ​» ៕​សរន