កូនភ្លោះលលាដ៍ជាប់គ្នាត្រូវបានវះកាត់បំបែកពីគ្នាដោយជោគជ័យនៅអ៊ីតាលី

181
ចែករម្លែក

មន្ទីរពេទ្យមួយនៅទីក្រុងរ៉ូមបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានវះកាត់បំបែកកូនភ្លោះក្បាល់ជាប់គ្នាអាយុ ២ ឆ្នាំដោយជោគជ័យ បន្ទាប់ពីការវះកាត់ចំនួន ៣ ដ៏ប្រថុយប្រថាន។

ដោយមានលលាដ៍ក្បាលជាប់គ្នា បងប្អូនស្រីឈ្មោះ អឺវីណា និង​ព្រីហ្វីណា បានកើតមកមានជំងឺមួយ ដែលមន្ទីរពេទ្យកុមារបាមប៊ីណូយ៉េស៊ូនៅទីក្រុងរ៉ូមហៅថា “ទម្រង់លលាដ៍ក្បាលជាប់គ្នាដ៏កម្រនិងស្មុគ្រស្មាញបំផុត”។

មន្ទីរពេទ្យបាននិយាយថាវាជាលើកទីមួយនៅក្នុងប្រទេសអ៊ីតាលីនិងទំនងជាលើពិភពលោក ដែលគ្រូពេទ្យវះកាត់អាចវះកាត់ញែកកូនភ្លោះ ដែលមានលលាដ៍ខាងក្រោយជាប់គ្នានិងមានប្រព័ន្ធប្រសាទជាប់គ្នា ចេញពីគ្នាដោយជោគជ័យ ត្បិតករណីបែបនេះមិនមានកត់ត្រានៅក្នុងសម្រង់អក្សរសិល្ប៍វេជ្ជសាស្រ្ត។

បងប្អូនស្រីពីរនាក់មកពីទីក្រុងបាងហ្គីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រូវបាននាំទៅកាន់ប្រទេសអ៊ីតាលីកាលពីខែកញ្ញាឆ្នាំ ២០១៨ បន្ទាប់ពីប្រធានមន្ទីរពេទ្យបានជួបកូនភ្លោះនិងម្តាយរបស់ពួកគេនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលពួកគេកើត។

ការធ្វើតេស្តនៅក្នុងប្រទេសអ៊ីតាលីបានបង្ហាញថាកូនភ្លោះជាទូទៅមានសុខភាពល្អប៉ុន្តែបេះដូងរបស់បងស្រីម្នាក់ទៀតប្រឹងធ្វើការខ្លាំងដើម្បីរក្សាតុល្យភាពសរីរាង្គរបស់អ្នកទាំងពីររួមទាំងខួរក្បាលផង។

មន្ទីរពេទ្យបាននិយាយថា បញ្ហាប្រឈមដ៏ធំបំផុតចំពោះក្រុមជំនាញ ដែលមានគ្រូពេទ្យឯកទេសខាងវះកាត់ប្រព័ន្ធសរសៃប្រសាទ អ្នកជំនាញខាងដាក់ថ្នាំសណ្ដំ អ្នកឯកទេសផ្នែកសរសៃប្រសាទខួរក្បាល គ្រូពេទ្យវះកាត់កែសម្ផស្ស វិស្វករ និងអ្នកចាប់សរសៃ គឺបណ្តាញសរសៃឈាមរួមគ្នារបស់កូនភ្លោះ ដែលនាំឈាមចេញពីខួរក្បាលរបស់ក្មេងស្រីទៅក្នុងបេះដូង។

មន្ទីរពេទ្យបានឱ្យដឹងទៀតថា “ចាំបាច់ត្រូវមានការវះកាត់ចំនួនបីយ៉ាងផ្ចិតផ្ចង់ដើម្បីកសាងប្រព័ន្ធសរសៃឈាមឯករាជ្យពីរឡើងវិញ”៕ ដោយ៖ កញ្ញាដាលីស

អឺវីណា និង​ព្រីហ្វីណា ត្រូវបានវះបំបែកចេញពីគ្នាដោយជោគជ័យ