ត្រាំថាការប្រឹងប្រែងរបស់កេនយ៉េ វេសដើម្បីប្រជែងតំណែងប្រធានាធិបតីគឺគួរឱ្យចាប់អារម្មណ៍

170
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអង្គារទី៧កក្កដាថា ការប្រកាសរបស់តារាចម្រៀងរ៉ែប កេនយ៉េ វ៉េសថាគាត់នឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី គឺគួរឱ្យចាប់អារម្មណ៍។

ឆ្លើយតបទៅនឹងការអះអាងរបស់លោកវេសថាគាត់នឹងឈរឈ្មោះទល់នឹងលោកត្រាំ លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “គាត់ប្រហែលជាឈរឈ្មោះ”។

សេចក្តីប្រកាសរបស់លោកវេសអាយុ ៤៣ ឆ្នាំនៅលើបណ្តាញសង្គម Twitter ថាគាត់នឹងប្រឹងប្រជែងយកតំណែងខ្ពស់បំផុតនៅក្នុងទឹកដីនេះ ត្រូវបានគេចែកចាយបន្តឡើងវិញកន្លះលានដង និងចុច “ចូលចិត្ត” មួយលានដង។

ដោយកត់សម្គាល់ថាវាអាចយឺតពេលសម្រាប់លោកវេសក្នុងការចុះឈ្មោះនៅក្នុងរដ្ឋមួយចំនួនហើយថាគាត់ខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជែងតំណែងប្រធានាធិបតី លោកត្រាំបាននិយាយថា “ប្រសិនបើគាត់ចង់ប្រជែងតំណែងប្រធានាធិបតី គាត់ត្រូវពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនេះសម្រាប់ជាការប្រជែងសាកល្បងសម្រាប់អ្វីដែលនឹងកើតឡើងក្នុងពេល៤ឆ្នាំទៀត”។

លោកវេស ដែលបានមកជួបលោកត្រាំនៅក្នុងការិយាល័យពងក្រពើក្នុងឆ្នាំ ២០១៨ និងពាក់មួកល្បីរបស់ត្រាំសរសេរថា “ធ្វើឱ្យអាម៉េរិកអស្ចារ្យម្តងទៀត” បានប្រកាសអំពីបំណងប្រជែងតំណែងប្រធានាធិបតីកាលពីថ្ងៃសៅរ៍ទី៤កក្កដា ខណៈប្រទេសនេះប្រារព្ធទិវាឯករាជ្យ។

តារាចម្រៀងនិងជាសេដ្ឋីម៉ូតទាន់សម័យរូបនេះបាននិយាយថា “ឥឡូវនេះយើងត្រូវតែដឹងពីការសន្យារបស់អាម៉េរិកដោយជឿទុកចិត្តលើព្រះ បង្រួបបង្រួមចក្ខុវិស័យរបស់យើង និងកសាងអនាគតរបស់យើង”។

លោកនិយាយថា “ខ្ញុំនឹងឈរឈ្មោះជាប្រធានាធិបតីអាម៉េរិក” ដោយមានរូបតំណាងទង់ជាតិអាម៉េរិកនិងសញ្ញាសរសេរថា “ទស្សនវិស័យ២០២០”។

លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីយុទ្ធនាការរបស់លោកឡើយ៕ ដោយ៖ កញ្ញាដាលីស

លោកវេសបានមកជួបលោកត្រាំនៅក្នុងការិយាល័យពងក្រពើក្នុងឆ្នាំ ២០១៨