ឆមាស​ទី​១​គ្រោះថ្នាក់​ចរាចរណ៍​កាត់​បន្ថយ​អ្នកស្លាប់​១៧២​នាក់​-​របួស​៧៧៨​នាក់

215
ចែករម្លែក
សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០២០ នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​ថយចុះ​ចំនួន ៥៥២​លើក កាត់បន្ថយ​អ្នកស្លាប់​ចំនួន ១៧២​នាក់ និង​កាត់បន្ថយ​អ្នករបួស​ចំនួន ៧៧៨​នាក់ ។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។


​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា រយៈពេល​ប្រាំ​មួយខែ​ឆ្នាំនេះ តាមរយៈ​កិច្ចខិតខំ​ប្រឹប​ប្រែង​របស់​អនុគណៈកម្មការ​និង​អង្គភាព​ចំណុះ គ​.​ស​.​ច​.​គ ក៏ដូចជា​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ជម្រុញ​ចលនា​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ការ​រឹតបន្តឹង​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ ប​.​ក រួមទាំង​ការផ្សព្វផ្សាយ​អប់រំ បង្កើន​ការយល់ដឹង ដល់​អ្នកប្រើប្រាស់​ផ្លូវ​តាម​គ្រប់​រូបភាព​បានធ្វើ​ឲ្យ​ស្ថានភាព​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ មាន​ភាពល្អប្រសើរ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​២០១៩​។​


​ស​ម្តេច​បន្តថា​ជាក់ស្តែង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​ថយចុះ​ចំនួន​៥៥២​លើក ស្មើ​២៥​ភាគរយ (១.៦១៩/១.១៧១ លើក​) កាត់បន្ថយ​អ្នកស្លាប់​ចំនួន ១៧២​នាក់ ស្មើ ១៧​ភាគរយ (៨៦១/១.០៣៣ នាក់​) និង​កាត់បន្ថយ​អ្នករបួស​ចំនួន ៧៧៨​នាក់ ស្មើ ២៤​ភាគរយ​(២.៣៣៤ / ៣.១១៣ នាក់​)​។ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​តូច ដែលមាន​ភាព​អល់អែក​ក្នុងការ​ចូលរួម​អនុវត្ត​ច្បាប់​។ ផ្លាស់ប្តូរ​ឥរិយាបថ​ងាក​មក​ចូលរួម​អនុវត្ត​ច្បាប់​យ៉ាងច្រើន​កុះករ ដូចជា​កំណើន​នៃ​ការពាក់​មួកសុវត្ថិភាព ការពាក់​ខ្សែក្រវាត់​សុវត្ថិភាព ការគោរព​ល្បឿន​កំណត់ ការគោរព​ស្លាក​-​ភ្លើង​សញ្ញា​ចរាចរណ៍ ការកាត់បន្ថយ​ការនិយាយ​ទូរស័ព្ទ​ក្នុងពេល​បើកបរ​។ ជាពិសេស ការ​រួសរាន់​ក្នុង​ការយក​យានយន្ត ទៅ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស អញ្ជើញ​ទៅ​បំពេញបែបបទ​ប្តូរ ឬ​ធ្វើ​ប័ណ្ណ​អាជីវកម្ម ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់ យានយន្ត កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ ធ្វើ​ផ្លាកលេខ និង​បំពេញ​ឯកសារ​ផ្សេងៗ​ទៀត​តាម​នីតិវិធី សំដៅ បំពេញ​ភាពស្របច្បាប់​ក្នុងការ​ចរាចរណ៍​យានយន្ត​លើ​ដងផ្លូវ​។


​សម្តេច​ក្រឡាហោម​បន្តថា លទ្ធផល​ប្រកបដោយ​មោទនភាព​ដូច​ពោល​ខាងលើនេះ បាន​កើតឡើង​អាស្រ័យ​ដោយ​កិច្ច​ខិត ខំប្រឹងប្រែង​របស់​អនុគណៈកម្មការ និង​អង្គភាព​ទាំងអស់​ចំណុះ គ​.​ស​.​ច​.​គ រួមជាមួយ​នឹង មន្ត្រីនគរបាល ចរាចរណ៍ ព្រមទាំង​សមត្ថកិច្ច​នៃ​ស្ថាប័ន​ពាក់ព័ន្ធ បាន​បំពេញ​តួនាទី​របស់ខ្លួន​យ៉ាងសកម្ម ប្រកប ដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​សរន