ចិនបបួលអាម៉េរិកឱ្យកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរឱ្យស្មើគ្នា

208
ចែករម្លែក

អ្នកការទូតជាន់ខ្ពស់ចិនម្នាក់បាននិយាយនៅថ្ងៃពុធទី ៨ ខែកក្កដានេះថាចិននឹងរីករាយក្នុងការចូលរួមក្នុងកិច្ចចរចាអំពីការគ្រប់គ្រងអាវុធត្រីភាគីជាមួយសហរដ្ឋអាម៉េរិកនិងរុស្ស៊ីប៉ុន្តែលុះត្រាតែសហរដ្ឋអាម៉េរិកមានឆន្ទៈក្នុងការកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួនមកនៅកម្រិតស្មើចិន។

របបក្រុងវ៉ាស៊ីនតោនបានអំពាវនាវម្តងហើយម្តងទៀតឱ្យចិនចូលរួមក្នុងការចរចាត្រីភាគីដើម្បីបន្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរដ៏សំខាន់រវាងសហរដ្ឋអាម៉េរិកនិងរុស្ស៊ី ឈ្មោះថា New Start ដែលនឹងត្រូវផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។

លោកហ្វូ កុងប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិនបានបញ្ជាក់ជាថ្មីដល់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងនៅថ្ងៃពុធនេះថាចិនមិនមានចំណាប់អារម្មណ៍ក្នុងការចូលរួមការចរចាជាមួយអតីតប្រទេសមហាអំណាចនៅសម័យសង្គ្រាមត្រជាក់នោះទេដោយសារតែឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកមានទំហំធំជាងចិនប្រហែល២០ដង។

លោកបាននិយាយថា “ខ្ញុំអាចធានាចំពោះអ្នកបាន ប្រសិនបើសហរដ្ឋអាម៉េរិកនិយាយថាពួកគេត្រៀមខ្លួនកាត់បន្ថយឱ្យមកនៅស្មើចិន នោះចិននឹងរីករាយក្នុងការចូលរួមនៅថ្ងៃបន្ទាប់។ ប៉ុន្តែតាមពិតទៅ យើងដឹងថាវានឹងមិនកើតឡើងទេ”។

លោកហ្វូបានអះអាងថាសម្រាប់សហរដ្ឋអាម៉េរិកដែលស្នើចិនឱ្យចូលរួមក្នុងការចរចាត្រីភាគីគឺគ្មានអ្វីក្រៅតែពី “ល្បិចបង្វែរការចាប់អារម្មណ៍” និងជាលេសសម្រាប់ឱ្យសហរដ្ឋអាម៉េរិកដើរចេញពីការបន្តសន្ធិសញ្ញា New Start។

លោកហ្វូនិយាយថា “គោលបំណងពិតប្រាកដគឺដើម្បីលុបបំបាត់រាល់ការរឹតត្បិតទាំងអស់និងដើម្បីមានសេរីភាពក្នុងការស្វែងរកឧត្តមភាពផ្នែកយោធាលើមារសត្រូវទាំងពួង មិនថាសត្រូវមានរូបឬឥតរូប”។

លោកហ្វូបានអះអាងថាចិនមិនដែលគេចចេញពី “ដំណើរការរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ” នោះទេហើយបានត្រៀមខ្លួនពិភាក្សានៅក្នុងក្របខណ្ឌនៃសមាជិកអចិន្រ្តៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះបញ្ហាទាំងអស់ដែលទាក់ទងនឹងការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ៕ ដោយ៖ កញ្ញាដាលីស

លោកហ្វូ កុងប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន