​អភិបាល​រាជធានី​ព្រមាន​ខ្លាំងៗ​ដល់​អ្នកចាក់ដី​រំលោភ​ប្រឡាយ​លូ​ប្រាំ​នៅ​ខណ្ឌមានជ័យ​

126
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌមានជ័យ​ត្រូវមាន​វិធានការ​ឱ្យបាន​ធ្ងន់ធ្ងរ​ចំពោះ​អ្នកចាក់ដី​រំលោភ​លើ​ប្រឡាយ​លូ​ប្រាំ​ហើយ​អ្នក​ដែល​បាន​រំលោភ​យក​ដី​ប្រឡាយ​ជាច្រើន​ម៉ែត្រ​នៅមុខ​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ​ត្រូវតែ​កាយ​ដី​ចេញ​វិញ​ជា​ប្រញាប់ ។​បើ​មិន​កាយ​ដី​រំលោភ​លើ​ប្រឡាយ​នេះ​ទេ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ច្បាប់​ដោយ​នឹងធ្វើ​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ការបញ្ជាក់​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​ក្នុងខណៈដែល​លោក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ស្ថានីយ​លូ​ប្រាំ​ក្នុងភូមិ​ប្ញ​ស្សី​ទី​១​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ ដែល​បាន​សាងសង់​រួចរាល់ ១០០​ភាគរយ​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ បើ​ចៅសង្កាត់ និង​អាជ្ញាធរ​ខណ្ឌមានជ័យ មិន​ប្តឹងទៅ​តុលាការ លោក​នឹង​ប្តឹង​អាជ្ញាធរ​សង្កាត់​ខណ្ឌ​វិញ​។​លោក​ក៏បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌមានជ័យ​និង​ម្ចាស់​ដី​ឱ្យ​កាយ​ដី​ចេញពី​ប្រឡាយ​ជាបន្ទាន់​។​ក្នុងនោះដែរ​លោក​អភិបាល​បាន​បញ្ជា​ទៅ​ការិយាល័យ​ភូមិបាល​ខណ្ឌមានជ័យ​និង​ការិយាល័យ​ភូមិបាល​ខណ្ឌដង្កោ​ឱ្យ​សហការគ្នាជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​វាស់វែង​ដី​ប្រឡាយ​នេះ​ឱ្យ​ត្រឹមត្រូវ​កំណត់​ព្រំ​ប្រឡាយ​ច្បាស់លាស់​។​បាញ់ថ្នាំ​ក្រហម​ដី​ណា​របស់​រដ្ឋ​ហើយ​ដី​ណា​របស់​ដីឯកជន​។​

​លោក​បន្តថា​៖​ចំណែក​អ្នកចាក់ដី​រំលោភ​ប្រឡាយ​ក៏​វាស់​ដែរ​តើ​«​កម្មសិទ្ធិ​គាត់​ត្រឹមណា​ទុក​ត្រឹមហ្នឹង​ទៅ​គឺ​ទុក​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ឲ្យ​កាយ​ដី​ចេញ​វិញ​។​បើ​គេ​មិន​កាយ​ទេ​រៀបចំ​ឯកសារ​ដាក់​បណ្តឹង​ទៅ​តុលាការ​»​។​ជាមួយគ្នា​នោះ​មន្ត្រី​អាជ្ញាធរ​បានឱ្យដឹងថា​៖​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​មាន​អ្នកធ្វើ​ផ្ទះ​លយ​ចូល​មាត់​ប្រឡាយ​លូ​ប្រាំ​នេះ​ចំនួន​៣៨​គ្រួសារ​។​

​សូមបញ្ជាក់ថា​៖​បើតាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ខណ្ឌ​សង្កាត់​អ្នកមាន​លុយ​ដែល​ចាក់ដី​រំលោភ​ចូល​ប្រឡាយ​នេះ​ឈ្មោះ​លោក​ហាំង​គង់​ដែលជា​មន្ត្រី​យោធា​ផង​និង​ជា​ឈ្មួញ​រកស៊ី​ជីកដី​និង​ដឹក​ដី​លក់​៕S/​