ថ​មមី អា​ប្រា​ហាំ ទាមទារ​តំឡើង​ប្រាក់​ឈ្នួល មុននឹង​បន្ត​អនាគត​វែងឆ្ងាយ​ជាមួយ​ក្លិប​ឆេ​ល​ស៊ី

120
ចែករម្លែក

តាម​ព័ត៌មាន​ថា កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham) កំពុងតែ​ទាមទារ​ប្រាក់​ឈ្នួល ខ្ពស់ជាង​នេះ​មុននឹង​បន្ត​អនាគត​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​( Chelsea) យូរអង្វែង​ទៀត​។​
​ ​
​ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យក្មេង​រូបនេះ​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​ជាមួយនឹង​កិច្ចសន្យា​លេង​ដែលមាន​ប្រាក់​ឈ្នួល ៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​កីឡាករ​ថ្នាល​ថ្មីៗ​ផ្សេងទៀត​របស់ ក្លឹប​នេះ​ត្រូវ​បានផ្តល់​កិច្ចសន្យា​លេង​ថ្មី​លើសពី​១២​ខែ​។​
​ ​
​អា​ប្រា​ហាំ កំពុង​ចរចា​ជាមួយ​គ្រូបង្វឹក​ក្លិប Chelsea ជុំវិញ​អនាគត​របស់ខ្លួន​ហើយ​រំពឹងថា នឹង​ទទួលបាន​កិច្ចសន្យា​មួយ​ដែល​ប្រហាក់ប្រហែល​នឹង​ប្រាក់​ឈ្នួល​របស់​កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) គឺ​១២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ បូករួម​ប្រាក់ លើកទឹកចិត្ត​ផងដែរ​។​
​ ​
​កីឡាករ​រូបនេះ​ដឹង​ច្បាស់​ថា ខ្សែប្រយុទ្ធ​ថ្មី ធី​ម៉ូ វើ​ន័​រ (Timo Werner) នឹងមាន​ប្រាក់​ឈ្នួល ១៧០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​នៅពេល​សួរនាំ​អំពី​អនាគត​របស់ អា​ប្រា​ហាំ នៅមុន​ដំណើរ​ប្រកួត​របស់​ក្រុម Chelsea នៅលើ​ទឹកដី​របស់​ក្រុម​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​និយាយថា កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​។​
​ ​
​អា​ប្រា​ហាំ រកបាន​១៥​គ្រាប់​សម្រាប់​ក្រុម Chelsea នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ក្នុង​១០​ប្រកួត​ចុង ក្រោយ​មិនអាច​រកបាន​គ្រាប់​បាល់​នោះទេ ហើយ​ទើបនឹង​រកបាន​១​គ្រាប់​គត់​ក្នុង​ឆ្នាំ ២០២០​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham)