យោធាម្នាក់បានជួបគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង

247
ចែករម្លែក

ដោយៈរិទ្ធិសែន/ពោធិសាត់:បុរសជាយោធាម្នាក់ដែលធ្វើដំណើរតាមម៉ូតូបានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តដែលបើកច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីលាម៉ោង ជាង៨យប់ថ្ងៃទី៦កក្កដា២០២០ម្សិលមិញនៅលើកំណាត់ផ្លូវជាតិលេខ 55 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 88 និង 89 ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ។

យោធាម្នាក់បានជួបគ្រោះថ្នាក់ចរាចរបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង

អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង  បានឲ្យដឹងថាជនរងគ្រោះឈ្មោះវង្សវុទ្ធី អាយុ 40 ឆ្នាំមានមុខរបរជាយោធាស្នាក់នៅក្នុងបន្ទាយលេខ 552 នៃខេត្តប៉ៃលិន ។ជនរងគ្រោះបានជិះម៉ូតូពេលត្រឡប់មកលេងឪពុកម្ដាយនៅឃុំថ្មដាស្រុកវាលវែងដោយម៉ូតូហុងដាZOOMERXពណ៌លឿងពាក់ផ្លាកលេខបាត់ដំបង1AD2461។ចំណែករថយន្តកាមរីពណ៌ខៀវពាក់ផ្លាកលេខប៉ៃលិន2A0737បើកបរដោយឈ្មោះឡុង់ចំរើន ភេទប្រុសអាយុ 31 ឆ្នាំរស់នៅភូមិសំរោងឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនដល់ក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ។

វត្ថុតាងម៉ូតូនិងរថយន្តត្រូវបានមន្ត្រីជំនាញសណ្ដាប់ធ្នាប់យកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលស្រុកវាលវែងរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ជនបង្កបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៕សរន