សម្តេច​តេ​ជោ​ហ៊ុនសែន​ថ្លែងអំណរគុណ​លោក​ញឹក​ប៊ុនឆៃ​ដែល​បាន​បរិច្ចាគ​ថវិកា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

1222
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។​ដែល​លោក​បាន​បរិច្ចាគ​នូវ​ជំនួយ​ជា​ថវិកា​ចំនួន​១០​លាន​រៀល​ជូន​ដល់​រាជរដ្ឋាភិបាល​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​ជា​កិច្ច​បំពេញ​កាតព្វកិច្ច​ការពា​រ​និង​សង្គ្រោះ​សុខភាព​និង​ជីវិត​ប្រជាជន​កម្ពុជា​។​នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ចំពោះ​លោក​ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​ញឹក​ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បរិច្ចាគ​ថវិកា​ចំនួន​១០​លាន​រៀល​ចំនួន​ពីរលើក​រួចមកហើយ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​ក្នុងនោះ​បានប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បាន​ទម្លាក់​ថវិកា​ចំនួន​១២៥​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ត្រៀម​បម្រុង​ជួយឧបត្ថម្ភ​សង្គ្រោះ​សង្គម​ក្នុងអំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​។​ការបរិច្ចាគ​ថវិកា​នេះ​គឺជា​លើក​ទី​២​ហើយ ដោយ​លើក​ទី​១​ផ្តល់ជូន​រាជរដ្ឋាភិបាល​ចំនួន ១០​លាន​រៀល​។​

ការប្រកាស​គាំទ្រ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែមិថុ​នា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ប្រាក់ឧបត្ថម្ភ​សង្គ្រោះ​សង្គម អំឡុង​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​ធ្វើឡើង​រយៈពេល​២​ខែ​ដំបូង​គឺ​នៅ​ខែមិថុនា​និង​ខែកក្កដា​ ឆ្នាំ​២០២០​។​ប៉ុន្តែ​បើ​ស្ថានការណ៍​របស់​ជំងឺ​នៅតែ​បន្ត​នោះ ​ជំនួយ​ឧបត្ថម្ភ​សង្គ្រោះ​សង្គម​នេះ​នឹង​បន្ត​ដូចគ្នា​ដោយ​ក្នុង​មួយខែ​រដ្ឋ​នឹងត្រូវ​ចំណាយ​២៥​លាន​ដុល្លារ​ក្នុងពេលដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ប្រាក់​ចំនួន​១២៥​លាន​ដុល្លារ​សម្រាប់​ត្រៀម​បម្រុង​រួចទៅហើយ​។

លោក​ញឹក​ប៊ុនឆៃ​បាន​មានប្រសាសន៍ថា​ ការផ្តល់​ថវិកា​ចំនួន​១០​លាន​រៀល​ជា​លើក​ទី​២​គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​នៅមាន​ការអូសបន្លាយ​មិនទាន់​បញ្ចប់​នៅឡើយ​និង​ផលប៉ះពាល់​មាន​ដល់​ប្រ​ជា​ពលរដ្ឋ​បណ្តាលមកពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។​នេះ​គឺជា​ស្មារតី​មួយ​ដែល​លោក​ចង់បាន​គឺ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ទាំងអស់​អ្នក​ដែលមាន​លទ្ធភាព រួមគ្នា​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​។

​លោក​បាន​បន្តថា​ ក្រៅពី​ការផ្តល់​ថវិកា​ជូន​រាជរដ្ឋាភិបាល​គឺ​លោក​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​គោ​លការណ៍​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​ជាពិសេស​ក្រសួងសុខាភិបាល​ដែល​បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​នូវ​ជំងឺ​រាលដាល​កូ​វីដ​-១៩ ។​លោក​បាន​ណែនាំ​ឱ្យ​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ទូទាំងប្រទេស​ណែនាំ​ផ្សព្វផ្សាយ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ដល់​ប្រជាពលរដ្ឋ​និង​សមាជិក​គាំទ្រ​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។​ឃើញថា​ប្រជាពលរដ្ឋ​មានការ​យល់ដឹងបាន​ច្រើន​អំពី​ការការពារ​ជំងឺ​កូ​វីដ​-១៩​។​

លោក​ញឹក​ប៊ុនឆៃ​បាន​បញ្ជាក់ថា ​មូល​ហេតុដែល​កម្ពុជា​មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ច្រើន​និង​មិនមាន​មនុស្ស​ស្លា​ប់ដូ​ប​ជា​បណ្តា​ប្រទេស​មួយចំនួន​គឺ​ដោយសារតែ​វិធានការ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ដែល​បានរៀបចំ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​បានល្អ​។​ជាការ​ងារ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​បានល្អ​ក្នុងការ​ការពារ​មិន​ឱ្យុ​ឆ្លង​ជំងឺ​នេះ​។​ម្យ៉ាងទៀត​កម្ពុ​ជាមាន​ធាតុអាកាស​ក្តៅ ក៏​ជាការ​ចូលរួមចំណែក​មួ​យ​ដែរ​ក្នុងការ​កាត់បន្ថយ​ជំងឺ​រាតត្បាត​នេះ​មិនអាច​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​មាន​អាកាសធាតុ​ត្រជាក់​។

​លោក​បានលើកឡើង​ថា​ បើ​សិន​ជា​ជំងឺ​កូ​វីដ​-១៩​នៅតែ​អូសបន្លាយ​គឺ​លោក​នៅតែ​បន្ត​ជួយឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​ទៀត​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​នេះ​ជា​ចំណុច​មាន​សារសំខាន់​មួយ​ចង់បង្ហាញ​ដល់​គណបក្សនយោបាយ​ក្តី​លោក​សូម​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានសម្រេច​ផ្តល់​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​នេះ គឺជា​ការល្អប្រសើរ​ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។

​លោក​បាន​បញ្ជាក់ថា “​នេះ​គឺជា​វិធាន​ការដែល​ល្អ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ឃើញថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​កម្រិត​នេះ​ក៏​ជាការ​ល្អប្រសើរ​មួយ​ហើយ​ទៅតាម​អ្វីដែល​យើង​មាន ដូច្នេះ​រាជរដ្ឋាភិបាល​គិតគូរ​បែបនេះ គឺជា​ការត្រឹមត្រូវ​ណាស់ ខ្ញុំ​សូម​គាំទ្រ​”​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​លើកឡើងថា ​បន្ទាប់ពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​លោក​បាន​ចូលរួម​ថវិកា​ចំនួន​១០​លាន​រៀល​ជួយ​ដល់​រាជរដ្ឋាភិបាល​និង​បន្ត​ជួយឧបត្ថម្ភ​ថវិកា​បន្ថែមទៀត​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ប៉ុន្តែ​ក្រៅពី​ថវិកា​លោក​ក៏បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ជាពិសេស​ជាមួយ​ក្រសួងសុខាភិបាល​ជួយ​ផ្សព្វផ្សាយ​ការណែនាំ​វិធានការ​នានា​ក្នុង​ការការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ និង​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅតាម​បណ្តា​រាជធានី​ខេត្ត​។​មកដល់ពេលនេះ លោក​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​យល់ដឹង​ច្រើន​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។

បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​កម្ពុជា​គឺ​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ការពារ​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដោយ​ក្នុងនោះ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ជាង​១២០​នាក់​និង​បាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់​និង​ជាពិសេស​មិនទាន់មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​៕S/​Ha