ក្រសួងអប់រំឱ្យសាលាឯកជន រៀបចំប្រឡងសញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ ទុតិយភូមិ​និង ការប្រឡងបញ្ចប់ឆ្នាំ

188
ចែករម្លែក

ដោយៈដេប៉ូ/ភ្នំពេញ៖ដើម្បីពង្រឹងផ្នែកការសិក្សាក៏ដូចជាការប្រឡងរបស់សិស្សានុសិស្សប្រព្រឹត្តិទៅល្អប្រសើរនោះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាត​ឱ្យគ្រឹះស្ថានសិក្សាឯកជន អាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ  និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប និងគ្រឹះស្ថាន​ឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សា ចំនួនពីរថ្ងៃ។

បើយោងតាមលិខិតរបស់ក្រសួងអប់រំ ចុះថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា កន្លងមក ក្រសួង បានចេញសេចក្ដីណែនាំ ឲ្យគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត រៀបចំការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក។ក្រសួងបានលើកឡើងអំពីលទ្ធភាពអនុញ្ញាតឱ្យរៀបចំការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិកទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដារគុណភាពដែលអាចទទួលយកបាន។ក្រសួងនឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានាស្តង់ដាគុណភាពនេះ។ចំពោះគ្រឹះស្ថានសិក្សា ឯកជនណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង គ្រឹះស្ថានសិក្សានោះអាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនត្រូវចុះហត្ថលេខាដោយខ្លួនឯង។ក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ដើម្បីធានាគុណភាពនៃសញ្ញាបត្រ។

          លិខិតរបស់ក្រសួងអប់រំដដែលនេះបានបញ្ជាក់ថា ដោយសារតែតាមលក្ខណៈបច្ចេកទេសគ្រឹះស្ថានសិក្សាឯកជនមិនអាចរៀបចំប្រឡង ONLINEបានក្រសួងអប់រំយុវជននិងកីឡាសូមដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់ឱ្យគ្រឹះស្ថានសិក្សាឯកជនអនុវត្តនៅពេលរៀបចំការប្រឡងសញ្ញាបត្រនៅតាមគ្រឹះស្ថានរៀងៗខ្លួនចំនួន២ថ្ងៃដូចខាងក្រោម៖

១.ក្រសួងនឹងកែលម្អលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងដំណើរការប្រឡង ដោយរក្សាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅដដែល ដោយគ្រឹះស្ថានសិក្សាឯកជនជាអ្នកចេញសញ្ញាបត្រ ដោយក្រសួងនឹងទទួលស្គាល់និងដោយធ្វើអធិការកិច្ចប្រសិនបើចាំបាច់។

២.គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកក្រសួង ដើម្បីពិនិត្យនិងទទួលស្គាល់។

៣.គ្រឹះស្ថានឯកជនត្រូវរៀបចំបន្ទប់ប្រឡងមានចំណុះ ១០ទៅ១៥នាក់ក្នុង១បន្ទប់និងត្រូវធានា អនុវត្តវិធានការសុវត្តិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការ WHO៕dp