សៀមរាប អនុវត្ត​មុនគេ ហាម​ធ្វើ​អាជីវកម្ម ទិញ​-​លក់​-​សម្លាប់សត្វ​ឆ្កែ​!

272
ចែករម្លែក

កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​នៃ​ទឹកដីអង្គរ បានចេញ​លិខិត ហាមឃាត់​ការធ្វើ​អាជីវកម្ម ទិញ​-​លក់​-​ពិឃាតសត្វ​សុនខ ( ឆ្កែ )​។ ការហាមឃាត់​នេះ បានធ្វើ​ឡើងដោយយោង​តាមច្បាប់ ស្តីពីសុខភាព​សត្វ និង​ផលិតកម្ម​សត្វ ព្រមទាំង​កិច្ចប្រជុំ និង​ទទួល​ការណែនាំ​ពី​គណៈ​អភិបាលខេត្ត​សៀមរាប​។​
​ ​
​ក្នុង​លិខិត​លើកឡើងថា ខេត្តសៀមរាប ជា​ខេត្ត​ទេសចរណ៍វប្បធម៌ ធម្មជាតិ មាន​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មក​ទស្សនា​ប្រាង្គ​ប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់គ្មាន​ពីរ​លើ​លោក​យើង​នេះ​។ តាំងពី​បុរាណកាល​រៀងមក សត្វ​សុនខ ( ឆ្កែ ) ត្រូវបាន​ប្រជាជនទូទាំង​ពិភពលោក ជាពិសេស​ប្រជាជន​ខ្មែរ​យើង​ចាត់ទុកជា​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​របស់​មនុស្ស ហើយ​សត្វ​សុនខ ( ឆ្កែ ) មានគុណ​តម្លៃ​ណាស់ សម្រាប់​ការពារ​ផ្ទះ ចម្ការ ហ្វូង​សត្វ​ ជួយ​ក្នុងវិស័យ​យោធា​បានល្អ​ទៀតផង​…​។​
​ ​
​សេចក្តីប្រកាស លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការធ្វើ​អាជីវកម្ម​លក់​-​ទិញ -​ពិឃាតសត្វ​សុនខ ( ឆ្កែ ) ដើម្បី​ធ្វើជា​ម្ហូបអាហារ មាន​ភាព​អានាធិបតេយ្យ និង​កើនឡើង​គួរ ឲ្យ​ព្រួយបារម្ភ​។​នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា មានការ​ធ្លាក់ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ ជាច្រើន​ទៀតពី​តំបន់​មួយ​ទៅតំបន់​មួយ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។ នេះ​បើ​យោងតាម​ការសិក្សា ស្រាវជ្រាវ​ពី​អង្គការ​សុខភាព​សត្វ​ពិភពលោក ( OIE ) និង​អង្គការ ហ្វ​រ​ផរ ( Four Paw )​។​
​ ​
​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ការដើរ​ទាក់​លក់​-​ទិញ​និង​ពិឃាតសត្វ​អានាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​នឹងត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ តាម​មាត្រា ១១២, ១១៣, ១១៥ នៃ​ច្បាប់​នេះ​។ អាស្រ័យ​នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​-​លក់​សម្រាប់​ពិឃាត សត្វ​សុនខ​គ្រប់​ប្រភេទ ដោយ​គ្មាន​ការអនុញ្ញាត​។​
​ ​
​ច្បាប់ ស្តីពីសុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​ប្រកាស​ឲ្យ​ប្រើ​កាលពីដើមឆ្នាំ​២០១៦ ត្រង់​មាត្រា ១១២ កំណត់ថា ត្រូវ​ទទួលពិន័យ​អន្តរការណ៍ ជា​ប្រាក់​ប្រាំ​ពីរលាន​រៀល ចំពោះបុគ្គល​ណា ដែល​ធ្វើ​ពាណិជ្ជកម្ម និង​អាជីវកម្ម​សត្វ ផលិតផល​សត្វ បុស​ឱសថ ចំណី​សត្វ ប្រព្រឹត្ត​អំពើ​ណាមួយ ដូចជាបោះបង់ចោល លែង​ចោល ពិឃាត​យក​សាច់​ធ្វើជា​អាហារ លក់ដូរ កែច្នៃ ឬ​ចែកចាយ​ដល់​សាធារណជន​…​។​

​រីឯ​មាត្រា ១១៣ នៃ​ច្បាប់ ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​កំណត់ថា ត្រូវ​ទទួលពិន័យអន្តរការណ៍ ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១៥​លាន​រៀល ចំពោះ​បុគ្គល​ណា ដែល​ធ្វើពាណិជ្ជកម្ម និង​អាជីវកម្ម ដោយ​ប្រព្រឹត្ត​អំពើ​ណាមួយ ដូចជា បង្កើត​ទីកន្លែង​ព្យាបាល​សត្វ ទីកន្លែង​ប្រមូលផ្តុំ​រក្សា​សត្វ ទីកន្លែង​អាជីវកម្ម​សត្វ បង្កើត​សត្តឃាតដ្ឋាន ធ្វើ​អាជីវកម្ម​ពិឃាតសត្វ និង​បង្កើត​ទីកន្លែង​កែច្នៃ​បឋម​ផលិតផល​សត្វ គ្មាន​លិខិតអនុញ្ញាត ឬ​មិន​អនុវត្តតាម​បទដ្ឋាន បច្ចេកទេស​បសុព្យាបាល​…​។​

​ចំណែក​មាត្រា ១១៥ នៃ​ច្បាប់ ស្តីពីសុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​កំណត់ថា ត្រូវ​ផ្តន្ទា ទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល ទៅ​៥០ លាន​រៀល ចំពោះ​បុគ្គល​ណា ដែល​ប្រព្រឹត្ត​អំពើ​ណាមួយ ដូចជា ធ្វើ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​នូវ ប​សុ​ឱសថ ព្រមទាំង​វត្ថុធាតុដើម សារធាតុ​សកម្ម​សម្រាប់​លាយ​ផ្សំ​ប​សុ​ឱសថ ដែល​ហាមឃាត់ ឬ​ស្ថិតក្នុង​បញ្ជី​ហាមឃាត់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ចិញ្ចឹមសត្វ​ដោយ​ល្មើស​នឹង​ការហាមឃាត់​។​
​ ​
​កន្លងមក មាន​ក្រុម​សកម្មជន​ការពារ​សត្វ​ឆ្កែ បានធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម ហើយបាន​អំពាវនាវសម្រាប់ Dog Meat Free Cambodia! តាមរយៈ​ហ្វេ​ស​ប៊ុ​ក ដែល​ឈ្មោះថា សត្វ​គឺជា​មិ​ត្ដ​ភក្ដិ​មិនមែនជា​អាហារ​ទេ – End Dog Meat Trade Cambodia​។​

​ក្នុងសង្គម​យើង ពីមុនមកដល់​សព្វថ្ងៃ សាច់​ឆ្កែ ត្រូវបាន​ដាក់លក់​នៅតាម​ផ្លូវ ក្នុង​តំបន់​នៅខេត្តសៀមរាប និង​នៅ​ភ្នំពេញ ពិសេស​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​អង្គរវត្ត​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ការអនុញ្ញាត​ឲ្យ​មាន​ហាង​លក់​សាច់​ឆ្កែ នៅ​ចំ​កណ្ដាល​នៃ​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព និង​តំបន់​ទីផ្សារ ដែល​មានការ​មមាញឹក គឺអាច​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះរបស់​ជាតិ​សាសន៍​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​ភាគច្រើន​ដោយ​លើសលប់ មានចិត្ត​ស្រឡាញ់ និង​ចិញ្ចឹមសត្វ​ឆ្កែ ទុកដូចជា​សត្វ​ចិញ្ចឹម ដែលមាន​ភក្តីភាព​នឹង​ម្ចាស់​បំផុត​។

