ស្រូវចំនួន២៥៤ហិចតាក្នុងសង្កាត់បឹងធំនិង៤៥ហិចតាប្រទះឡាងត្រូវបានសង្គ្រោះដោយបូមទឹកដាក់បញ្ចូលស្រែជូនប្រជាពលរដ្ឋ

133
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ មកដល់ពេលនេះស្រូវចំនួន២៥៤ហិចតា ក្នុងសង្កាត់បឹងធំ និង៤៥ហិចតាប្រទះឡាង ត្រូវបានសង្គ្រោះដោយបូមទឹកដាក់បញ្ចូលស្រែជូនប្រជាពលរដ្ឋក្រោយលោកឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូលបានដឹកនាំក្រុមការងារ ចុះពិនិត្យនិងដាក់ម៉ាស៊ីនបូមទឹក ជួយសង្គ្រោះស្រូវ បងប្អូនប្រជាពលដ្ឋ ក្នុងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។

មន្ត្រីរដ្ឋបាលខណ្ឌកំបូលបានឱ្យដឹងថា៖ជាក់ស្ដែងដោយអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២០នេះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹក នៅភូមិដូនកុក សង្កាត់បឹងធំ និងស្ថានីយ៍បូមទឹកសម្តេចតេជោ ហ៊ុន សែន ទី៣៩ នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ដើម្បីបន្តបូមទឹកសង្គ្រោះសំណាបពង្រោះ ដែលកំពុងខ្វះខាតទឹក និងបានជួបសំណេះសំណាលជាមួយបងប្អូនអុំពូមីងជាប្រជាកសិករផងដែរ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌក៏បាននាំប្រេងម៉ាស៊ូត និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនសង្កាត់ទាំង២ ចាត់ចែងប្រើប្រាស់ជាប្រយោជន៍ក្នុងសង្កាត់ និងប្រជាពលរដ្ឋ៕/B