សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងសែលកាតប្រកាសបន្តរៀបចំប្រកួត Rules of Survival KH Cup Season 3 Wild Card

90
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC)ជាមួយក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival នាថ្ងៃខាងមុខ។ 

          នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុនបានឱ្យដឹងនៅថ្ងៃទី៨ខែកក្កដាថា កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែកក្កដា។

លោកថា ក្រុមនាំមុខគេទាំង ១០ នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH Cup Season 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែសីហា។

លោក អៀន វ៉ាតសុន បានឱ្យដឹងបន្ថែមថា ទឹកប្រាក់រង្វាន់សរុបរហូតដល់ទៅ ៥០ លានរៀល ក្នុងការប្រកួតតាមប្រព័ន្ធអនឡាញនេះ ។ចំពោះការប្រកួតនេះដែរអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាង សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា,ក្រុមហ៊ុនសែលកាត និង NetEase ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។

          លោកបានលើកឡើងផងថា“ចំនួនកីឡាករដែលបានចូលរួមនៅក្នុងកម្មវិធីហ្គេមនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារពួកគាត់ ដែលជាក្រុមយុវវ័យ មានទម្លាប់ក្នុងការប្រមូលផ្តុំនិងជួបជុំជាមួយមិត្តភក្តិ ក៏ដូចជាមានចំណង់ចំណូលចិត្តចូលរួមនៅក្នុងសហគមន៍ បើទោះបីការជួបជុំនោះតាមរយៈរូបតំណាងក្តី។ នាពេលបច្ចុប្បន្ននេះនៅទូទាំងពិភពលោក កីឡាអេឡិចត្រូនិច បានក្លាយជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត។

គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុនសែលកាត បានរៀបចំកម្មវិធីប្រកួតធំៗ ចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ ដោយក្នុងនោះបានទាក់ទាញក្រុមកីឡាករជាង ១០០០ ក្រុម មកចូលរួម។

លោក វ៉ាតសុន មានប្រសាសន៍បន្តថា គោលដៅចុងក្រោយរបស់យើង គឺដើម្បីឱ្យប្រទេសកម្ពុជាមានភាពលេចធ្លោនៅក្នុងឆាកអន្តរជាតិ អាចផ្តល់នូវអាជីពដ៏ពិតប្រាកដមួយ និងផ្តល់នូវប្រាក់ចំណូលដ៏សមគួរសម្រាប់ប្រជាជនខ្មែរ៕dp