ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការអធិការដ្ឋាន នគរបាលស្រុកបាទី

254
ចែករម្លែក

ដោយ:វិបុល/តាកែវ ៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ។ ពិធីនេះដែរស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី រួមនឹង ការអញ្ជើញចូលរួមពីៈឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជាស្នងការរង នាយការិយាល័យពាក់ព័ន្ធ លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកនាយប៉ុស្តិ៍នគរបាល កម្លាំងប្រជាការពារ ភូមិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ។

លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី ដែលទើបទទួលបានការតែងតាំងតួនាទីថ្មី ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបង្ហាញការប្ដេជ្ញាចិត្តខិតខំយកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ចដែលថ្នាក់លើ ប្រគល់ជូនរួមមាន ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ គោរពនិងអនុវត្តយ៉ាងស្មោះត្រង់​តាមកម្មវិធី​នយោបាយរបស់រាជរដ្ឋា​ភិបាល លះបង់កម្លាំងកាយចិត្ត ដើម្បីការពារផលប្រយោជន៍​ជូនប្រជាពលរដ្ឋ ប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់និងដោយសច្ចៈយុត្តិធម៌ចំពោះមុខច្បាប់ បទបញ្ញត្តិ និងបទ​បញ្ជារបស់ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំង រក្សាអង្គភាពផ្ទៃក្នុង និងអង្គភាព​ពាក់ព័ន្ធ​ឱ្យបានល្អប្រសើរ។

មានមតិណែនាំក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក៏ជា លោកភួន ឈីម អភិបាលស្រុក បានសម្ដែងការលើកទឹកចិត្តខ្ពស់ ចំពោះការប្ដេជ្ញាចិត្ត របស់លោក អធិការថ្មី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគ​ជ័យ ពោលគឺក្នុងនាមនគរបាលក្នុង មូលដ្ឋាន ត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ជាពិសេស ធានាការពារឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយបន្ត អនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕/B