អនាគតក្រុមហ៊ុន AirAsia កំពុងស្រពិចស្រពិលដោយសារកូវីដ១៩ ខណៈភាគហ៊ុនដាំក្បាលចុះ

184
ចែករម្លែក

សវនកររបស់ក្រុមហ៊ុន AirAsia បានព្រមានថា អនាគតរបស់ក្រុមហ៊ុនអាកាសចរណ៍ធូរថ្លៃក្នុងតំបន់មួយនេះកំពុងស្ថិតក្នុង “មន្ទិលសង្ស័យគួរឱ្យកត់សម្គាល់” ដោយសារតែការដួលរលំនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាសដែលបណ្តាលមកពីវីរុសកូរ៉ូណា។

ឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួនដោយសារតែជំងឺរាតត្បាត ខណៈក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកបានបញ្ឈប់បុគ្គលិកយ៉ាងច្រើនសន្ធឹក នៅពេលដែលក្រុមហ៊ុនខ្លះបានដួលរលំរួចទៅហើយ។

ក្រុមហ៊ុន AirAsia ដែលដឹកនាំដោយនាយកប្រតិបត្តិឈ្មោះ ថូនី ហ្វើណង់ដេស បានត្រួសត្រាយមុនគេនូវការធ្វើដំណើរតាមជើងហោះហើរតម្លៃទាបនៅទូទាំងទ្វីបអាស៊ីនៅដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលមានតម្រូវការកើនឡើងពីប្រជាជនវណ្ណៈកណ្តាលដែលកំពុងមានចំនួនកើនឡើងយ៉ាងរហ័ស។

ប៉ុន្តែកាលពីថ្ងៃចន្ទក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលវ័ណ្ឌកដោយបំណុលនេះ បានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសចំនួន ៨០៣ លានរីងហ្គីត (១៨៧ លានដុល្លារ) ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីត្រូវបង្ខំចិត្តផ្អាកយន្តហោះរបស់ខ្លួនដោយសារវីរុសកូរ៉ូណា។

សវនករ ឈ្មោះ អឺន និង យ៉ាំង បាននិយាយកាលពីថ្ងៃអង្គារថា “ការរឹតត្បិតការធ្វើដំណើរនិងការបិទព្រំដែនដែលអនុវត្តដោយបណ្តាប្រទេសនានាជុំវិញពិភពលោកបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសដែលជះឥទ្ធិពលដល់ដំណើរការហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន”។

ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដទៃទៀតរួចទៅហើយមុនពេលផ្ទុះកូវីដ១៩ ហើយបានរាយការណ៍ពីការខាតបង់ប្រាក់ចំណេញចំនួន ២៨៣ លានរីងហ្គីតក្នុងឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន AirAsia រាយការណ៍ពីការខាតបង់ប្រាក់ចំណេញចំនួន ២៨៣ លានរីងហ្គីតក្នុងឆ្នាំ ២០១៩