ខ្សែក្រវាត់​ខា​រ៉ា​បាវ​: ជំនួប​ចុងក្រោយ​មុនពេល​ហាលអាវ​

1127
ចែករម្លែក
  • 28
    Shares

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​៧​មេសា​នេះ គឺជា​ការប្រកួត​ចុងក្រោយ នៃ​វគ្គ​សន្សំ​ពិន្ទុ​ហើយ​។​

​គឹម វាសនា របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភេ​ច ណាំ​អេក (Phich Nam Ek) ដែល​នេះ​ជាការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទាំង​២ ហើយ​ទោះ​នរណា​ចាញ់ ឬ​នរណា​ឈ្នះ ក៏​ហាលអាវ​ដូចគ្នា​ដែរ​។ វាសនា ៣​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ចាញ់​ទាំង​៣​ប្រកួត ឯ ភេ​ច ណាំ​អេក វិញ​ទោះបី ៣​ប្រកួត​របស់គេ​ឈ្នះ​ទាំង​៣ ប្រកួត​ក៏​គេ​មាន​មានឱកាស​បាន​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​មួយរូប​ទៀត គឺ​គ្រៀង ក្រៃ (Kreang Krai) ៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត ហើយ​សុទ្ធតែ​វ៉ៃ​គូប្រកួត​ឲ្យ​សន្លប់​ទាំងអស់​។​

​វាសនា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥៣​ដង ចាញ់​១៤​ដង​ស្មើ​ពិន្ទុ​១​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៥​ដង​។ ចំពោះ ភេ​ច ណាំ​អេក វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៧៥​ដង ចាញ់​១៥​ដង​ស្មើ​ពិន្ទុ​១២​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១៦​ដង​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ នរណា​ឈ្នះ​នរណា​ចាញ់​?

​ជំនួប​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ កង កាង​វ៉ាន (Kong Kangwan) ដែល​នេះ ជាការ​ប្រកួត​ចុងក្រោយ ហើយក៏​ជាការ​ប្រកួត​មុនពេល​ហាលអាវ​ដែរ​។​

៣​ប្រកួត​របស់ រដ្ឋា ក្នុង​ព្រឹត្តិការណ៍​នេះ ចាញ់​ទាំង​៣​ប្រកួត ចំពោះ កង កាង​វ៉ាន វិញ​៣​ប្រកួត​របស់គេ​ឈ្នះ​បាន​១​ប្រកួត និង​ចាញ់​២​ប្រកួត​។ ការប្រកួត​ចុងក្រោយ​នេះ ទោះ​នរណា​ឈ្នះ​នរណា​ចាញ់​ក៏​គង់តែ​ហាលអាវ​ដូចគ្នា​ដែរ​។​

​ង៉ែត រដ្ឋា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​ដង ឈ្នះ​៦៤​ដង ចាញ់​១៤​ដង​ស្មើ​ពិន្ទុ​៣​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១២​ដង​។ អ្នក​ប្រដាល់​ថៃ កង កាង​វ៉ាន វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៦៧​ដង ចាញ់​១៨​ដង ស្មើ​ពិន្ទុ​១​ដង​។ ជំនួប​ចុង​ក្រោយនេះ មិនដឹងថា រដ្ឋា អាច​ស្វែ​ករក​ជ័យ​ជំនះបាន​មួយ​ប្រកួត​ឬទេ​?

​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ លី តឿន ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ សេក គឹម​រូ​ន ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចេង គា ក្លិប​ពន្លឺ​វិបុល​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម