​អុកចត្រង្គ នៅតែ​មិនទាន់មាន​សកម្មភាព​

111
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្នុងខណៈដែល​មេរោគ​ផ្លូវដង្ហើម ប្រភេទ​ថ្មី នៅតែ​រាតត្បាត​ពិភពលោក ហើយ​សម្រាប់​កម្ពុជា នៅតែ​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​នោះ ប្រភេទ​កីឡា​ជាច្រើនត្រូវបាន​​អនុញ្ញាត​ឲ្យ​ប្រមូលផ្ដុំ ហ្វឹកហាត់​វិញ​ហើយ តែ​អ្វីៗ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ របស់​​​ក្រសួងសុខាភិបាល ។​

​ចំពោះ​ប្រភេទ​កីឡា​អុកចត្រង្គ នៅ​មិនទាន់បាន​ប្រមូលផ្ដុំ ហ្វឹកហាត់​ជាថ្មី​នៅឡើយ​ទេ គឺ​គ្រាន់តែ​បាន​ជួបគ្នា នៅតាម​ហាង​កាហ្វេ ដើម្បី​លេង ជាការ​កំសាន្ដ និង​ផ្លាស់ប្ដូរបទ​ពិសោធន៍​គ្នា ទៅវិញទៅមក តែប៉ុណ្ណោះ ។ ចំពោះ​ការប្រកួត​នានា ក៍​សហព័ន្ធ នៅ​មិនទាន់បាន​គិតគូរ​នៅឡើយ ដោយសារតែ​ការប្រមូល​ផ្ដុំគ្នា នៅ​មិនទាន់​អនុញ្ញាត ។​

ការប្រកួត កន្លងមក

​សូមបញ្ជាក់ថា ប្រភេទ​កីឡា​នេះ កម្ពុជា មាន​សក្ដានុពល​ខ្លាំងណាស់ មិនតែប៉ុណ្ណោះ កម្ពុជា​ត្រៀម​នឹង​បញ្ជូន​គ្រូ ឲ្យ​ចេញទៅ​បង្ហាត់ ដល់​បណ្ដា​ប្រទេសជិតខាង ពី​របៀប​លេង បទបញ្ជា នៃ​ការប្រកួត និង​ការកំណត់​របៀប​ចាញ់ ឈ្នះ ពេលវេលា​ប្រកួត ។ នៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ កម្ពុជា នឹងដាក់​បញ្ចូល ប្រភេទ​កីឡា​អុកចត្រង្គ ទៅក្នុង​កម្មវិធី​ប្រកួត ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​អះអាង​ឲ្យ​ដឹងថា សព្វថ្ងៃនេះ មាន​ប្រទេស ៤ ឬ ៥ ហើយ ដែល​គាំទ្រ កីឡា​អុកចត្រង្គ​កម្ពុជា និង​គាំទ្រ​កម្ពុជា ក្នុង​ការដាក់​ប្រភេទ​កីឡា​នេះ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។ ដោយសារតែ​មានការ​គាំទ្រ​បែបនេះ កម្ពុជា​ត្រូវតែ​រៀបចំ ឲ្យ​បាន​ឆាប់ នូវ​បទបញ្ជា​ប្រកួត បច្ចេកទេស នៃ​ការប្រកួត និង​បញ្ជូន​គ្រូ ទៅ​បង្ហា​ត់ដល់​ប្រទេស ដែល​គាំទ្រ​ទាំងនោះ​។​

លោក គ្រួច ចន្ថា​រិ​ទ្ធ​

​លោក​អគ្គលេខាធិការ​អូឡាំពិក មាន​ជំនឿ​ចិត្ត​ថា ប្រភេទ​កីឡា​នេះ កម្ពុជា​នឹង​ដណ្ដើមបាន​មេដាយ ដូច្នេះ​សាមី​សហព័ន្ធ ត្រូវតែ​ធ្វើការ​ងារ​ ​ខាងលើនេះ ឲ្យ​បាន​ឆាប់រហ័ស ជាទីបំផុត ។​

​លោក គ្រួច ចន្ថា​រិ​ទ្ធ ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ បាន​និយាយ​ឲ្យ​ដឹងថា សព្វថ្ងៃ កីឡា​អុកចត្រង្គ​កម្ពុជា មាន​កីឡាករ​ជម្រើសជាតិ ចំនួន​៦​រូប កីឡាការិនី​ជម្រើសជាតិមិនទាន់​មាន​នៅឡើយ​ទេ តែ​សម្រាប់​ថ្ងៃ​អនាគត សហព័ន្ធ នឹង​បង្កើត​កីឡាការិនី ជម្រើសជាតិ ឲ្យ​ខាងតែបាន ។ សព្វថ្ងៃនេះ ពួកគេ មិនទាន់បាន​ប្រមូលផ្ដុំ ហ្វឹកហាត់​នៅឡើយ ។ រីឯ​ការប្រកួត​នានា ក៏​មិនទាន់មាន​គម្រោង នៅឡើយ​ដែរ តែ​ពួកគេ​តែងតែ​ជួបគ្នា ប្រកួត​លេង ជាធម្មតា​ប៉ុណ្ណោះ​៕v