ខេត្តពោធិ៍សាត់​មាន​អាង​ស្តុក​ទឹក​ដល់​រាប់ពាន់​លាន​ម៉ែត្រគុប​ក្នុង​ឆ្នាំ​ខាងមុខ​

260
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​បញ្ហា​ទឹក​សម្រាប់​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​នៅក្នុង​ខេត្តពោធិ៍សាត់​និង​មួយផ្នែក​ក្នុង​ខេត្តបាត់ដំបង​នឹង​ដោះស្រាយបាន​ទាំងស្រុង​នៅពេល​គម្រោង​សាងសង់​អាង​លេខ១​(​វា​រី​អគ្គិសនី​)​និង​លេខ​២​បានធ្វើ​រួច​។​បន្ទាប់ពី​ប្រព័ន្ធ​ដំណាក់​ឈើ​ក្រម​ដែល​កំពុង​សាងសង់​នឹង​រួចរាល់​នៅក្នុង​ឆ្នាំ​២០២១​ខាងមុខ​បន្ថែម​ពីលើ​អាងទឹក​លេខ​៣​និង​លេខ​៥​ ​ដែល​កំពុង​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​សព្វថ្ងៃនេះ​។​

លោក​កែវ​ វ័យ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​ថា​ អាងទឹក​លេខ​៥​មានទឹក​ពេញ​មួយរយ​ភាគរយ​វិញ​ហើយ​ ​ឯ​អាង​លេខ​៣​មានទឹក​កើនឡើង​ដល់​៤០​ភាគរយ​។​បន្ទាប់ពី​បញ្ចេញ​ប្រើ​អស់​កាលពី​ក្នុង​រដូវប្រាំង​ដោយ​អាង​ទាំងពីរ​នេះ​ស្តុក​ទឹកបាន​៥០​លាន​ម៉ែត្រគុប​អាងទឹក​ទាំងពីរ​មានទឹក​ច្រើន​ឡើងវិញ​ឆាប់រហ័ស​នេះ​។​

​លោក​កែវ​វ័យ​បាន​បញ្ជាក់ថា​ នៅ​ដើមរដូវ​វស្សា​នេះ​ក្នុង​ខេត្តពោធិ៍សាត់​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អជា​ពិសេស​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទាំងពីរ​។​ទ្វារ​ទឹក​របស់​អាង​ទាំងពីរ​បាន​បិទ​ដើម្បី​តម្កល់​ទឹក​ទុក​ទឹក​លើសពី​តម្រូវការ​ស្តុក​នៅ​អាង​លេខ​៥​បាន​ហូរហៀរ​លើ​ទំនប់​បង្ហៀរ​ធ្លាក់ចូល​ស្ទឹង​ពោធិ៍សាត់​នឹង​បង្វែរ​ចូលទៅ​ប្រព័ន្ធ​ក​ង្ហ​ត​និង​ដំណាក់​អំពិល​ដើម្បី​បែងចែក​ទៅតាម​ប្រព័ន្ធ​នានា​មាននៅ​ក្នុង​ខេត្ត​នេះ​។​

​លោក​កែវ​វ័យ​និយាយ​ឱ្យដឹងទៀតថា ​នៅ​ទូទាំង​ខេត្តពោធិ៍សាត់​ពេលនេះ​មិនមាន​បញ្ហា​ចោទ​រឿង​ខ្វះ​ទឹក​បង្កបង្កើនផល​ទេ​ គ្រាន់តែ​នៅ​កន្លែង​ខ្លះ​មិនទាន់​មានទឹក​ហៀរហូរ ​តែ​សម្រាប់​ដំណាំ​ស្រូវ​នៅតាម​តំបន់​មាន​ប្រព័ន្ធ​ស្រោចស្រព ដុះ​លូតលាស់​ល្អ​ណាស់​ដោយ​គិត​មកដល់ពេលនេះ​(៧​កក្កដា​)​ការងារ​ដាំ​ដុះ ស្រូវ វស្សា​អនុវត្ត បាន​៨៨​ភាគរយ​នៃ​ផ្ទៃដី​ផែនការ​១១៥.០០០​ហិកតា​ហើយ​។​

​ប្រធាន​មន្ទីរ​រូបនេះ​បាន​ប្រាប់ឱ្យដឹង​ទៀតថា​ ពេលនេះ​នៅ​ខេត្តពោធិ៍សាត់​មាន​អាងទឹក​ប្រើ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ចំនួន​ពីរ​ដែល​អាច​ស្តុក​ទឹកបាន​៥០​លាន​ម៉ែត្រគុប​ តែ​នៅពេល​ខាងមុខ​អាចមាន​ដល់​រាប់ពាន់​លាន​ម៉ែត្រគុប​បន្ទាប់ពី​អាងទឹក​លេខ​១​ អាងទឹក​លេខ​២​និង​ប្រព័ន្ធ​ដំណាក់​ឈើ​ក្រម​សាងសង់​រួច​នៅក្នុង​ឆ្នាំ​២០២១​។​អាងទឹក​លេខ​១​គ្រោង​សាងសង់​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល​សម្រាប់​វា​រី​អគ្គិសនី​ដែលមាន​សមត្ថភាព​ស្តុក​ទឹក​ពី​៦០០​ទៅ​១.០០០​លាន​ម៉ែត្រគុប​។​

​អាងទឹក​លេខ​២​អាច​ស្តុក​ទឹកបាន​៦០០​លាន​ម៉ែត្រគុប​ដែល​គ្រោង​សាងសង់​ដោយ​ក្រសួង​ធនធានទឹក​។​នៅក្រោយពេល​អាងទឹក​ទាំ​ង​ពីរ​នេះ​សាងសង់​រួច ​បញ្ហា​ទឹក​សម្រាប់​ស្រោចស្រព​នៅក្នុង​ខេត្តពោធិ៍សាត់​លែង​ខ្វះ​និង​អាច​បញ្ជូនទៅ​ស្រោចស្រព​ដល់​ដីស្រែ​មួយផ្នែក​ក្នុង​ខេត្ត​ដំបង​ទៀតផង​តាម​ប្រព័ន្ធ​ដំណាក់ ឈើ​ក្រម​។​


​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​ថា​ អាងទឹក​លេខ​១​តាម​ដឹងបាន​សិក្សា​រួច​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល​សម្រាប់​សាងសង់​វា​រី​អគ្គិសនី ​ឯ​អាងទឹក​លេខ​២​បាន​នឹង​កំពុង​សិក្សា​ដោយ​ក្រសួង​ធនធានទឹក​និង​ដៃគូ​អភិវឌ្ឍន៍ ដោយមាន​សមត្ថភាព​អាច​ស្តុក ទឹកបាន​ពី​២០០​ទៅ​៦០០​លាន​ម៉ែត្រគុប​។

​ទឹក​នៅក្នុង​អាង​លេខ​១​និង​លេខ​២​មិន​ត្រឹមតែ​សម្រាប់​បម្រើ​ការដាំដុះ​នៅក្នុង​ខេត្តពោធិ៍សាត់​ទេ ​គឺ​មួយផ្នែក​នៅក្នុង​ខេត្តបាត់ដំបង​ទៀតផង​ដោយ​បញ្ជូន​តាម​ប្រព័ន្ធ​ដំណាក់​ឈើ​ក្រម​ចូលទៅ​ស្ទឹង​មោង​ឬ​ស្សី​៕S/Ha