វៀតណាម​ដាក់គុក​អ្នក​ប្រើ​ហ្វេ​សប៊ុក​ចំពោះ​ការផ្សព្វផ្សាយ​ទស្ស​នៈ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​

183
ចែករម្លែក

​បុរស​វៀត​ណា​ម្នាក់​ជាប់ចោទ​ពី​បទ​និយាយ​បង្ខូចឈ្មោះ​មេដឹកនាំ​ប្រទេស ដោយសារ​ផ្សព្វផ្សាយ​ទស្សនៈ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​នោះ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​៨​ឆ្នាំ​​កាលពី​ថ្ងៃ​អង្គារ​ទី​៨​កក្កដា ក្រោយ​សវនាការ​ដ៏​លឿន​មួយ​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​។​

​ង្វៀន គួ​ក ឌឹ​ក វឿង អាយុ​២៩​ឆ្នាំ បាន​និយាយ​អំពី​ការគាំទ្រ​របស់​លោក​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​វៀតណាម និង​បាន​ចែករំលែក​ព័ត៌មាន​ស្តីពី​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​មុនពេល​លោក​ត្រូវបាន​ចាប់​​ខ្លួន​កាលពី​ចុង​ខែ​កញ្ញា​ឆ្នាំ​មុន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ជននេះ​បាន​ផ្សព្វផ្សាយ​វីដេអូ​និង​បង្ហោះ​អត្ថបទ និយាយ​បង្ខូចឈ្មោះ​គណបក្ស​កុំម្មុយនីស្ត​និង​សង្គមនិយម ហើយ​និយាយ​បង្អាប់​ហូ ជី​មី​ញ និង​មេ​ដឹក​​នាំ​បក្ស​និង​រដ្ឋ​ដទៃ​ទៀត​។​

​វឿង បាន​ទទួល​កំហុស​ចំពោះ​ការចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ឃោសនា​ប្រឆាំង​រដ្ឋ និង​បាន​ប្រាប់​តុលាការ​ថា លោក​គ្រាន់តែ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ទោះជា​យ៉ាងណា តុលាការ​និយាយថា អំពើ​រប​​ស់​គាត់​គ្រោះថ្នាក់​ដល់​សង្គម​។​

​ការ​ចាប់ខ្លួនវឿង កើត​ឡើង​ក្រោយ​ការចាប់ខ្លួន​អ្នកកាសែត​និង​សកម្មជន​ល្បីៗ​មួយចំនួន​នៅ​ប៉ុន្មាន​ខែ​មុន​សមាជ​បក្ស​៥​ឆ្នាំ​ម្តង​ដែល​គ្រោង​ធ្វើ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​។​មុន​នេះ​មួយ​ថ្ងៃ តុលាការ​ដដែល​​បាន​កាត់ទោស​មនុស្ស​៣​នាក់​អោយ​ជាប់គុក​៧​ឆ្នាំ​ចំពោះ​ទោស​មានបំណង​ផ្តួលរំលំ​បក្ស​កុំម្មុយនីស្ត​៕​ប្រែ​សម្រួល​៖​វាសនា​

​ង្វៀន គួ​ក ឌឹ​ក វឿង ក្នុង​សវនាការ​ក្នុង​ក្រុង​ឡា​ម ដុង​កាលពី​ថ្ងៃ​៧​កក្កដា​