ចននី ដេប បដិសេធថាមិនបានទះកំផ្លៀងប្រពន្ធទេ

150
ចែករម្លែក

តារាសម្តែងហូលីវូដលោក ចននី ដេប កាលពីថ្ងៃពុធទី៨កក្កដាបានបដិសេធការអះអាងថាលោកបានទះកំផ្លៀងភរិយារបស់លោកឈ្មោះ អាមបឺ ហឺដ ខណៈលោកប្រឈមការសាកសួរនៅថ្ងៃទី ២ នៅក្នុងការជំនុំជម្រះក្តីដ៏ល្បីល្បាញរបស់លោកនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធទី៨កក្កដា។

តារាក្នុងរឿង “Pirates of the Caribbean” កំពុងប្តឹងកាសែតអង់គ្លេស The Sun សម្រាប់អត្ថបទឆ្នាំ ២០១៨ ដែលអះអាងថាលោកជា “អ្នកវាយធ្វើបាបប្រពន្ធ”។

ទាំងដេបអាយុ ៥៧ ឆ្នាំនិងនាងហឺដអាយុ ៣៤ ឆ្នាំបានស្ថិតនៅក្នុងតុលាការ ខណៈមេធាវីសម្រាប់ក្រុមហ៊ុន News Group Newspapers (NGN) របស់កាសែត The Sun បានសាកសួរគាត់អំពីការចោទប្រកាន់អំពីអំពើហិង្សាអំឡុងពេលអ្នកទាំងពីរនៅជាមួយគ្នា។

ក្រុមហ៊ុន NGN កំពុងជំទាស់នឹងពាក្យបណ្តឹងអំពីការបង្ខូចកេរ្ដិ៍ឈ្មោះ ហើយបាននិយាយថាមានភស្តុតាងដ៏លើសលប់ថា គាត់បានវាយប្រហារនាងហឺដ ខណៈស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀននៅចន្លោះឆ្នាំ ២០១៣ និង ២០១៦។

អ្នកទាំងពីរ ដែលបានជួបគ្នាលើកដំបូងនៅកន្លែងថតខ្សែភាពយន្ត “The Rum Diary” ឆ្នាំ ២០១១ បានរៀបការក្នុងឆ្នាំ ២០១៥ ប៉ុន្តែបានលែងលះគ្នានៅ ២ ឆ្នាំក្រោយ។

មេធាវីឈ្មោះ សាសា វ៉ាស់ តំណាងឱ្យក្រុមហ៊ុន NGN បានដាក់បន្ទុកទៅលើលោកដេបថា គាត់បានទះកំផ្លៀងនាងហឺដបីដង បន្ទាប់ពីនាងបានលេងសើចនឹងរូបសាក់ “Wino Forever” នៅលើដៃរបស់គាត់កាលពីខែមីនាឆ្នាំ ២០១៣ នៅពេលគាត់កំពុងស្រវឹងជោគជាំ។

តារាសម្តែងរូបនេះបានឆ្លើយតបថា “ខ្ញុំសុំទោសប៉ុន្តែវាមិនមែនជាការពិតទេ អ្នកយល់ច្រឡំហើយ…ខ្ញុំមិនបានវាយនាងហឺដទេ”។

ស្នាមសាក់នេះដំបូងឡើយមានចំណងជើងថា “Winona Forever” ហើយចង់សំដៅទៅលើតារាសម្តែងស្រីឈ្មោះ Winona Ryder ដែលគាត់ធ្លាប់មានទំនាក់ទំនងពីមុន។ គាត់បានប្តូរវា បន្ទាប់ពីពួកគេបែកគ្នា៕ ដោយ៖ កញ្ញាដាលីស