ប្រធានាធិបតី​ប្រេ​ស៊ីល​ដែល​តែងតែ​មើលស្រាល​វីរុស​កូរ៉ូណា ឥឡូវ​កើតកូ​វីដ​១៩

264
ចែករម្លែក

​ប្រធានាធិបតី​ប្រេ​ស៊ីល លោក ហ្សែ​រ បុល​សូ​ណារ៉ូ កាលពី​ថ្ងៃ​អង្គារ​ទី​០៧​កក្កដា ​ត្រូវបាន​ពិនិត្យ​ឃើញ​មាន​ផ្ទុក​វីរុស​កូរ៉ូណា នៅ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​លោក​មិន​ឲ្យ​សារសំខាន់​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាល​​ដាល​នៃ​វីរុស​នេះ ខណៈ​ចំនួន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ បាន​កើន​យ៉ាង​លឿន​នៅក្នុង​ប្រទេស​នៅ​អាម៉េរិក​ខាងត្បូង​នេះ​។​

​មេដឹកនាំ​វ័យ​៦៥​ឆ្នាំ​រូប​នេះ ដែល​ល្បី​ខាង​ប្រឡូក​ក្នុង​ហ្វូង​មនុស្ស​ដោយ​ឥត​ពាក់​ម៉ាស់​មុខ​ការពារ បានបញ្ជាក់​អះអាង​អំពី​លទ្ធផល​វិជ្ជមាន​នៃ​ការពិនិត្យ​រក​វីរុស​នៅ​ពេល​លោក​ពាក់​ម៉ាស់​និង​និយាយ​ទៅ​​កាន់​អ្នកយកព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី ប្រា​ស៊ី​ល​យ៉ា​។​

​លោក​បាន​និយាយថា លោក​លេបថ្នាំ អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​( hydroxychloroquine) ដូច​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​អាម៉េរិក​ដែរ ទោះជា​ការពិសោធន៍​របស់​អ្នកជំនាញ​បង្ហា​ញ​ថា​វា​មិន​មាន​ប្រសិទ្ធភាព​​ក្នុង​ការប្រឆាំង​នឹង​កូវី​ដ​១៩​។​

​បុល​សូ​ណារ៉ូ បាន​និយាយថា​«​ខ្ញុំ​សុខភាព​ល្អ​ធម្មតា​។​ខ្ញុំ​ថែមទាំង​ចង់​ដើរ​នៅ​ទីនេះ​មួយ​ជុំ​ផង តែ​មិន​អាច​ដោយសារ​ពេទ្យ​ប្រាប់​។​ខ្ញុំ​បាន​គិតថា​ខ្ញុំ​បាន​ឆ្លង​វា​ពីមុន តែ​ដឹង​ហើយ​ខ្ញុំ​តែង​សកម្ម​។​ខ្ញុំ​ជា​ប្រធានា​​ធិបតី និង​តែង​មានមុខ​នៅ​តាម​ខ្សែ​ត្រៀមប្រយុទ្ធ ។​ខ្ញុំ​ចូល​ចិត្ត​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​»​។​

​ប្រេ​ស៊ីល ប្រជាជាតិ​ធំ​បំផុត​ទី​៦​លើ​លោក ជាមួយនឹង​ប្រជាពលរដ្ឋ​ជាង​២១០​លាន​នាក់ ជា​ប្រទេស​ទី​២​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ពី​ជំងឺ​កូវី​ដ​១៩​។​ជនជាតិ​ប្រេ​ស៊ីល​ជា​ង​៦៥.០០០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​នេះ​​និង​ជាង​១,៥​លាន​នាក់​បាន​ឆ្លង​វា​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​បុល​សូ​ណារ៉ូ ប្រដូច​វីរុស​កូរ៉ូ​ណា​ទៅ​នឹង​ភ្លៀង​ដែល​ធ្លាក់​លើ​មនុស្ស​ភាគច្រើន និង​មនុស្ស​ខ្លះ ដូចជា​មនុស្ស​ចាស់​ត្រូវ​មើលថែ​និង​ប្រុងប្រយ័ត្ន​មែនទែន​