សមាគម និង មន្ត្រី​រដ្ឋាភិបាលៈ ឱកាស​មាស​កំពុង​នៅក្នុង​ដៃ​កសិករ​ចិញ្ចឹម​ជ្រូក កម្ពុជា

90
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា បានលើកឡើង​អំពី​ឱកាស ដ៏​ល្អ​ពុំ​ធ្លាប់មាន​សម្រាប់​កសិករ កម្ពុជា ក្នុងការ​ពង្រីក និង ទទួលបាន​ផលចំណេញ​យ៉ាង​មាន​សុខុមាលភាព​ពី​ការចិញ្ចឹម​ជ្រូក ថា ដោយសារ ជ្រូក​វៀតណាម មិន​ងាយ​នឹងមាន​ឥទ្ធិពល​មកលើ​តម្លៃ ជ្រូក កម្ពុជា ទេ ! ចំណែក​រាជរដ្ឋាភិបាល កម្ពុជា ក៏បាន​គ្រប់គ្រង​ចំនួន​ជ្រូក​ដែល​ត្រូវការ​នាំចូល​ពី​ប្រទេស ថៃ យ៉ាង​ម៉ឺងម៉ាត់ ដែល​អាចឱ្យ​យើង​ទទួលយកបាន និង អាច​ទុកចិត្តបាន ហើយ​ថែមទាំង​បាន​បញ្ចេញ​ថវិកា ៥០ លាន​ដុល្លារ ( ដែលជា​កញ្ចប់​ថវិកា​ដំ​បូ​ង ) តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង កសិកម្ម សម្រាប់​ជួយ​ដល់​កសិករ​ទូទាំងប្រទេស សម្រាប់​ចិញ្ចឹមសត្វ​ទៀតផង !

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ( រូបៈ មេសា )


​លោក ស្រ៊ុន ពៅ ថ្លែង​ប្រកបដោយ​សុទ្ធិ​ដ្ឋិ​និយម និង ដោយ​ភាពប្រាកដប្រជា​បែបនេះ តាមរយៈ​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ រស្មី​កម្ពុជា នា​ថ្ងៃទី ០៧ ខែ ក្កដា ឆ្នាំ ២០២០ នេះ ។​


​សូមជម្រាបថា បន្ទាប់ពី​ជ្រូក វៀតណាម ត្រូវបាន​បំផ្លិចបំផ្លាញ​បង្ហិនបង្ហោច​ដោយសារ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កាលពី​ឆ្នាំទៅ​ម៉ិ​ញ មក ធ្វើឱ្យ វៀតណាម ខ្វះ​ជ្រូក​យ៉ាងច្រើន​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក ក៏​បង្ខំ​ឱ្យ វៀតណាម ត្រូវ​ការនាំ​ជ្រូក​ចូល​ពី​ប្រទេស ថៃ ច្រើនជាង កម្ពុជា ធ្វើឱ្យ​តម្លៃ​ជ្រូក​នៅក្នុង​ប្រទេស វៀតណាម ថ្លៃ​ជាង​ជ្រូក​នៅ កម្ពុជា ( ស្ថានភាព​បែបនេះ មិន​ធ្លាប់​កើតមាន​ទេ​ពីមុនមក គឺមាន​តែ ជ្រូក នៅ វៀតណាម ថោក​ជាង​ជ្រូក​នៅ កម្ពុជា ទើប​ឈ្មួញ​នាំ​ជ្រូក​ចូល​ពី វៀតណាម មក​លក់​នៅ កម្ពុជា ក្នុងតម្លៃ​ថោក​ជាង​ជ្រូក​នៅ កម្ពុជា ធ្វើឱ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ កម្ពុជា ស្ទើរតែ​សាបសូន្យ ខណៈ​កសិករ​ខ្លះ​ខ្ស័យធន ខាតចុងខាតដើម ថែមទាំង​ជំពាក់​បំណុល​ធនាគារ​ទៀតផង ) ដែល​បច្ចុប្បន្ន នៅ វៀតណាម ជ្រូក​រស់ ១ គីឡូក្រាម​តម្លៃ ១៧ ០០០ រៀល ទៅ ១៨ ០០០ រៀល គឺជា​តម្លៃ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ខណៈ​នៅ កម្ពុជា តម្លៃ​ពី ១២ ០០០ រៀល ទៅ ១៣ ០០០ ( ជាត​ម្លៃ​ដែល​កសិករ​អាច​ទទួល​បាន​ផលចំណេញ​សមរម្យ ) រៀល ប៉ុណ្ណោះ ហើយ​ត្រូវបាន​មើលឃើញថា ក្នុង​រយៈពេល​យ៉ាងហោចណាស់ ១ ទៅ ២ ឆ្នាំ​ទៅមុខទៀត ក៏ វៀតណាម មិនទាន់មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បានដែរ ។


​ម្យ៉ាងទៀត​ដោយហេតុថា ការនាំ ជ្រូក​ពូជ និង កូនជ្រូក ពី​ប្រទេស ថៃ សម្រាប់​យកទៅ​ចិញ្ចឹម​នៅ​ប្រទេស វៀតណាម ដែលជា​មធ្យោបាយ​មួយ​ធ្វើឱ្យ វៀតណាម ឆាប់​មាន​សមត្ថភាព​ផ្នែក​ផ្គត់ផ្គង់​ជ្រូក​ឡើងវិញ នៅពេល​ត្រូវ​ឆ្លងកាត់​ប្រទេស កម្ពុជា ក៏​ត្រូវបាន​មើលឃើញថា មិន​ងាយស្រួល​ឆ្លងកាត់​ប៉ុន្មាន​ដែរ ព្រោះ​ត្រូវបាន​អាជ្ញាធរ កម្ពុជា អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ច្បាស់លាស់ ដើម្បី ធានា​សុវត្ថិភាព​សត្វ​នៅ កម្ពុជា ដែល​ប្រការនេះ​មិនអាច​បកស្រាយ​ថា ជាការ​បំពារបំពាន​លើក​លក្ខន្តិកៈ​ពាណិជ្ជកម្ម​ក្រម​ខណ្ឌ អាស៊ាន ឡើយ ដែល​បានសេចក្តីថា វៀតណាម ពិតជា​មិន​ងាយ​នឹង​សមត្ថភាព​នាំ​ជ្រូក​ចូលមក​គំរាមកំហែង​ដល់​តម្លៃ​ជ្រូក កម្ពុជា ទៀត​ទេ ។ ដូច្នេះ អ្វីៗ​កំពុងស្ថិត​នៅក្នុង​ដៃ កម្ពុជា ខ្លួនឯង ហើយ​បានសេចក្តីថា វា​ពិតជា​ឱកាសល្អ​បំផុត​មួយ ឬ ជា​ឱកាស​មាស សម្រាប់​កសិករ កម្ពុជា ក្នុងការ​ពង្រីក និង ទទួលបាន​ផលចំណេញ​ពី​ការចិញ្ចឹម​ជ្រូក​របស់ខ្លួន ។​


​ប៉ុន្តែ​លោក ស្រ៊ុន ពៅ បែរជា​បារម្ភ​ថា ជ្រូក​នៅ កម្ពុជា ( ក៏ដូចជា​នៅ វៀតណាម ) អាច​នឹង​នៅ​បន្ត​ឡើងថ្លៃ​បន្ថែមទៀត ដ៏​រាប​ណា កម្ពុជា មិនទាន់​អាច​ចិញ្ចឹម​ជ្រូក​ឱ្យ​គ្រប់​តាម​តម្រូវការ​ក្នុងស្រុក ហើយ​នៅពេល​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ បាន​ធូរស្រាល​នោះ វា​ប្រាកដ​ណាស់​ថា ជ្រូក នឹង​កាន់តែ​ឡើងថ្លៃ​ថែមទៀត ព្រោះថា​ជំងឺ​កូ​វីដ ១៩ បានធ្វើឱ្យ​ពិភពលោក ខ្វះ​ស្បៀងអាហារ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​រួចទៅហើយ ។ ហេតុនេះ លោក ស្រ៊ុន ពៅ ពន្យល់ថា ប្រសិនបើ កម្ពុជា អាច​ចិញ្ចឹម​ជ្រូក​គ្រប់គ្រាន់​តម្រូវការ​ក្នុងស្រុក​នោះ វា​អាចជួយ​ធ្វើឱ្យ​តម្លៃ​ជ្រូក​នៅ​កម្ពុជា មាន​លំនឹង ដែលជា​ប្រយោជន៍​ដល់​កសិករ​ផង ដល់​អ្នក​បរិភោគ​ផង ។​


​បច្ចុប្បន្ន ក្នុង ១ ថ្ងៃ កម្ពុជា ត្រូវការ​ជ្រូក​ប្រមាណ​ជា ៧ ០០០ ក្បាល ខណៈ ជ្រូក ដែល​ចិញ្ចឹម ក្នុងស្រុក បានត្រឹមតែ​ប្រមាណ​ជា ៥ ០០០ ក្បាល​ប៉ុណ្ណោះ ទើប​ក្នុង ១ ថ្ងៃ កម្ពុជា ត្រូវ​នាំ​ជ្រូក​ចូល​ពី​ប្រទេស ថៃ ប្រមាណ​ជា ២ ០០០ ក្បាល ។


​ប៉ុន្តែ​ចំនួន​ជ្រូក​នាំចូល​ពី​ប្រទេស ថៃ នេះ ត្រូវបាន​ប្រែប្រួល​ទៅតាម​ស្ថានភាព​ជាក់ស្តែង ពោលគឺ​នឹង​កាត់បន្ថយ​ភ្លាម នៅ​ថ្ងៃ​ណា​ដែល​ចំនួន​ជ្រូក​ក្នុងស្រុក​កើនឡើង ហើយ​ធ្វើបែបនេះ គឺ ដើម្បី កុំឱ្យ​ជ្រូក​នាំចូល​ពី​ក្រៅប្រទេស ដែលមាន​តម្លៃថោក​ជាង​ជ្រូក​ក្នុងស្រុក​បន្តិច ( ដោយសារ​ថ្លៃដើម​ចិញ្ចឹម​របស់​ពួកគេ ថោក​ជាង​នៅ ក​ម្ព​ជា ព្រោះ​ចំណី វ៉ាក់សាំង និង អគ្គិសនី របស់គេ ថោក​ជាង​នៅ កម្ពុជា ) អាច​ចូលមក​អុកឡុក​ជ្រូក​ដែល​ចិញ្ចឹម​ក្នុងស្រុក ដែលជា​ហេតុ​ធ្វើឱ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​រងគ្រោះ​ជា​ញឹកញាប់ ។
​ប៉ុន្តែ​ចំនួន​ជ្រូក​នាំចូល​ខាងលើនេះ នឹង​បន្ថែមចំនួន​ភ្លាម នៅ​ថ្ងៃ​ណា​ដែល​ជ្រូក​ក្នុងស្រុក​ថយចុះ ដែល​ធ្វើបែបនេះ ដើម្បី កុំឱ្យ​សាច់ជ្រូក​ឡើងថ្លៃ ធ្វើឱ្យប៉ះពាល់​អ្នក​ប្រកបមុខរបរ​ពាក់ព័ន្ធ​នឹង​ជ្រូក​ផង និង អ្នក​បរិភោគ​ផង ។​


​វិធី​នេះ​ជា​អ្វីដែល​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ ហៅថា​គឺជា​វិធីសាស្ត្រ ដើម្បី កាត់បន្ថយ​ការនាំ​ជ្រូក​ចូល​ពី​ក្រៅប្រទេស និង បង្កើន​ការចិញ្ចឹម​ក្នុងស្រុក តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជណាចក្រ កម្ពុជា ហើយ​វិធានការ​ទាំងនេះ ត្រូវបាន​មើលឃើញថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តាមរយៈ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង យ៉ាង​ខ្ជាប់ខ្ជួន យ៉ាងហោចណាស់ ក៏​ជាង​កន្លះ​ឆ្នាំ​មកហើយ​ដែរ ដែលជា​លទ្ធផល ធ្វើឱ្យ​វិស័យ​ចិ​ញ្ច​ជ្រូក​នៅ កម្ពុជា កំពុងមាន​សម្ទុះ​យ៉ាងខ្លាំង ។ ទោះយ៉ាងណា សម្ទុះ​នេះ ត្រូវបាន​លោក ស្រ៊ុន ពៅ អះអាងថា កម្ពុជា នៅតែ​ត្រូវការ​ជ្រូក​ច្រើន​ថែមទៀត ។


​គឺ​ដោយសារ​កត្តា​ដូចខាងលើ​នេះ​ជាដើម​ហើយ ទើប​នៅក្នុង​ជំនួប​ជាមួយ​កសិករ​នៅឯ​ខេត្ត កំពត កាលពី​សប្តាហ៍​មុន ក៏ដូចជា​ការជួប​ជាមួយ​កសិករ​នៅ​ខេត្ត សៀមរាប កាលពី​ចុងខែ ឧសភា ឆ្នាំ ២០២០ នេះ លោក តាន់ ផាន់​ណា​រ៉ា បាន​ធានា​អះអាងថា ជ្រូក​នៅ កម្ពុជា នឹងមិន​ធ្លាក់​ថ្លៃ​ឡើយ ។

លោក តាន់ ផាន់​ណា​រ៉ា នាឱកាស​ជួប​ជាមួយ​កសិករ​ចិញ្ចឹមសត្វ​នៅ​ខេត្ត កំពត កាលពី​សប្តាហ៍​មុន ( រូបៈ មេសា )
កសិករ​ចិញ្ចឹមសត្វ​នៅ​ខេត្ត កំពត ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ កាលពី​សប្តាហ៍​មុន ( រូបៈ មេសា )

​ប៉ុន្តែ​អ្វី​ដែលជា​ក្តីបារម្ភ​របស់ មន្ត្រី​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា សរសើរ​ជា​ញឹកញាប់​ថា​ជាម​ន្ត្រី សកម្ម និង ម៉ឺងម៉ាត់ ចំពោះ​ការងារ រូបនេះ គឺ​សុវត្ថិភាព​ជ្រូក ពោលគឺ​លោក តាន់ ផាន់​ណា​រ៉ា បាន​ផ្តាំផ្ញើ​ដដែល​ជាដ​ដែលថា សូមឱ្យ​កសិករ​ប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់​គ្រប់​វិនាទី​ចំពោះ​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​វា​មិនទាន់បាន​ទៅណា​ឆ្ងាយ​ពី​កម្ពុជា នៅឡើយ​ទេ ជា​ពិ​សេ​នៅតាម​ទ្រុង ឬ កន្លែង​ចិញ្ចឹម​ជ្រូក ដែល​ធ្លាប់មាន​វត្តមាន​ជំងឺ​នេះ មុននឹង​ចាប់ផ្តើម​ចិញ្ចឹម​ឡើងវិញ ត្រូវមាន​ការព្រមព្រៀង​ពី​មន្ត្រី​ជំនាញ ពោលគឺ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីនោះ​ជាមុនសិន ព្រោះ​មេរោគ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក អាច​សម្ងំ​នៅក្នុង​ដី​នៃ ទ្រុង​ចិញ្ចឹម​ជ្រូក​នោះ រហូតដល់​ទៅ ៣០០ ថ្ងៃ ។


​លើសពីនេះ​ទៅ ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​ធ្វើ​ពី​សាច់ជ្រូក ដូចជា ហ​ត​ដក ជាដើម មិនត្រូវ​យកទៅ​បរិភោគ​ក្នុង​បរិវេណ​ចិញ្ចឹម​ជ្រូក​ទេ ហើយក​មិនត្រូវ​អនុញ្ញាតឱ្យ​អ្នកដទៃ​ចេញចូល​ទីនោះ​ផង ទាំង​មិនត្រូវ​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក​របស់​អ្នកដទៃ​ផងដែរ ពុំ​នោះទេ កសិករ អាច​នឹងរង​ការខាតបង់ ដោយសារតែ​ការផ្ទុះ​ឡើងវិញ ហើយ​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​នៅ​ប្រទេស វៀតណាម កំពុង​ជួប​បច្ចុប្បន្ននេះ​ទៀតផង ។​


​គប្បី​រំឭកថា ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក ន ត្រូវបាន​រកឃើញ​នៅ កម្ពុជា នៅ​ប៉ុន្មាន​ខេត្ត កាលពី​ឆ្នាំទៅ​ម៉ិ​ញ ដែល​វា ក៏បាន​ធ្វើឱ្យ​កម្ពុជា ខាតបង់​មិនតិច​តួច​ដែរ ប៉ុន្តែ​ជា​កុសល ដោយសារ​ចំណាត់ការ​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព ធ្វើឱ្យ​កម្ពុជា អាច​ទប់ស្កាត់​វា​បាន ពុំ​នោះទេ កម្ពុជា ពេលនេះ ក៏​ប្រហែលជា​មិន​ខុសពី វៀតណាម ដែរ ៕ Kh

ទាំង​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​សមាគម​អ្នក​ចិញ្ចឹមសត្វ សុទ្ធតែ​មើលឃើញថា ឱកាស​មាស​កំពុងស្ថិត​នៅក្នុង​ដៃ​កសិករ​ចិញ្ចឹម​ជ្រូក​នៅ កម្ពុជា ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )