​បេក្ខជន​ជ័យលាភី​អាហារូបករណ៍​ទាំងអស់​ត្រូវធ្វើ​ខ្លួន​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​សម្រាប់​ប្រទេស​កម្ពុជា​

81
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖«​បេក្ខជន​បេ​ក្ខ​នារី​ជ័យលាភី​អាហារូបករណ៍​ទាំងអស់​ត្រូវ​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យបាន​ខ្លាំងក្លា​រក្សា​អាកប្បកិរិយា​ល្អ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ទម្លាប់​និង​វិន័យ​របស់​សាលា​នៅ​ប្រទេស​ជប៉ុន ហើយ​ត្រូវ​ធ្វើខ្លួន​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​សម្រាប់​ប្រទេស​កម្ពុជា​» ។​

​នេះ​ជា​ប្រសាសន៍​របស់លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ពាំនាំ​អនុសាសន៍​ណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​។​ក្នុងពេល​ទទួល​ជួប​សំណេះសំណាល​និង​ផ្ដល់​អនុសាសន៍ ជូន​បេក្ខជន​ជ័យលាភី​អាហារូបករណ៍ JDS 2020 ចំនួន​២៤​រូប​មុនពេល​ចេញទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​៨​ខែកក្កដា ឆ្នាំ​២០២០​។​

​ជំនួប​នេះ​ធ្វើឡើង​ដើម្បី​ផ្ដល់​អនុសាសន៍​ចំណេះដឹង​បទពិសោធន៍​ល្អៗ​ក៏ដូចជា​បង្ហាញ​នូវ​គោលនយោបាយ​និង​ចក្ខុវិស័យ​របស់​ក្រសួង​ដែលជា​ទស្សនទាន​ដ៏​មានតម្លៃ​បំផុត​សម្រាប់​បេក្ខជន​ក្នុង​ការយកទៅ​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​និង​ការអភិវឌ្ឍ​របស់​ជាតិ​។​ក្នុង​គោលបំណង​ឱ្យ​ពិភពលោក​បានដឹង​បាន​យល់ និង​មក​ទស្សនា​កម្ពុជា ក៏ដូចជា​ដើម្បី​ស្វែងរក​កាលានុវត្តភាព​ក្នុងការ​វិនិយោគ​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​ជម្រាបជូន​បេក្ខជន​ជ័យលាភី​អំពី​គម្រោង ដែល​សម្រេច​បាននិងកំពុង​បន្ត​ជាពិសេស​គម្រោង​អនុវត្ត​ដោយ​ប្រទេស​ជប៉ុន​ដូចជា​៖​គម្រោង​សាងសង់​ពង្រីក​និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៥​ផ្លូវជាតិ​លេខ​៦​។​ផ្លូវ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​ស្ពាន​គី​សូ​ណា​ស្ពាន​ខ្សឹ​បា​សា​គម្រោង​អភិវឌ្ឍន៍​កម្មវិធី​PortEDI​និង​គម្រោង​មួយចំនួន​ផ្សេងទៀត​។​ក្នុងនោះ​មាន​៖​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គម្រោង​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ គម្រោង​ផ្លូវដែក​ផងដែរ​។​

​លើសពីនេះ​ទៀត​លោក​រដ្ឋលេខាធិការ​ប្រចាំការ​បានលើកឡើង​ផងដែរ​អំពី​យន្តការ​និង​យុទ្ធសាស្ត្រ​ក្នុង​ផ្ដល់​សេវាសាធារណៈ​ប្រកបដោយ​តម្លាភាព​និង​ប្រសិទ្ធភាព​ដូចជា​៖​ការ​បង្ខិត​សេវាសាធារណៈ​ឱ្យ​កៀក​ប្រជាពលរដ្ឋ​ការចុះបញ្ជី​យានយន្ត​។​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យ​នុ្ត​ការប្រឡង​យក​បណ្ណ​បើកបរ​តាម​ប្រព័ន្ធ​ស្វ័យ​ប្រ​ត្តិ​កម្ម​ការបង្កើតឱ្យមាន​ក្រុមការងារ​ឆៀក​ចល័ត​ការផ្ដល់សេវា​ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅតាម​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទាំងពីរ​សាខា​ការទិញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​និង​កម្មវិធី​ថែទាំ​ផ្លូវ​ជាដើម​៕S/

​ចំណងជើង​រូបថត​៖ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួប​សំណេះសំណាល​និង​ផ្ដល់​អនុសាសន៍ ជូន​បេក្ខជន​ជ័យលាភី​អាហារូបករណ៍ JDS 2020 ចំនួន​២៤​រូប​មុនពេល​ចេញទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ជប៉ុន​