តារាចម្រៀង K-pop សញ្ជាតិអូស្ត្រាលី នាងរ៉ូស បំបែកឯតទគ្គកម្មពិភពលោកហ្គីណេសជាច្រើនជាមួយក្រុមចម្រៀងស្រី Blackpink

251
ចែករម្លែក

តារាចម្រៀង K-pop សញ្ជាតិអូស្ត្រាលីមួយរូបបានបំបែកឯតទគ្គកម្មពិភពលោកហ្គីណេសជាច្រើន។

នាង រ៉ូស៊នណេ “រ៉ូស” ផាក ដែលជាសមាជិកក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink បានចូលក្នុងសៀវភៅឯតទគ្គកម្មពិភពលោកដោយសារភាពជោគជ័យនៃអាល់ប៊ុមចម្រៀងថ្មីរបស់ក្រុមនេះចំណងជើងថា How You Like That។

បទចម្រៀងវីដេអូសម្រាប់បទនេះមានអ្នកចុចមើល ៨៦,៣ លានដងនៅថ្ងៃទីមួយលើ YouTube ដោយធ្វើឱ្យវាក្លាយជាវីដេអូមានអ្នកចុចមើលច្រើនបំផុតនៅលើវេបសាយវីដេអូនេះក្នុងរយៈពេល២៤ម៉ោង។

វាក៏ជាវីដេអូចម្រៀងលើ YouTube ដែលគេមើលច្រើនបំផុតក្នុងពេល២៤ម៉ោង និងជាវីដេអូចម្រៀង K-pop ដែលគេមើលច្រើនបំផុតលើ YouTube ក្នុងរយៈពេល២៤ម៉ោងផងដែរ។

ឯតទគ្គកម្មទាំង៣នេះពីមុនគឺកាន់កាប់ដោយក្រុមចម្រៀងប្រុសកូរ៉េខាងត្បូង BTS ជាមួយអាល់ប៊ុមចម្រៀង Boy With Luv ដែលមានតារាចម្រៀងស្រីអាម៉េរិក នាង ហ៊ែលស៊ី។

ម្ចាស់ឯតទគ្គកម្មមុនៗផ្សេងទៀតរួមមាន បទ Thank U Next របស់នាង អារីយ៉ាណា ហ្គ្រេន និងបទ Look What You Made Me Do របស់នាងថាយល័រ ស្វីហ្វ។

បទ How You Like That របស់ក្រុម Blackpink មានភាពជោគជ័យយ៉ាងសម្បើមចាប់តាំងពីវាបានបញ្ចេញតាំងពីខែមុន។

បទនេះឈរលើកំពូលតារាង iTunes នៅក្នុងប្រទេសជាង ៦០ រួមទាំងសហរដ្ឋអាម៉េរិក និងមានអ្នកមើលជាង ២០០ លានដងនៅលើ YouTube។

ត្បិតក្រុមចម្រៀង Blackpink ជារបស់កូរ៉េខាងត្បូង តែនាងរ៉ូសបានកើតនៅនូវែលសេឡង់ និងធំដឹងក្តីនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលី។

នាងនៅជាសិស្សវិទ្យាល័យខេនធឺបឺរីហ្គើលក្នុងប្រទេសអូស្ត្រាលី នៅពេលនាងជាប់ក្នុងការសាកល្បងសំឡេងឱ្យផលិតកម្ម YG Entertainment។

បន្ទាប់មកនាងបានផ្លាស់ទីលំនៅទៅនៅទីក្រុងសេអ៊ូលវិញ កន្លែងដែលនាងចាប់អាជីពច្រៀង រាំ និងរៀនភាសាបរទេសជាច្រើនឆ្នាំ មុនពេលបង្ហាញខ្លួនក្នុងក្រុម Blackpink ក្នុងឆ្នាំ ២០១៦។

ក្រុមចម្រៀងនេះកំពុងធ្វើការងារលើអាល់ប៊ុលពេញលេញថ្មីមួយ ដែលនឹងបញ្ចេញនៅចុងឆ្នាំនេះ៕ ដោយ៖ កញ្ញាដាលីស

នាងរ៉ូសបំបែកឯតទគ្គកម្ម៣ជាមួយក្រុម Blackpink