សហរដ្ឋ​អាម៉េរិក​ផ្ដល់​១,៦​ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​Novavax សម្រាប់​ការផលិត​វ៉ាក់សាំង​កូវី​ដ​១៩

186
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​អង្គារ​ទី​០៧​កក្កដា​បាន​ប្រកាសថា​ខ្លួន​បាន​ផ្តល់​ថវិកា​ចំនួន​១,៦​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​និង​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​អាម៉េរិក​Novavax ។​វា​ជា​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត​ដែល​ត្រូវបាន​ផ្តល់ឱ្យ នៅក្រោម​គម្រោង​ប្រតិបត្តិការ​Operation Warp Speed ។​

​ក្រោម​កម្មវិធី​Operation Warp Speed អាម៉េរិក​មានបំណង​បញ្ចេញ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​រាប់​លាន​ដូ​សនៅ​ឆ្នាំ​២០២១​។​

​ដោយឡែក សហរដ្ឋ​អាម៉េរិក​ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​បាន​ផ្តល់ប្រាក់​ចំនួន ៤៥០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​Regeneron សម្រាប់​ការធ្វើតេ​ស្តិ៍ពិ​សោធន៍និ​ង​ការពារ​ជំងឺឆ្លង​ព្រមទាំង​ការព្យាបាល​ជំងឺឆ្លង​​កូវី​ដ​១៩​។​

​តាម​ការព្រមព្រៀង​ជាមួយ​ក្រសួង​សុខាភិបាល​អាម៉េរិក ក្រុមហ៊ុន​Novavax ព្រមព្រៀង​ផ្តល់​វ៉ាក់សាំង​ចំនួន​១០០​លាន​ដូស​(dose) ប្រហែល​ជា​នៅ​ដំណាច់​ឆ្នាំ​នេះ​នៅ​ពេល​ការ​សាក​ពិសោធន៍​ដំណាក់កាល​ទី​៣​ឬ​ដំណាក់កាល​ចុង​ក្រោយ​លើ​វ៉ាក់សាំង​ឈ្មោះថា​NVX-CoV2373​ត្រូវធ្វើ​នៅ​រដូវរំហើយ​នេះ​។​

​ចំនួន​ប្រាក់​ដែល​អាម៉េរិក​ផ្តល់អោយ Novavax​ខ្ពស់​ជាង​ប្រាក់​ដែល​គេ​ផ្តល់​អោយ​ក្រុមហ៊ុន​AstraZeneca​សំរាប់​វ៉ាក់សាំង​ផលិត​ឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​Oxford University ។​

​ការជំរុញ​ផលិត​វ៉ាក់សាំង​ការពារ​នេះ​ធ្វើឡើង​ចំ​ពេល​ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​អាម៉េរិក​ឡើង​ហួស​៣​លាន​នាក់​កាលពី​ថ្ងៃ​អង្គារ​។​

​សហរដ្ឋ​អាម៉េរិក ដែល​ប្រធានាធិបតី​របស់ខ្លួន​ពីដំបូង​មើលស្រាល​វីរុស​កូរ៉ូណា មាន​អ្នក​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ហួស​ផុត​ប្រទេស​ណាៗ​ទាំងអស់​តាំង​ពី​យូរ​មក​ហើយ​។​គិត​ត្រឹម​ថ្ងៃ​អង្គារ មនុស្ស​ជាង​១៣០០០០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​នេះ​ហើយ​ចំនួន​អ្នកជំងឺ​ស្លាប់​នឹង​បន្ត​កើន​ឡើង​ខ្លាំង​បន្ត​ទៀត​ដោយសារ​កំណើន​ឆ្លង​។​

​នៅ​៧​ថ្ងៃ​មកនេះ រដ្ឋ​អាម៉េរិក​ចំនួន​១៨​បាន​រាយការណ៍​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់បំផុត​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

ក្រុមហ៊ុន​Novavax ទទួល​លុយ​ពី​រដ្ឋាភិបាល​អាម៉េរិក​១,៦​ពាន់​លាន​និង​សន្យា​ផ្តល់​វ៉ាក់សាំង​រាប់រយ​លាន​ដូស នៅ​ឆ្នាំ​២០២១