​អ្នកជំនាញ លើកឡើងថា ការដាក់​លក់​សាច់​ឆ្កែ នៅ​តំបន់​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ថែម​ទៀតផង​។ វិស័យ​ទេសចរណ៍ បា​នរក​ចំណូល​ឲ្យ​ជាតិ​យ៉ាងច្រើន ។ ដូច្នេះ​យើង​មិនអាច​ឲ្យ​សកម្មភាព​នៃ​ការជួញដូរ​សត្វ ឆ្កែ​ទាញ​សេដ្ឋកិច្ច​យើង​ឲ្យ​ធ្លាក់ចុះ​ឡើយ​។

​ភ្ញៀវទេសចរ​ជាច្រើន ពិសេស​ក្រុម​អ្នកទេសចរ​ស្បែ​កស មិន​ចង់​មក​ទស្សនា​ប្រទេស ដែលអនុញ្ញាតឲ្យ​មានការ​សម្លាប់សត្វ​ឆ្កែ និង​ស៊ីសាច់​ឆ្កែ​ឡើយ​។

​ជាមួយគ្នានេះ បន្ថែម​លើ​លិខិត​ហាមឃាត់​នេះ អាជ្ញាធរ​សមត្ថកិច្ច គួរតែ​ផ្សព្វផ្សាយ​ឲ្យ​បានទូលំទូលាយ ហើយ​ចាត់​កម្លាំង​ចុះ​បិទ និង​ចាប់​កន្លែង​លក់​សាច់​ឆ្កែ ព្រមទាំង​ចាប់​អ្នក​ទាក់ និង​ចាប់​ឆ្កែ អ្នក​ដឹកជញ្ជូន​ឆ្កែ​ក្នុង​ទ្រុង​តាម​ម៉ូតូ ឬ​រ៉ឺម៉ក ដើម្បី​បញ្ឈប់​អាជីវកម្ម​សត្វ​ឆ្កែ​មាន ប្រសិទ្ធភាព​។ ព្រោះថា ចេញ​តែ​ច្បាប់ លើ​ក្រដាស គឺ​មិនបាន​ផល​ទេ​បើ​គ្មាន​ការអនុវត្ត​ឲ្យ​បានត្រឹមត្រូវ​ទេនោះ​។​

​យើង​ម្នាក់ៗ គួរតែ​ចាប់ផ្តើម​មុនគេ ដោយ​មិន​លក់ មិន​ទិញ និង​មិន​ទទួលទាន​សាច់​ឆ្កែ​។ បន្ទាប់ពី​ខ្លួន​យើង​ហើយ អ្នក​អាច​បញ្ឈប់​សមាជិកគ្រួសា​រ ឬ​មិត្ត​ភ័ក្តិ​របស់​អ្នក​ឲ្យ​ឈប់​បរិភោគសាច់​ឆ្កែ នោះ​អ្នកមាន​ឈ្មោះថា បាន​សង្គ្រោះ​ជីវិត​សត្វ​ឆ្កែ​ហើយ​។

​នេះ​គឺជា​វិធីសាស្ត្រ​មួយ ក្នុងការ​បញ្ឈប់​អាជីវកម្ម​ជួញដូរ​សត្វ​ឆ្កែ​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​ក្នុង​សេដ្ឋកិច្ច​។ ប្រសិនបើ​ប្រជាជន មិន​ចង់​ទិញ​សាច់​ឆ្កែ នោះ​ម្ចាស់ ហាង​អ្នករកស៊ី​លក់​សាច់​ឆ្កែ នឹង​ផ្លាស់ប្ដូរ​អាជីវកម្ម ផ្ទះ​សត្តឃាត នឹង​បិទ ហើយ​អ្នកប្រមូល​ទិញ ទាក់​ចាប់​សត្វ​ឆ្កែ ក៏មាន​ការងារ​ផ្សេងទៀត​។​
​ ​
​ទន្ទឹមនឹង​ការចេញលិខិត​ហាមឃាត់ និង​អនុវត្តតាម​លិខិត​នោះ ក្រុម​អ្នក​ចិញ្ចឹមសត្វ​ឆ្កែ ក៏ត្រូវ មានការ​ទទួលខុសត្រូវ ដូចជា ដាក់ច្រវាក់ ឃ្លុំ​មាត់ ចង ឬក៏​លែង​នៅក្នុង​ផ្ទះ​។ ដុសលាង​សម្អាត នូវ​ការ​បន្ទោ​បង់​របស់​ស​ត្វ​ឆ្កែ និង​មិនត្រូវ​លែង​ឲ្យ​ឆ្កែ​បន្ទោ​បង់​ពាសវាល​ពាសកាល បង្ក​ការរំខាន​ដោយ​ក្លិន​មិនល្អ​ដល់​អ្នកជិតខាង​ឡើយ​។​
​ ​
​ជាងនេះទៅទៀត អ្នក​ចិញ្ចឹម​ឆ្កែ​ទាំងនោះ ក៏​គួរតែ​គិតគូ​រពី​សុវត្ថិភាព​អ្នកជិតខាង និង​សាធារណជន ដោយ​ប្រុងប្រយ័ត្ន​ឆ្កែ​របស់ខ្លួន កុំ​ឲ្យ​ឆ្កែ ខាំ​គេ ខាំ​ឯង ដែល​នាំ​ឲ្យ​បញ្ហា​ដល់​គេឯង​ហើយក៏អាច​កើត​ជម្លោះ​ដោយសារតែ​សត្វ​នោះ​ថែមទៀត​។​
​ ​
​ជារួម ដោយ​ផ្តើមចេញពី​ខេត្តសៀមរាប ដែលជា​ប៉ូល​ទេសចរណ៍​ទី​១​របស់​កម្ពុជា​នៅ​រាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងទៀត នៅ​ទូទាំងប្រទេស គួរតែ​ចេញ​លិខិត​ហាមឃាត់​ការធ្វើ​អាជីវកម្ម ទិញ លក់ និង​មិន​ឲ្យ​សម្លាប់សត្វ​ឆ្កែ ធ្វើ​ម្ហូបអាហារ​តទៅទៀត​ឡើយ​។ តាម​កន្លែង​តូប​លក់ សត្វ​ឆ្កែ ដែល​អាំង​ដុត​ឆ្កែ ដូច​អាំង​ដុត​គោ ក៏​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​ដាក់​កម្លាំង​ចុះ​ណែនាំ និង​បិទ​អាជីវកម្ម ហើយ​អប់រំ ឲ្យ​អ្នកលក់ និង​អ្នកទិញ ឈប់​ប្រកប​របរ​លក់​សាច់​ឆ្កែ ហើយ​អ្នក រកស៊ី​ទិញ​លក់​ឆ្កែ និង​ទាក់​ឆ្កែ ក៏​គួរ​អប់រំ​ឲ្យ​ពួកគេប្តូរ​មុខរបរ​។​
​ ​
​បើ​អប់រំ ណែនាំ​ហើយ មិន​ស្តាប់​ទៀត អាជ្ញាធរ​សមត្ថកិច្ច ចុងក្រោយ មានតែ​អនុវត្ត​តាមច្បាប់ ស្តីពីសុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​នឹងត្រូវ​ទទួលទោស​តាម​មាត្រា ១១២, ១១៣, ១១៥ នៃ​ច្បាប់​នេះ ដូច​បានលើកឡើង​ខាងលើ​៕ ដោយ​: ម៉េង​ឆៃ​/Ha