រដ្ឋ​មន្ត្រី​សុខាភិបាល​ស៊ីម​បា​វ៉េ​ត្រូវ​បាន​បណ្តេញ​ដោយសារ​រឿង​អាស្រូវ​ពុករលួយ​ដែល​ទាក់ទង​នឹង​ជំងឺ​កូវី​ដ​១៩

193
ចែករម្លែក

​រដ្ឋ​មន្ត្រី​សុខាភិបាល​ស៊ីម​បា​វ៉េ​ត្រូវ​បាន​បណ្តេញចេញ​ដោយសារ​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​បន្ទាប់ពី​លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្តល់​កិច្ចសន្យា​ខុស​ច្បាប់​តំលៃ​រាប់​លាន​ដុល្លារ​សម្រាប់​ការផ្គត់ផ្គង់​គ្រឿង​​វេជ្ជសាស្ត្រ​ប្រឆាំង​កូវី​ដ​១៩ ទៅឱ្យ​ក្រុមហ៊ុន​មួយ ដែល​បាន​លក់​ម៉ាស​មុខ​តម្លៃ​២៨​ដុល្លារ​ក្នុង​មួយ​ប្រអប់​និង​សម្ភារៈ​ផ្សេងៗ​ទៀត​ក្នុងតម្លៃ​ខ្ពស់​ជាងគេ​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​៧​កក្កដា​ដោយ​ប្រធាន​លេខាធិការ​របស់​ប្រធានាធិបតី បាន​ប្រកាស​ដក លោក​អូបេ​ឌៀ​ស ម៉ូ​យ៉ូ ចេញពី​មុខតំណែង​។​

​កាលពី​ខែ​មុន លោក​អូបេ​ឌៀ​ស ម៉ូ​យ៉ូ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​លើ​មុខងារ​ជា​មន្ត្រី​សាធារណៈ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ីម​បា​វ៉េ បាន​ចាប់ខ្លួន​លោក​បន្ទាប់ពី​មានការ​តវ៉ា​ជា​សា​​ធារ​ណៈហើយ​រដ្ឋាភិបាល​នេះ បាន​លុបចោល​កិច្ចសន្យា​ទាំងនោះ​។​

​កូនប្រុស​ម្នាក់​របស់លោក​ប្រធានាធិបតី បាន​បង្ខំចិត្ត​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បដិសេធ​ការជាប់​ទៅនឹង​ក្រុមហ៊ុន​នេះ​បន្ទាប់ពី​មាន​រូបថត​ជាច្រើន​លេចចេញ​ពី​អ្នកតំណាង​ស៊ីម​បា​វ៉េ​របស់ខ្លួន​​ជាមួយ​ប្រធានាធិបតី​និង​ភរិយា​ព្រមទាំង​កូនប្រុស​របស់​លោក​នៅក្នុង​ព្រឹត្តិការណ៍​ជា​ច្រើន​។​

​តំណាង​ក្រុមហ៊ុន​នេះ​និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​នៃ​ភ្នាក់ងារ​គ្រប់គ្រង​ឱសថ​ជាតិ​ក៏​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ​ផង​ដែរ​។​

​លោក​អូបេ​ឌៀ​ស ម៉ូ​យ៉ូ អាច​ប្រឈម​ការពិន័យ​ជា​ប្រាក់​ឬ​ជាប់គុក​១៥​ឆ្នាំ​បើសិន លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​នោះ​។ យោង​តាម​ការចោទប្រកាន់​នេះ លោក​អូបេ​ឌៀ​ស ម៉ូ​យ៉ូ​បាន​ប្រើ​អំណាច​​ដោយ​ដាក់​សម្ពាធ លើ​អ្នក​ក្រោមបង្គាប់​របស់​លោក​ឱ្យ​ប្រគល់​កិច្ចសន្យា​ដែល​មាន​តម្លៃ​៦០​លាន​ដុល្លារ​នេះ កាលពី​ឆ្នាំមុន​និង​ឆ្នាំ​នេះ​។​

​គិត​រហូត​មកដល់ពេលនេះ ប្រទេស​ស៊ីម​បា​វ៉េ មាន​ករណី​ឆ្លង​វីរុស​ចំនួន​៧៣៤​នាក់​៕​ប្រែ​សម្រួល​៖​សុខា/​sn

​រដ្ឋ​មន្ត្រី​សុខាភិបាល​ស៊ីម​បា​វ៉េ លោក អូបេ​ឌៀ​ស ម៉ូ​យ៉ូម​កដល់​តុលាការ​ក្រុង​ហា​រ៉ា​រ៉េ កាលពី​ថ្ងៃទី​២០​ខែ​មិថុនា​ឆ្នាំ​២០២០