ប្រេសិត​អាម៉េរិក​ថា សហរដ្ឋ​អាម៉េរិក​មិន​បាន​ស្វែងរក​ជំនួប​ជាមួយ​កូរ៉េខាងជើង​ទេ​

170
ចែករម្លែក

​លោក​ស្ទេ​ហ្វេន ប៊ី​អេ​ហ្កា​ន់​( Stephen Biegun) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​និង​ជា​ប្រេសិត​ទទួល​បន្ទុក​ទំនាក់ទំនង​កូរ៉េខាងជើង នៅ​ថ្ងៃ​ពុធ​ទី​៨​ខែ​កក្កដា​បាន​ច្រានចោល​របាយការណ៍​​ដែលថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ស្វែងរក​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​ក្រុង​ព្យុង​យ៉ាង អំពី​ការចរចា​នុយក្លេអ៊ែរ​ដែល​បាន​ជាប់គាំង​។​

​លោក ប៊ី​អេ​ហ្កា​ន់ កំពុងធ្វើដំណើរ​ទស្សន​កិច្ច​រយៈពេល​៤ ថ្ងៃ​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​តូ​ក្យូ​ដើម្បី​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ក​ឱ្យ​មាន​ការសង្ស័យ​នៅ​កូរ៉េ​ខាងត្បូង​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​បង្កើត​ការទូត​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅមុន​ការបោះឆ្នោ​តប្រធា​​នា​ធិបតី​អាម៉េរិក​នៅ​ខែ​វិច្ឆិកា ទោះបីជា​កូរ៉េ​ខាងជើង​បាន​និយាយ​ជា​ច្រើន​លើក​ថា ខ្លួន​គ្មាន​ចំណាប់អារម្មណ៍​ក្នុង​ការជួប​ចរចា ក៏ដោយ​។​

​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង លោក​ស្ទេ​ហ្វេន ប៊ី​អេ​ហ្កា​ន់​បានប្រាប់​អ្នកយកព័ត៌មាន​ថា​” ខ្ញុំ​បាន​ឃើញ​ការអត្ថាធិប្បាយ​សារព័ត៌មាន​ខ្លះ ដែល​ថា​កូរ៉េ​ខាងជើង​មិន​បាន​ត្រៀម​ជួប​​ជាមួយ​ខ្ញុំ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​”​។​

​លោក​បាន​និយាយថា “​វា​ចម្លែក​ខ្លះ​ដែរ​ពីព្រោះ​យើង​មិន​បាន​ស្នើ​ជួប​ជាមួយ​កូរ៉េខាងជើង​នោះទេ ” ។ លោក​បាន​បន្ថែមថា ” ខ្ញុំ​សូម​បញ្ជាក់​ឱ្យចំ​ច្បាស់​ថា យើង​មិន​ស្នើ​ធ្វើ​ដំណើរ​ទស្សនកិច្ច​និង​មាន​ជំនួប​​នោះទេ​”​។​

​កិច្ច​ជំនួប​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ជាប់គាំង​ចាប់តាំងពី​ជំនួប​កំពូល​នៅ​ទីក្រុង​ហាណូយ​រវាង​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​និង មេ​ដឹក​នា​កូរ៉េខាងជើង លោក​ គីម ជុង អ៊ុន បាន​បរាជ័យ​កាលពីដើមឆ្នាំ ២០១៩ ៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ស្ទេ​ហ្វេន ប៊ី​អេ​ហ្កា​ន់ ជួប​សម​ភាគី​កូរ៉េខាងត្បូង​របស់លោក នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​០៨​កក្កដា