ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័ត​កម្ចី​២៥០​លាន​ដុល្លារ​គាំទ្រ​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​COVID -19

97
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី​៨​ខែកក្កដា​នេះ បានអនុម័ត​កម្ចី​ចំនួន ២៥០​លាន​ដុល្លារ​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​(COVID19)​។​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុងប្រទេស​បង្កើន​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ព្រមទាំង​ផ្តល់​ការគាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម​ដែល​រួមមាន​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ផងដែរ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ADB​កាលពី​រសៀល​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​។​

​លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា​៖“​ការគាំទ្រ​នេះ នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​នេះ​លើ​សុខភាព សង្គម និង​សេដ្ឋកិច្ច​។ លោក​បាន​បន្ថែមថា “​កម្ពុជា​មានកំណត់​ត្រា​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ​COVID19​គំរាម​ធ្វើឱ្យ​ថយចុះ​នូវ​ការរីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ​ដូចជា​ស្ត្រី​និង​កម្មករ​ចំណាកស្រុក​។​កម្ចី​នេះ​ជា​ផែនការ​ចូលរួម​រយៈពេល​វែង​របស់​ADB​ដែល​ផ្តោតទៅលើ​ការគាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​”​។​


​សូមជម្រាបថា​ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​COVID19​ដោយសារ​សេដ្ឋកិច្ច​បើកចំហ​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត​និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន​។​ADB​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់ចុះ​ក្នុង​រង្វង់​-៥,៥%​។​ក្នុង​ឆ្នាំ​២០២០​ដោយសារ​ការថយចុះ​នៃ​វិស័យ​ទេសចរណ៍​ការនាំចេញ​សំលៀកបំពាក់​ស្បែកជើង​និង​សម្ភារ​ធ្វើដំណើរ​តិចជាង​មុន​និង​ការ​ចុះថយ​នៃ​សកម្មភាព​សំណង់​។​ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ​អាច​នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ១,៣​លាន​នាក់ ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ​។​

​សូម​រំលឹកថា​៖​កាលពី​ខែមីនា​កម្ពុជា​ប្រកាស​ដំណើរការ​ការឆ្លើយតប​ស៊ីជម្រៅ​ទៅនឹង COVID-19 ជាមួយនឹង​កញ្ចប់​ថវិកា​វិធានការ​ដំបូង​សរុប​៨១៥,៧​លាន​ដុល្លារ​ដែល​ស្មើនឹង​៣,២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប រំពឹងទុក​សម្រាប់​ឆ្នាំ​២០២០​។ ទាំងនេះ​រួមបញ្ចូល​នូវ​ការគាំទ្រ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​បង្ការ ការកើនឡើង​នៃ​ករណី​COVID-19 ។​

​សម្រាប់​កម្មករ​និង​សហគ្រាស​ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន​១៥០​លាន​ដុល្លា​ដើម្បី​គាំទ្រ​ធនាគារ​ដែល​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​។​កញ្ចប់​ថវិកា​គាំទ្រ​នេះ​រួមមាន​៣០០​លាន​ដុល្លារ​សម្រាប់​ការផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដែលមាន​ក្នុង​បញ្ជី​ទិន្នន័យ របស់​រាជរដ្ឋាភិបាល​។​បញ្ជី​ទិន្នន័យ​(IDPoor)​នេះ​មាន​បញ្ចូល​គ្រួសារ​ក្រីក្រ​២,៤​លាន​គ្រួសារ​ហើយ​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​គ្រួសារ​ដែល​រង​ប៉ះពាល់​ដោយ COVID-19​។​

​កម្មវិធី​គាំទ្រ​ការចំណាយ និង​ឆ្លើយតប​សកម្ម​ទៅនឹង COVID-19 របស់ ADB (​ដែល​ហៅ​កាត់​ថា CARES) ត្រូវបាន​ផ្តល់​ថវិកា​តា​មរយៈ​ជម្រើស​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត COVID-19(​ហៅ​កាត់​ថា CPRO)​ក្រោម​ការ​ជ្រោមជ្រែង​របស់​ADB ដើម្បី​ដោះស្រាយ​ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី ។ CPRO​ផ្តួចផ្តើមឡើង តាមរយៈ​ជំនួយ​របស់ ADB ដែល​ត្រូវបាន​ពង្រីក​រហូតដល់ ២០​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃទី​១៣​ខែមេសា​សម្រាប់​សមាជិក​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​។​
​កម្មវិធី​នេះ​រួមបញ្ចូល​នូវ​ក្រប​ខ័​ណ្ធ​ចូលរួម​របស់​ប្រទេស​ដែល​ទទួលបាន​ការគាំទ្រ​ដើម្បី​ធានាថា​រដ្ឋាភិបាល​និង​ADB​បន្ត​កិច្ចពិភាក្សា​គោលនយោបាយ​ជុំវិញ​ការអនុវត្ត​និង​តាមដាន​ការឆ្លើយតប​ទៅនឹង​COVID19​របស់​កម្ពុជា​។​ក្របខណ្ឌ​នេះ​ក៏​រួមមាន​ការប្រឹក្សា​យោបល់​ជាមួយ​វិស័យ​ឯកជន​និង​អង្គការ​សង្គម​ស៊ីវិល​។ កម្មវិធី​នេះ​ក៏​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព​គាំទ្រ​បច្ចុប្បន្ន​របស់ ADB សម្រាប់​កំណែ​ទម្រង់ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព ព្រមទាំង​បង្កើន​ប្រសិទ្ធ​ផល ក្នុងការ​បង្កើត​គោលនយោបាយ​និង​ថវិកា ការតាមដាន​ការចំណាយ និង​សវនកម្ម​។​

​កម្មវិធី​CARE​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​បំពេញបន្ថែម​ទៅនឹង​ការគាំទ្រ​របស់ ADB បច្ចុប្បន្ន​ដើម្បី​ផ្គត់ផ្គង់ ឧបករណ៍​ត្រួតពិនិត្យ​សីតុណ្ហភាព សម្រាប់​ប៉ុស្តិ៍​ត្រួតពិនិត្យ អន្តរជាតិ និង​ធានា​ការផ្តល់ បច្ចុប្បន្ន​ភាពទៀងទាត់ ដល់​វេ​ប​សាយ​ក្រសួង សុខាភិបាល​ដែល​បង្ហាញ​របាយការណ៍​តាមដាន​COVID19​និង​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ​រាល់ថ្ងៃ​។​

​វា​គឺជា​ផ្នែក​មួយ​នៃ​សក្តានុពលភាព​ដ៏​រឹងមាំ​នៃ​គម្រោង​វិនិយោគ​និង​ជំនួយ​បច្ចេកទេស​ដែល​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា​របស់​ADB​ឆ្នាំ​២០១៩២០២៣​ហើយនឹង​គាំទ្រ​ដល់​ការ​ស្តារឡើងវិញ​ក្រោយពី​ការ​រាតត្បាត​នៃ COVID-19 ។​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​នាំមក​នូវ វិបុលភាព​បរិ​យា​ប័ន្ន​ភាព​ធន់​និង​និរន្តរភាព​សម្រាប់​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ហើយ​ស្របពេល​ជាមួយគ្នានេះ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ លុបបំបាត់​ភាព ទីទ័លក្រ​ផងដែរ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​អភិវឌ្ឍន៍ អាស៊ី គឺជា​កម្មសិទ្ធិ​របស់ ប្រទេស​ជា​សមាជិក​ចំនួន ៦៨ ក្នុងនោះ មាន​៤៩​ប្រទេស​នៅក្នុង​តំបន់​នេះ​៕S/​