បាតុករសែប៊ីសម្រុកចូលសភា ក្រោយប្រធានាធិបតីប្រកាសបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់កូវីដ១៩

116
ចែករម្លែក

ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រយុទ្ធគ្នាជាមួយក្រុមប៉ូលិស ហើយបានព្យាយាម​សម្រុកចូលអគាររដ្ឋសភានៅទីក្រុងបែលក្រាដកាលពីថ្ងៃអង្គារទី៧កក្កដា បន្ទាប់ពីប្រធានាធិបតីសែប៊ីបានប្រកាសថាការបិទទ្វារទប់ទល់នឹងវីរុសកូរ៉ូណានឹងត្រូវដាក់ចេញឡើងវិញនៅក្នុងប្រទេសតំបន់បាល់កង់មួយនេះ។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា ដោយអ្នកខ្លះស្រែកថា “ចុះចេញពីតំណែង! ចុះចេញពីតំណែង!” ខណៈដែលពួកគេបានប្រមូលផ្តុំគ្នា​នៅមុខអគារសភានៅក្នុងរដ្ឋធានីសែប៊ី។ ក្រុមបាតុករខ្លះបានចូលដល់ក្នុងសភា​ដោយប្រើកម្លាំងបាយ ប៉ុន្តែត្រូវបានរុញច្រានចេញក្រៅវិញដោយប៉ូលិស​ប្រឆាំងកុបកម្ម។

ក្រុមអ្នកតវ៉ាបានឆ្លើយតបវិញដោយគប់ដុំថ្ម ដុំភ្លើង ដបទឹក និងស៊ុតទៅលើប៉ូលិស។ ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើងរវាងក្រុមអ្នកកុបកម្មជ្រុលនិយមមួយចំនួនដែល​ទំនងមកពីក្រុមស្តាំនិយម និង ប៉ូលិសប្រដាប់ដោយដំបង។

ក្រុមអ្នកតវ៉ាក៏បានប៉ះទង្គិចជាមួយប៉ូលិសនៅមុខអគារទូរទស្សន៍រដ្ឋផងដែរ។ ប៉ុស្តិ៍ទូរទស្សន៍នេះត្រូវបានចោទប្រកាន់ដោយក្រុមប្រឆាំងថាមានភាពលំអៀង​ទៅខាងរដ្ឋាភិបាល។

រថយន្តប៉ូលិសមួយចំនួនត្រូវបានដុតបំផ្លាញ។

មេប៉ូលិសសែប៊ី​ លោក វ៉្លាឌីមៀរ រីប៊ិក បានប្រាប់ទូរទស្សន៍រដ្ឋថា​បាតុករមួយចំនួន​ត្រូវបានឃុំខ្លួន​ហើយមន្ត្រីប៉ូលិសមួយចំនួនបានរងរបួស​ប៉ុន្តែមិនបានបញ្ជាក់ថា​មានចំនួនប៉ុន្មានទេ។ លោកបាននិយាយថា​ការតវ៉ាតូចៗត្រូវបានធ្វើឡើងនៅក្នុងទីក្រុង​សែប៊ីដទៃទៀតផងដែរ៕ ដោយ៖ កញ្ញាដាលីស/Ha

បាតុករសម្រុកចូលសភាសែប៊ីកាលពីថ្ងៃអង្គារ