ចូ បាយដិន សន្យាចូលរួមជាមួយអង្គការសុខភាពពិភពលោកម្តងទៀត នៅថ្ងៃដំបូងក្នុងនាមជាប្រធានាធិបតីអាម៉េរិក

388
ចែករម្លែក

បេក្ខជនជាទីរំពឹងរបស់បក្សប្រជាធិបតេយ្យ លោកចូ បាយដិន បានសន្យាចូលរួមម្តងទៀតជាមួយអង្គការសុខភាពពិភពលោក (WHO) ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។

លោកបានបន្ថែមថា ពលរដ្ឋអាម៉េរិកនឹងមានសុវត្ថិភាពជាងមុនប្រសិនបើសហរដ្ឋអាម៉េរិកចូលរួមក្នុងការពង្រឹងសុខភាពសកល។

រដ្ឋបាលអាម៉េរិកកាលពីថ្ងៃអង្គារទី៧កក្កដាបានជូនដំណឹងដល់អង្គការសហប្រជាជាតិនិងសភារបស់ខ្លួនអំពីការដកខ្លួនចេញពីអង្គការ WHO ដែលនឹងចូលជាធរមាននៅថ្ងៃទី ៦ កក្កដា ឆ្នាំ២០២១។ ប្រធានាធិបតីដូណាល់ ត្រាំ បានចោទដដែលៗថាអង្គការសុខភាពពិភពលោកឃុបឃិតជាមួយចិនដើម្បីលាក់បាំងអំពីប្រភពដើមរបស់មេរោគនិងការដោះស្រាយអំពីជំងឺរាតត្បាតកូវីដ១៩។

កាលពីខែមេសា ត្រាំបានប្រកាសអំពីការបង្កកបណ្តោះអាសន្ននូវមូលនិធិរបស់អាម៉េរិកសម្រាប់ WHO ហើយព្រមានថាការបង្កកអាចក្លាយជាអចិន្ត្រៃយ៍ដរាបណាអង្គការប្តេជ្ញាធ្វើការផ្លាស់ប្តូរសំខាន់ៗក្នុងពេល៣០ថ្ងៃ។ ទោះយ៉ាងណា នៅចុងខែឧសភា ត្រាំបានបញ្ជាក់ថាសហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពី WHO និងបង្វែរមូលនិធិទៅកន្លែងផ្សេង៕ ដោយ៖ កញ្ញាដាលីស

លោកចូ បាយដិនសន្យានាំអាម៉េរិកចូល WHO វិញនៅថ្ងៃដំបូងដែលលោកក្លាយជាប្រធានាធិបតី