ជនសង្ស័យ ២​នាក់​ឆក់​ទូរស័ព្ទដៃ​ពី​ក្មេងប្រុស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់​

104
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ក្រោយពី​ធ្វើ សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ក្មេងប្រុស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង ៣០​នាទី​យប់​ថ្ងៃ​អង្គារ ទី​៧ ខែ កក្កដា ឆ្នាំ​២០២០ ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ (777​ម៉ាស្សា​កោស​ជប់​)​នៅតាម​បណ្តោយ ផ្លូវ​៣៧១ ក្នុង​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​មានឈ្មោះ សយ ភារ​ម្យ ហៅ​រុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​ខេត្តស្វាយរៀង​។ ចំណែក​ក្មេងរងគ្រោះ​មានឈ្មោះ កា​សេន រដ្ឋា ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​២ សាលា​វត្ត​ដំបូក​ខ្ពស់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​សម្ដី​រៀបរាប់​របស់​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ក៏មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​និ​ច​ពណ៌​ស មិន​ចាំ​ផ្លាកលេខ បានមក​សួរនាំ​រក​ស្ត្រី​ម៉ាស្សា​រូបគាត់​ក៏បាន​ឆ្លើយថា ជាប់រវល់​អស់ហើយ​អត់​មាន​ស្រី​ម៉ាស្សា​នៅសល់​ទេ​។ ជនសង្ស័យ​ក៏​ក្រលេកឃើញ​មាន​ក្មេង​កំពុងតែ​អង្គុយលេង​ទូរស័ព្ទ នៅក្នុង​ផ្ទះកើតហេតុ​ខាងលើ​ក៏​ឆក់យក​ទូរស័ព្ទ បានសម្រេច​រត់ឡើង​ទៅ​ជិះ​ម៉ូតូ ស្រាប់តែ​ពេលនោះ​ក្មេងប្រុស ក៏​ស្រែកថា​ចោរៗ រត់​ដេញតាម រូបគាត់​ជា​លោកឪពុក​របស់​ក្មេង​ហ្នឹង​ក៏​ស្ទុះ​ចេញមក​ចាប់ទាញ​បាន​ជនសង្ស័យ​ម្នាក់​ធ្លាក់ ពីលើ​ម៉ូតូ​និង​ចំណែកឯ​ម្នាក់ទៀត​ក៏​បើក ម៉ូតូ​រត់គេច បាត់ស្រមោល​។ ជនសង្ស័យ​ដែល​ចាប់បាន​គឺជា​អ្នក​ឆក់​ទូរស័ព្ទដៃ​ម៉ាក​VIVO​។ ក្រោយមក​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​ហើយក៏​យក​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ធ្វើ​កំណត់ហេតុ​រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ចំណែក​ទូរស័ព្ទ​សមត្ថកិច្ច​បានប្រគល់​ជូន​ទៅ​ម្ចាស់​វិញ​៕ ល​