រដ្ឋតិចសាស់បញ្ជាក់ករណីឆ្លងវីរុសកូរ៉ូណាជាង ១០.០០០ ករណី ក្នុងពេលតែមួយថ្ងៃ

196
ចែករម្លែក

រដ្ឋតិចសាស់មានករណីឆ្លងវីរុសកូរ៉ូណាកើនដល់ខ្ទង់ ១០.០០០ ករណី ក្នុងពេលតែមួយថ្ងៃកាលពីថ្ងៃអង្គារទី៧កក្កដា ជាលើកដំបូង ដែលជាព្រឹត្តការណ៍ ដ៏កម្រឃើញចាប់តាំងពីជំងឺរាតត្បាតនេះកើតឡើងលើកដំបូងនៅសហរដ្ឋអាម៉េរិក កាលពីខែមីនា។

អត្រាឆ្លងខ្ពស់រហូតដល់ ១០.០២៨ ករណី នៅរដ្ឋតិចសាស់អាចយកមកប្រើធ្វើជា វិធានការ ព្រមានថ្មីមួយទៀតអំពីការងើបឡើងវិញយ៉ាងលឿននៃកូវីដ១៩ នៅទូទាំងប្រទេសនិងបរាជ័យនៃការឆ្លើយតបរបស់ប្រទេស។ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាប់បុត ដែលមកពីបក្សសាធារណរដ្ឋ បានចាប់ផ្តើមបើកទ្វាររដ្ឋវិញ យ៉ាងលឿនបំផុតនៅអាម៉េរិកកាលពីខែឧសភា ប៉ុន្តែបានចាប់ផ្តើមបិទរដ្ឋឡើងវិញ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបញ្ជាឱ្យបិទបារទាំងអស់និងត្រូវពាក់ម៉ាស់ ជាចាំបាច់។

រដ្ឋញូវយ៉កនិងរដ្ឋផ្លរីដាគឺជារដ្ឋដទៃទៀតតែមួយគត់ដែលបានកត់ត្រាករណីឆ្លងថ្មីជាង ១០.០០០ ករណីក្នុងមួយថ្ងៃ។ រដ្ឋញូវយ៉កបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកាលពីខែ មេសា នៅពេលដែលមន្ទីរពេទ្យទីក្រុងញូវយ៉កចាល់ដោយអ្នកជំងឺនិងមនុស្ស រាប់រយនាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ រដ្ឋផ្លរីដាមានករណីឆ្លងឡើងដល់ខ្ទង់ ១០.០០០ នាក់កាលពីសប្តាហ៍មុន។

ចំនួនឆ្លងច្រើនបំផុតនៅរដ្ឋតិចសាស់ឆ្លុះបញ្ចាំងអំពីការយឺតយ៉ាវនៃការចេញលទ្ធផលនៃការធ្វើតេស្តរកកូវីដកាលពីទិវាឯករាជ្យ ៤ កក្កដា ចុងសប្តាហ៍ នៅពេលដែលករណី ឆ្លងថ្មីដែលបានរាយការណ៍មានតិចជាងអ្វីដែលរដ្ឋតិចសាស់បានឃើញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប៉ុន្តែលោកអាប់បុត បាននិយាយថា ចំនួននេះនៅតែជា “កណ្តឹងរោទ៍ព្រមានសម្រាប់មនុស្សគ្រប់គ្នា” ដែលមានការងឿងឆ្ងល់ថាតើវីរុសនេះ ជាការគំរាមកំហែងឬយ៉ាងណា។

លោកអាប់បុតបានប្រាប់ស្ថានីយទូរទស្សន៍ KENS ថា “យើងមានការរីករាលដាល យ៉ាងឆាប់រហ័សនៃកូវីដ១៩ នៅក្នុងរដ្ឋតិចសាស់ឥឡូវនេះ”៕ ដោយ៖ កញ្ញាដាលីស/Ha

បុគ្គលិកពេទ្យកំពុងធ្វើតេស្តអ្នកដំណើរនៅទីក្រុងសាន់អង់តូនីញ៉ូនៅរដ្ឋតិចសាស់កាលពីថ្ងៃទី៧កក្កដា