រថយន្ត​ស៊េរី​ទំនើប​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​

931
ចែករម្លែក

ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ខណៈ​ជិះ​ម៉ូតូ​ហើយ​ត្រូវបាន​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ស៊េរី​ទំនើប បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៦៧ កែង​ផ្លូវ​លេខ​៤៣២ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំកា​មន ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​រហូតដល់​ជិត​ផ្ទះសំណាក់​វ​ល្លិ៍​មាស តាម​បណ្តោយ​ផ្លូវ​១៣៥ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​តែម្តង​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GK 2456 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ស៊េរី​ទំនើប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO 2713 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​មាន​ប្រុស​ស្រី​ចំនួន​៦​នាក់​ទៀត ជា​ជន​ជាតិចិន​ដូចគ្នា​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ភ្លាមនោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅដល់​មុខ និង​ផ្ទះសំណាក់​វ​ល្លិ៍​មាស ទើប​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន​តែម្តង​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏បាន​ស្លាប់​ក្នុងពេល​បញ្ជូន​នោះ​។ ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម