៥​លាន​នាក់​វិល​មក​នៅ​បង្ខាំង​ខ្លួនជាថ្មី​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩ ហើយ​ការបិទរ​ដ្ឋ​វិច​ធឺ​រៀនាំ​អោយ​ខាត​១.០០០​លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​

248
ចែករម្លែក

​អូស្ត្រាលី អាច​ខាតបង់​សេដ្ឋកិច្ច​ដល់​ទៅ​១.០០០​លាន​ដុល្លារ​អូស្ត្រាលី​(៧០០​លាន​ដុល្លារ​អាម៉េរិក​)​ក្នុង​មួយ​សប្តាហ៍​ដោយសារតែ​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​ដាក់​ប្រើ​ឡើងវិញ​​នៅ​រដ្ឋ​វិច​ធឺ​រៀ នេះ​បើ​តាម​ការបញ្ចេញ​អោយដឹង​ពី​រដ្ឋមន្ត្រី​រត​នា​គារ ចូស ហ្វ្រី​ដេន​ប៊ឺក កាលពី​ថ្ងៃ​ពុធ​ទី​០៨​កក្កដា​។​

​ហ្វ្រី​ដេន​ប៊ឺក បាន​ប្រាប់​សារព័ត៌មាន​ABC​អូស្ត្រាលី​ថា «​ការបិទ​នេះ​នាំ​អោយ​រដ្ឋ​វិច​ធឺ​រៀ​ខាតបង់​១​ពាន់​លាន​មួយ​សប្តាហ៍ ហើយ​វា​នឹង​ប៉ះពាល់​ខ្លាំង​លើ​ក្រុមហ៊ុន​ស្ថាប័ន​ជំនួញ​»​។​

​វិធានការ​បិទ​រដ្ឋ​ជា​ថ្មី​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​របស់​រដ្ឋ​វិច​ធឺ​រៀ នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​ពុធ​នេះ និង​មាន​រយៈពេល​យ៉ាងតិច​៦​សប្តាហ៍ ដោយ​បិទ​ហាង រង្គសាល ភោជ្ជ​នី​យដ្ឋា​ន កន្លែង​ធ្វើ​សក់ កាត់សក់​និង​ជី​ម​(​កន្លែង​ហាត់ប្រាណ​) ហើយ​តំរូវ​អោយ​ប្រជាជន​៤,៩​លាន​នាក់​នៃ​ទីក្រុង​នេះ​នៅតែ​ក្នុងផ្ទះ បើ​មិន​មាន​កិច្ច​ការ​ចាំបាច់​ត្រូវ​ចេញ​ក្រៅ​។​

​រដ្ឋ​នេះ​ក៏​បិទ​ព្រំដែន​ជាមួយ​រដ្ឋ​ញូ​វ សោត វេលស៍ កាលពី​ពាក់កណ្តាល​យប់់​ថ្ងៃ​អង្គារ ដោយ​កាត់ផ្តាច់​ចរាចរណ៍​រវាង​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​និង​មាន​សេដ្ឋកិច្ច​សំខាន់​បំផុត​ទាំង​ពីរ​។​នរណា​ដែល​រំលោភ​​បទបញ្ជា​បិទ​ព្រំដែន​នេះ​នឹងរង​ការដាក់ទោស រួម​ទាំង​ការពិន័យ​ប្រាក់​១១.០០០​ដុល្លារ​អូស្ត្រាលី​(៧.៧០០​ដុល្លារ​អាម៉េរិក​) និង​ជាប់គុក​៦​ខែ​។​

​ការ​រឹតត្បិត​ជា​ថ្មី​នេះ​នាំអោយ​មាន​ការ​ផ្អើល​ទិញ​ទំនិញ​ទុក​ជា​លើក​ទី​២ ដោយ​ហាង​ទំនិញ​ក្នុង​ក្រុង​មែ​ល​ប៊​ន​អស់​ទំនិញ​ពី​ធ្នើ​កាលពី​ថ្ងៃ​ពុធ ខណៈ​មនុស្ស​រាប់លាន​នាក់​ត្រៀម​វិល​ទៅ​ចូល​ក្នុង​ស្ថានភាព​បង្ខាំង​​ខ្លួន​សាជាថ្មី​។​

​មនុស្ស​ជិត​៥​លាន​នាក់​ត្រូវបាន​បញ្ជា​អោយ​វិល​មក​នៅ​បង្ខាំង​ខ្លួន​៦​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពី​យប់​ថ្ងៃ​ពុធ​ទី​៨​កក្កដា​នេះ​ទៅ​នៅ​ពេល​ការឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​កើនឡើង​រហូត​ដល់​ជាង​១០០​នាក់​​ក្នុង​មួយថ្ងៃ​។​

​ការឆ្លង​ថ្មី​១៣៤​នាក់​ទៀត​ត្រូវបាន​រាយការណ៍​នៅ​២៤​ម៉ោង​កន្លងមក ។​វា​ជា​ចំនួន​តូចតាច​បើ​ប្រៀបធៀប​នឹង​ការឆ្លង​នៅ​សហរដ្ឋ​អាម៉េរិក​ឬ​ប្រេ​ស៊ីល តែ​ត្រូវបាន​គិតថា​ជាការ​ផ្ទុះ​ជំងឺ​ដ៏​ធំ​មួយ​នៅ​អូ​ស្ត្រា​​លី ដែល​ពី​មុន​ត្រូវ​បាន​គ្រប់គ្រង​បង្ក្រាបបាន​ដោយ​ជោគជ័យ​។​

​អូស្ត្រាលី មាន​អ្នក​ឆ្លង​សរុប​ជិត​៩.០០០​នាក់ និង​ស្លាប់​ដោយកូវី​ដ​១៩ ចំនួន​១០៦​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកក្រុងមែលប៊នសំរុកវិលពីរដ្ឋញូវ សោត វេលស៍ អោយបានមុនពាក់កណ្តាលយប់ថ្ងៃអង្គារមុនការបិទព្រំដែនជាមួយរដ្ឋវិចធឺរៀ