អាជ្ញាធរខេត្ត​កំពង់ចាម​ចុះ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​អតីតយុទ្ធជន​ស្ម័គ្រចិត្ត​៣៤​គ្រួសារ​

127
ចែករម្លែក

​ដោយ​:​គង់​ហេង​/​ក្រចេះ​៖​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ចុះ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​មួយចំនួន​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​ស្ម័គ្រចិត្ត​ចំនួន​៣៤​គ្រួសារ​ដែល​បាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ភូមិ​សំបួរ​សែន​ជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​ជួន​រតនា​វង្ស​មន្ត្រី​ព័ត៌មាន​សាលាខេត្ត​កំពង់ចាម​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ថា​៖​អាជ្ញាធរខេត្ត​សា​ម៉ី​បាន​ផ្តល់ជូន​ចំពោះមុខ​គឺ​ត​បណ្តាញ​ភ្លើងអគ្គិសនី​និង​បណ្តាញទឹក​របស់​រដ្ឋ​ដោយ​ចំណាយ​អស់​ទឹកប្រាក់​សរុប​ជាង ២០​លាន រៀល​។​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារ​នូវ​ថវិកា​ចំនួន ២០០.០០០ រៀល អង្ករ​ចំនួន ពីរ​បេ​ទឹកត្រី​ទឹក​ស៊ី​អ៊ា​វ​មុង​ភួយ​ខ្នើយ​កន្ទេល​ទឹកក្រូច​ជែ​ល​លាងដៃ​ម៉ាស់​មី​ត្រីខ​ស្ករស​និង​អំបិល​ដល់​ទាំង ៣៤​គ្រួសារ​។​


​មន្ត្រី​រូបនេះ​ឱ្យដឹងទៀតថា ជាមួយ​នោះ នឹង​ជួយ​សាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន បួន ខ្សែ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ភ្ជាប់​ទៅកាន់​បណ្តាញ​ផ្លូវ​ដទៃ​គឺជា​ការចំណាយ​របស់​អា​ជ្ញា​ធរ​ខេត្តកំពង់ចាម និង​រាជរដ្ឋាភិបាល​ផ្តល់ជូន ដីចម្ការ​សម្រាប់​បង្កប​ង្កើ​ន​ផល​ដោយ​ក្នុង​មួយ​គ្រួសារ​ចំនួន ពីរ ហិកតា​។ ដោយ​បច្ចុប្បន្ន​ពួកគាត់​(​គ្រួសារ​អតីតយុទ្ធជន​)​បានទទួល​រួចហើយ​បាន និង​កំពុង​រស់នៅ ផ្ទះមួយ​ខ្នង​សង់​ពី​ឈើ ប្រក់​ស័ង្កសី​បណ្តោយ បួន ម៉ែត្រ និង​ទទឹង ប្រាំមួយ ម៉ែត្រ លើដី​ទំហំ​បណ្តោយ ៤០ ម៉ែត្រ និង​ទទឹង ៣០ ម៉ែត្រ​តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៩​។​

​លោក​សឿន​សាំង​មេភូមិ​សំបួរ​សែន​ជ័យ​បាន​ប្រាប់​ឱ្យដឹងថា​នៅក្នុង​ភូមិ​សំបួរ​សែន​ជ័យ​មាន​ប្រជាពលរដ្ឋ​សុទ្ធតែជា​ក្រុមគ្រួសារ​អតីត​យុទ្ធ​រស់នៅ​តាំងពី​ឆ្នាំ​២០១០​លើក​ទី​១​និង​ឆ្នាំ​២០១៨​លើក​ទី​២​មកដល់​បច្ចុប្បន្ន​សរុប ប្រមាណ ៣៦០ គ្រួសារ​។​ក្នុងនោះ​មកពី​ខេត្តក្រចេះ​ខេត្តកំពង់ចាម​ខេត្ត​ត្បូងឃ្មុំ​ខេត្តតាកែវ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​។​


​លោក​មេភូមិ​សំបួរ​សែន​ជ័យ​បានឱ្យដឹង​ទៀតថា ភូមិ​ជា​គ្រួសារ​អតីត​យុទ្ធ​នេះ មាន​ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​អគ្គិសនី អណ្តូងទឹក​ចំនួន ប្រាំមួយ កន្លែង និង​សាលា​មួយ​ខ្នង​ចំនួន ប្រាំមួយ បន្ទប់ ពី​ថ្នាក់ ទី​១ ដល់​ថ្នាក់​ទី​៦​។​ប៉ុន្តែ​នៅ​មិនទាន់មាន​អគារ​ជា​សាលា​មតេយ្យ​មណ្ឌល​សុខភាព​និង​វត្ត​អារាម​គឺមាន​តែ​ដី​សម្រាប់​សាងសង់​ដែល​រាជរដ្ឋាភិបាល​បាន​ជួយឧបត្ថម្ភ​ដី​សម្រាប់​សង់សាលា​រៀន​ជាង​ពីរ​ហិកតា​មណ្ឌល​សុខភាព​ជាង​ពីរ​ហិកតា និង​វត្ត​ចំនួន​ជាង​ប្រាំមួយ ហិកតា​។​

​គួរបញ្ជាក់​ថា​នេះ​ជាការ​ចុះទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ជួយឧបត្ថម្ភ​របស់​អាជ្ញា​ធរ​ខេត្តកំពង់ចាម​ដល់​គ្រួសារ​អតីតយុទ្ធជន​ស្ម័គ្រ​ចិត្តជា​លើក​ទី​២​ហើយ​។​ដោយ​កាលពី​លើក​ទី​១​បាន​ជួយឧបត្ថម្ភ​អណ្តូងទឹក​ចំនួន ពីរ កន្លែង បង្គន់​អនាម័យ​ចំនួន បួន កន្លែង កូនឈើ​ចម្រុះ​ជា​ដំណាំ​ហូប​ផ្លែ​ចំនួន ១.៥០០ ដើម និង​ធ្វើការ​ឈូសឆាយដី​សម្រាប់​សង់​លំនៅស្ថាន និង​ដាំ​ដំណាំ​ផ្សេងៗ​បាន​ចំនួន ប្រាំមួយ ហិកតា​៕S/​