ប្រមុខ​រដ្ឋាភិបាល​ក្រើនរំលឹក​ជនរួមជាតិ​ឲ្យ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩

172
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ក្រើនរំលឹក​ជាថ្មី​ដល់​ជនរួមជាតិ​ទាំងអស់ឱ្យ​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ​សម្តេច​បាន​អំពាវនាវ​ដល់ពលរដ្ឋ​ដែល​ទើប​មកពី​ក្រៅប្រទេស​ទាំងអស់​ឱ្យ​អនុវត្តតាម​ការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖ «​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុវត្ថិភាព​ឱ្យបាន​ល្អ ជាពិសេស​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ត្រូវ​ក្រើនរំលឹក​ដល់​កូនចៅ​តូចៗ​នៅក្នុង​បន្ទុក​ឱ្យ​ចេះ​ការពារ​ខ្លួន ហើយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ឬ​ទឹក​អាល់កុល និង​ពាក់​ម៉ាស​ការពារ​ខ្លួន​។ នៅ​ផ្សារ​រដ្ឋ និង​ឯកជន តូប​ឬ​ហាង​លក់​អីវ៉ាន់ ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេស​គ្លីនិក និង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ត្រូវមាន​ជែ​ល ឬ​អាល់កុល និង​ម៉ាស​សម្រាប់​អតិថិជន​ប្រើប្រាស់​ ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ម្នាក់​ទៅ​ម្នាក់​»​។​

​សម្តេច​បានបញ្ជាក់​បន្ថែម​ថា​៖ «​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស ក្រោយពី​បាន​ពិនិត្យ​សុខភាព​មាន​លទ្ធផល​អវិជ្ជមាន​ ហើយ​បានអនុញ្ញាត​ឱ្យទៅ​រស់នៅ​ដាច់ដោយឡែក​នៅតាម​ផ្ទះ ចំនួន ១៤​ថ្ងៃ សូម​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ ហាម​ដើរចេញ​មាន​ទំនាក់ទំនង​ក្រៅ​ផ្ទះ ទោះបី​គ្មាន​មន្ត្រី​សុខាភិបាល​នៅ​ជាមួយ​ជាប់​ក៏ដោយ​។ ជូនពរ​បងប្អូន​ជួបតែ​សំណាងល្អ នឹង​បាន​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩ គ្រប់ៗ​គ្នា​»​។​

​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចំនួន ១៤១​ករណី​ក្នុងនោះ​មាន​អ្នកជំងឺ​១៣១​នាក់​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ខណៈ​ដែរ​អ្នកជំងឺ​១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ករណី​ឆ្លង​ថ្មី​ចុងក្រោយ​ទាំងអស់​គឺ​សុទ្ធសឹង​ជា​ករណី​នាំចូល​បន្ទាប់ពី​មានការ​ហោះហើរ​ពី​ប្រទេស​មួយចំនួន​មកកាន់​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១១.៩៤០.២៤៥​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៥៤៥.៦០៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៦.៨៤៣.៩៩៩​នាក់​។​

​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាល់​​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​
​សហរដ្ឋអាម៉េរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាម៉េរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣.០៩៦.៥០៣​នាក់ ស្លាប់​ចំនួន ១៣៣.៩៥៤​នាក់ និង​ជាសះស្បើយ​ចំនួន ១.៣៥៤.៥៧៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ១.៦៧៤.៦៥៥​នាក់ ស្លាប់​ចំនួន ៦៦.៨៦៨​នាក់ និង​ជាសះស្បើយ ១.០៧២.២២៩​នាក់​។​
​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា មាន​អ្នក​ឆ្លង ៧៤៣.៤៨១​នាក់ ស្លាប់ ២០.៦៥៣​នាក់ និង​ជាសះស្បើយ ៤៥៧.០៥៨​នាក់​៕ ល​/សរន/Ha