ការប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបន្ថយជំនួយឆ្លងកាត់ព្រំដែនស៊ីរីត្រូវបរាជ័យ

112
ចែករម្លែក

មន្ត្រីម្នាក់បាននិយាយថាការប្រឹងប្រែងរបស់រុស្ស៊ីដើម្បីឱ្យអង្គការសហប្រជាជាតិកាត់បន្ថយជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសស៊ីរីដែលហែកហួរដោយសង្គ្រាមត្រូវបានបោះឆ្នោតជំទាស់ដោយក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធទី៨កក្កដា។

ការអនុញ្ញាតសម្រាប់ជំនួយ ដែលឆ្លងកាត់ច្រកចំនួន២នៅតាមព្រំដែនតួកគី ដោយមួយនៅឯបាបអាល់សាឡាមដែលឆ្ពោះទៅតំបន់អាឡេបប៉ូ និង មួយទៀតនៅបាបអាល់ហាវ៉ា ដែលបម្រើដល់តំបន់អ៊ីដលីប នឹងផុតកំណត់នៅថ្ងៃសុក្រទី១០កក្កដា។

នៅក្រោមសេចក្តីសម្រេចចិត្តរបស់ខ្លួន របបក្រុងមូស្គូចង់លុបបំបាត់ចំណុចឆ្លងកាត់ទីមួយ និង ដាក់កំហិតរយៈពេលត្រឹម៦ខែលើចំណុចឆ្លងកាត់ទីពីរ។

ប្រធានក្រុមប្រឹក្សាសន្តិសុខ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ គ្រីស្តូប ហូសហ្គិន បានប្រកាសថា រុស្ស៊ីត្រូវការសំឡេងឆ្នោតចំនួន ៩ និងកុំឱ្យមានវេតូណាមួយពីសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដើម្បីឱ្យសេចក្តីសម្រេចចិត្តរបស់ខ្លួនត្រូវបានអនុម័ត ប៉ុន្តែទទួលបានតែ ៤ សំឡេង។

ប្រទេសចំនួន ៧ បានបោះឆ្នោតប្រឆាំងនឹងវាហើយ ៤ ប្រទេសទៀតបោះអនុប្បវាទ។ លោកហូសហ្គិននិយាយថា “សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់រុស្ស៊ីមិនត្រូវបានអនុម័តទេដោយខកខានមិនបានទទួលចំនួនសំឡេងដែលត្រូវការ”។

ក្រុមអ្នកការទូតបាននិយាយថាប្រទេសរុស្ស៊ីរួមជាមួយចិនវៀតណាមនិងអាហ្វ្រិកខាងត្បូងបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះ។

អ្នកបោះជំទាស់រួមមានសហរដ្ឋអាម៉េរិកចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់បែលហ្ស៊ិកអេស្តូនីនិងសាធារណរដ្ឋដូមីនិក។

ក្រុមអ្នកការទូតនិយាយថាទុយនេស៊ីនីហ្សេរីយ៉ាឥណ្ឌូនេស៊ីនិងសាំងវ៉ាំងសង់បោះអនុប្បវាទ។

ការបោះឆ្នោតនេះបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីនិងចិនកាលពីថ្ងៃអង្គារបានបោះវេតូលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អាល្លឺម៉ង់និងបែលហ្ស៊ិក ដើម្បីអនុញ្ញាតឱ្យបន្តផ្តល់ជំនួយឆ្លងដែននិងរក្សាចំណុចឆ្លងកាត់ទាំងពីរមួយឆ្នាំទៀត៕ ដោយ៖ កញ្ញាដាលីស

ក្រុមប្រឹក្សាសន្តិសុខបោះជំទាស់សេចក្តីសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃពុធ