បញ្ជូន​អណ្តើក​ហ្លួង​មួយ​ក្បាល​ទៅ​ព្យាបាល ក្រោយ​សង្គ្រោះ​ពី​ជាប់​ផ្លែ​សន្ទូច​

126
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០ ក្រុមការងារ​អភិរក្ស​អណ្ដើក​នៃ​អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល បាន​បញ្ជូន​អណ្ដើក​ហ្លួង​ជំទង់​មួយ​ក្បាល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សកលលោក ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន ខេត្តកោះកុង ដើម្បី​ពិនិត្យ​ព្យាបាល​និង​តាមដាន​សុខភាព​។ ដោយសារ​អណ្ដើក​នេះ​បាន​ជាប់​ផ្លែ​សន្ទូច​ដែល​គេ​ដាក់​បង្កៃ​ត្រី​ន​នេ​ល និង​ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​កាលពី​ថ្ងៃទី​៥ ខែកក្កដា នៅតាម​ដងព្រែក​ស្រែអំបិល ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង​។ នេះ​បើតាម​ប្រភព​ឲ្យ​ដឹង​ពី​អង្គការ WCS​។

​ប្រភព​បាន​បន្តថា នៅ​ព្រឹក​បន្ទាប់ ប្រជា​នេសាទ​នោះបាន​យក​អណ្ដើក​មក​ប្រគល់ជូន​ក្រុមការងារ​នៃ​អង្គការ WCS នៅ​ស្រុក​ស្រែអំបិល​។ រួច​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​លេខ​សម្គាល់​អត្តសញ្ញាណ​នៅលើ​បន្ទះ​ឈី​ប (micro-chip) ដែល​បាន​បង្កប់​នៅក្នុង​ជើង​ខាងស្ដាំ​របស់​វា​។ ក្រុមការងារ​បានបញ្ជាក់​ថា អណ្ដើក​នេះ ត្រូវបាន​លែង​ចូលក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​កាលពី​ខែមេសា ឆ្នាំ​២០១៩ ហើយ​ក្រោយមក​ក្រុមការងារ​មិនដែល​បាន​ស្វែង​រកឃើញ​អណ្ដើក​នេះ​ម្ដងណា​ឡើយ​។​

​ដោយសារ​អណ្ដើក​នេះ មាន​របួស​មាត់​បន្តិច​ក្រោយពី​ដោះ​ផ្លែ​សន្ទូច​ចេញ ក្រុមការងារ​បាន​រក្សា​អណ្ដើក​នេះ ទុក​ក្នុង​មជ្ឈមណ្ឌល​ពីរ​បី​ថ្ងៃ ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​មុននឹង​លែង​វា​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។ ក្រុមការងារ​ទាំងអស់ សូម​ថ្លែងអំណរគុណ​ដល់​ប្រជា​នេសាទ ដែល​បាន​ចូលរួម​សហការ​និង​បានប្រគល់​អណ្ដើក​ហ្លួង​នេះ​ជូន​វិញ​ដោយផ្ទាល់ ក្នុង​ស្មារតី​ចូលរួម​ការងារ​អ​ភ​រិ​ក្ស​សត្វ​ដ៏​កម្រ​នេះ​។

​អង្គការ WCS និង​ដៃគូ​ជាច្រើន​កំពុងធ្វើការ​រួមគ្នា ដើម្បី​ទប់ស្កាត់​ការចាប់​និង​ការជួញដូរ​ខុសច្បាប់​នូវ​ប្រភេទ អណ្តើក​ជិត​ផុត​ពូជ​នានា​ក្រោម​គម្រោង «​ដៃគូ​ប្រយុទ្ធប្រឆាំង​បទល្មើស​សត្វព្រៃ​គាំទ្រ​ដោយ សហភាព​អឺរ៉ុប​»៕ ល​