រុស្ស៊ីនិងចិនបោះឆ្នោតវេតូលើការបន្លាយពេលផ្តល់ជំនួយអន្ដរជាតិឆ្លងកាត់ព្រំដែនរបស់អ.ស.បនៅក្នុងប្រទេសស៊ីរី

171
ចែករម្លែក

រុស្ស៊ីនិងចិនកាលពីថ្ងៃអង្គារទី៧កក្កដាបានបោះឆ្នោតវេតូលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងផ្តល់ការអនុញ្ញាតបន្លាយពេលវេលាសម្រាប់ជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសស៊ីរីពេញមួយឆ្នាំ។

អាល្លឺម៉ង់និងបែលហ្ស៊ិកជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សា បានព្រាងសេចក្តីសម្រេចចិត្តនេះ ដែលនឹងអនុញ្ញាតឱ្យមានជំនួយបន្តឆ្លងកាត់ពីរចំណុចនៅតាមព្រំដែនតួកគីដោយគ្មានការជ្រៀតជ្រែកពីរបបក្រុងដាម៉ាស។

ក្រុមអ្នកការទូតបាននិយាយថា ក្រៅពីរុស្ស៊ីនិងចិន សមាជិកក្រុមប្រឹក្សាចំនួន ១៣ ផ្សេងទៀតបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងនេះ។

ពួកគេបាននិយាយថាក្នុងអំឡុងពេលចរចា របបក្រុងមូស្គូបានលើកឡើងថា ការពន្យារពេលគួរត្រូវកំណត់ត្រឹម ៦ ខែជាជាងមួយឆ្នាំ ហើយថាការដឹកជំនួយនឹងត្រូវអនុញ្ញាតនៅច្រកព្រំដែនតែមួយប៉ុណ្ណោះ មិនមែនពីរទេ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ.ស.បលោក គ្រីស្តូប ហ៊ូសហ្គិន ប្រធានស្តីទីនៃស្ថាប័ននេះកាលពីខែកក្កដា បានបញ្ជាក់នៅក្នុងលិខិតទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខថា “សេចក្តីសម្រេចចិត្តព្រាងមិនត្រូវបានអនុម័តទេ”។

ភ្លាមបន្ទាប់ពីការបោះឆ្នោតវ៉េតូ រុស្ស៊ីបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តផ្ទាល់ខ្លួន ដែលមានលក្ខខណ្ឌពេញចិត្តជាងមុន។

សេចក្តីព្រាងរបស់រុស្ស៊ីដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AFP បានគូសបញ្ជាក់អំពីការធ្វើឱ្យប្រសើរឡើងនូវការផ្តល់ជំនួយមនុស្សធម៌ក្រោមការគ្រប់គ្រងរបស់របបស៊ីរីនិងមិនរាប់បញ្ចូលច្រកចូលមួយក្នុងចំណោមច្រកចូលពីរចំណុចទៅក្នុងប្រទេសស៊ីរី គឺច្រកព្រំដែន បាបអាល់សាឡាម ពីយន្តការនេះ។

លទ្ធផលនៃការបោះឆ្នោតលើសេចក្តីសម្រេចចិត្តនេះនឹងដឹងនៅថ្ងៃពុធទី៨កក្កដានេះ៕ ដោយ៖ កញ្ញាដាលីស

អ្នកស្ម័គ្រចិត្តកំពុងចែកចាយជំនួយដល់អ្នកភៀសខ្លួនស៊ីរីនៅទីក្រុងព្រំដែន ឌាអាល់បាល់លូត នៃខេត្តអាឡេបប៉ូ កាលពីថ្ងៃទី១៤មេសា ២០២០