មេដឹកនាំ​ក្រុង​ហុងកុង​ថា ច្បាប់​សន្តិសុខ​ហុងកុង​មិនមែន​ជាក្តី​អន្តរាយ​និង​ភាព​អាប់អួរ​នោះទេ​

197
ចែករម្លែក

​មេដឹកនាំ​ក្រុង​ហុងកុង​លោកស្រី​ការី ឡាំ​( Carrie Lam )​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថ្ងៃទី​០៧ ខែកក្កដា​ថា​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង​ដែល​ត្រូវបាន​ដាក់​ប្រើ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​​សប្តាហ៍​មុន​នោះ គឺ​មិនមែន​ជា​សេចក្តី​អន្តរាយ​និង​ភាព​អាប់អួរ​សម្រាប់​ទីក្រុង​នេះ​ទេ​។​

​លោកស្រី​បន្ថែមថា វា​មិន​ពិត​ដែល​ថា លោកស្រី​ត្រូវបាន​ប្រាប់​ឱ្យ​លាក់បាំង​សេ​ក្តី​លំ​ម្អិ​តនៃ​ច្បាប់​នេះ​នៅ​មុន​ពេល​វា​ត្រូវ​បាន​ប្រកាស​នោះ​។​

​ច្បាប់​សន្តិសុខ​នេះ ដាក់ទណ្ឌកម្ម​ចំពោះ​អ្វី​ដែល​ចិន​បាន​ពណ៌នា​យ៉ាង​ទូលំទូលាយ ដូចជា​ការធ្វើ​អបគមន៍ ការ​ធ្វើ​វិទ្ធង្សនា អំពើ​ភេរវកម្ម​និង​ការឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ដោយ​ប្រឈម​នឹង​ទោស​​ជាប់គុក​មួយជីវិត​។​

​ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​ភ្លាម​មុន​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អង្គារ​ទី​ថ្ងៃទី ៣០ ខែមិថុនា ដោយ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ប្រហែល ១០ នាក់​ចំពោះ​បទល្មើស​ពាក់ព័ន្ធ​នៅ​ថ្ងៃ​បន្ទាប់​នោះ​។​

​ដោយ​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី​ឡាំ បាន​និយាយថា​លោកស្រី​ដឹង​ព័ត៌មាន​លម្អិត​មួយចំនួន​នៃ​ច្បាប់​នេះ​នៅ​មុន​ពេល​វា​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ប៉ុន្តែ លោកស្រី​មិន​បាន​​ឃើញ​សេចក្តីព្រាង​ពេញលេញ​ទេ​។​

​លោកស្រី​បាន​និយាយថា ច្បាប់​នេះ​នឹង​ស្តារ​ស្ថានភាព​ហុងកុង​ទៅ​ជា​ទីក្រុង​មួយ​ដែល​មាន​សុវត្ថិភាព​បំផុត​នៅលើ​ពិភពលោក បន្ទាប់ពី​ពេល​ខ្លះ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុង​នេះ​បង្ក​អំពើហិង្សា​​ដូច​កាលពី​ឆ្នាំមុន​។​

​លោកស្រី​បាន​និយាយថា ” បើ​ប្រៀបធៀប​ជាមួយ​នឹង​ច្បាប់ សន្តិសុខ​ជាតិ​របស់​ប្រទេស​ដទៃ​ទៀត វា​គឺជា​ច្បាប់​ដែល​ស្រាល​ជាង​។​វិសាលភាព​របស់​វា​មិន​មាន​ទំហំ​ធំ​ទូលាយ ដូច​នៅ​ប្រទេស​ផ្សេងៗ​ទៀត ហើយ​​សូម្បី​ច្បាប់​នៅ​ប្រទេស​ចិន​ក៏​ដោយ​” ។​

​ច្បាប់​នេះ​ត្រូវ​បាន​រិះគន់​ពី​ប្រជាជាតិ​នានា​ជាច្រើន​ដូចជា​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​សិទ្ធិ​មនុស្ស​ចំពោះ​ការរំលោភ​លើ​សេរីភាព​ដែល​ត្រូវបាន​ធានា​នៅ​ក្រោម​រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​២ »​ដែល​ចិន​បាន​ឯកភាព​ជាមួយ​អង់គ្លេស​នៅពេល​វា​ត្រូវបាន​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ ១៩៩៧៕​ប្រែ​សម្រួល​៖​សុខា​/sn

​លោកស្រី​ឡាំ និយាយថា ច្បាប់​សន្តិសុខ​ហុងកុង ធូរស្រាល​ជាង​ច្បាប់​សន្តិសុខ​នៃ​ប្រទេស​ដទៃ ហើយ​លោក​ស្រី​នឹង​អនុវត្ត​វា​យ៉ាង​ស្វាហាប់​