ទិវា​ជាតិ​អា​ហ្ស​ង់​ទីន​

110
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អា​ហ្ស​ង់​ទីន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​៩ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព ពី​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៨១៦ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អា​ហ្ស​ង់​ទីន​មាន​ផ្ទៃដី ២៧៨០៤០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ អាមេរិក​ខាងត្បូង មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​បូ​លិ​វី ប៉ា​រ៉ា​ហ្កា​យ ប្រេ​ស៊ី​ល និង អ៊ុយ​រុយ ហ្កា​យ សមុទ្ទ​អា​ត្ល​ង់​ទិ​ក ឈី​លី និង​ខ្សែ​កំណត់​ដែនទឹក Drake Passage ។ ឆ្នាំ ២០២០ អា​ហ្ស​ង់​ទីន មាន​ប្រជាជន​ជាង ៤៥ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត​ភាសា ផ្លូវការ គឺ​ភាសា​អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ។​

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ​១៥៣០ ទឹកដី​ដែលជា​ប្រទេស​អា​ហ្ស​ង់​ទីន សព្វថ្ងៃនេះ គឺជា​ដែនដី​ក្រោម​អាណា និគម​របស់​អេ​ស្ប៉ា​ញ ។ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៧៧៦ សហរដ្ឋអាមេរិក ប្រកាស​ឯករាជ្យ​ពី ចក្រភព​អង់គ្លេស ធ្វើឱ្យ​លោក​គ្រី​អូ​ឡូ​ស (​ជនជាតិ​អេ​ស្ប៉ា​ញ កើត​នៅ​អាមេរិក​) មានជំនឿថា បដិវត្តន៍ និង​ឯករាជ្យភាព​ពី​អេ​ស្ប៉ា​ញ ពិតជា​អាចទៅរួច ។

​គំនិត​នៃ​បដិវត្តន៍​បារាំង ឆ្នាំ​១៧៨៩ (​ដល់ ១៧៩៩ ដឹកនាំ​ដោយ​ណាប៉ូឡេអុង ផ្តួលរំលំ​របប រាជានិយម​) បាន​រីក​រាលដាល សុះសាយ​ពាសពេញ​ទ្វីបអឺរ៉ុប និង​អាមេរិក ។ មនោគមវិជ្ជា សេរីភាព​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច បាន​រីក​រាលដាល នាំឱ្យមាន​បដិវត្តន៍ នៅ​អា​ត្ល​ង់​ទិ​ក ជ្រួតជ្រាប​ដល់​ភាគច្រើនបំផុត នៃ​បស្ចិម​លោក ។​

​ប៉ុន្តែ​គំនិត​ទាំងនេះ ត្រូវបាន​ហាមឃាត់ នៅក្នុង​ទឹកដី​ក្រោម​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ​សូម្បី តែ​សៀវភៅ ស្តីអំពី​បដិវត្តន៍​នៅ​បារាំង ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បោះពុម្ពផ្សាយ​ដែរ ។ ប៉ុន្តែ មិនអាច​បិទ​ខ្ទប់​បានឡើយ គឺ​វា​បាន​ត្រូវគេ​ពង្រីក​ពាសពេញ​ទឹកដី ហើយ​សៀវភៅ​ស្តីពី​បដិវត្តន៍ នៅ​សហរដ្ឋអាមេរិក ក៏បាន​ជ្រៀតចូល​ទឹកដី​របស់​អេ​ស្ប៉ា​ញ ដែលជា​ម្ចាស់​អាណានិគម ផងដែរ ។​

​បដិវត្តន៍​ឧស្សាហកម្ម នៅ​អង់គ្លេស​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៧០០ ធ្វើឱ្យ​ផលិតផល​អង់គ្លេស កើនឡើង​យ៉ាងគំហុក ដែល​តម្រូវឱ្យ​អង់គ្លេស ត្រូវតែ​ស្វះ​ស្វែងរក​ទីផ្សារ សម្រាប់​លក់​ផលិត ផល​ទាំងនោះ​។ សង្គ្រាម​ណាប៉ូឡេអុង បាន​ហាមឃាត់ មិនឱ្យ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត របស់​បារាំង ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ឡើយ​។ ដោយហេតុនេះ អង់គ្លេស ត្រូវតែ​រក​ទីផ្សារ នៅក្នុង​ដែនដី​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​។ ប៉ុន្តែ​ដែនដី​ទាំងនោះ មិនត្រូវ​បាន​អេ​ស្ប៉ា​ញ អនុញ្ញាត​ឱ្យធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ណា​ផ្សេង ពី​ប្រទេស​អាណាព្យាបាល​របស់​ពួកគេ គឺ​អេ​ស្ប៉ា​ញ​ខ្លួនឯង​ឡើយ ។

​ដើម្បី​សម្រេច​បំណង​ក្នុងការ​ស្វែងរក​ទីផ្សារ​របស់ខ្លួន ទើប​ពីដំបូង​អង់គ្លេស ចាប់ផ្តើម​ឈ្លានពាន ចូលទៅ​តំបន់ រី​អូ ដឺ ឡា ផ្លា​តា ដែលជា​ដែនដី​ក្រោម​អាណានិគម អេ​ស្ប៉ា​ញ និង​បាន​ឈ្លានពាន យក​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត នៅ​តំបន់​អាមេរិក អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​គោលដៅ​របស់​អង់គ្លេស មិនបាន​ជោគជ័យ ទើប​អង់គ្លេស ងាក​ទៅ​ផ្សព្វផ្សាយ​បំផុល​បំផុសគំនិត ជនជាតិ​អាមេរិក -​អេ​ស្ប៉ា​ញ ឱ្យ​រើបម្រះ​ពី​អាណានិគម អេ​ស្ប៉ា​ញ វិញ ។​

​ការ​ងើប​បោះ​បោរ​នៅ​ឆ្នាំ​១៨០៨ ដោយមាន​ណាប៉ូឡេអុង ជា​បង្គោល​បាន​បង្ខំ​ឱ្យ​ស្តេច​ឆា​លស៍ ទី​៤ របស់​អេ​ស្ប៉ា​ញ ដាក់រាជ្យ ដែល​បានសេចក្តីថា អំណាចកណ្តាល​របស់​អេ​ស្ប៉ា​ញ​បាន​រង្គោះ រង្គើ​យ៉ាងខ្លាំង ឬ​ចុះខ្សោយ​យ៉ាងច្រើន​។ ស្តេច​ឆា​លស៍ បាន​ស្នើឱ្យ​ណាប៉ូឡេអុង លើក​បុត្រា របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ​ទី​៧ ឱ្យ​ជា​អ្នក​ស្នងរាជ្យ​ព្រះអង្គ​។ ប៉ុន្តែ​ណាប៉ូឡេអុង បែរជា​បាន​លើក​ប្អូនប្រុស​របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ​នៅ​អេ​ស្ប៉ា​ញ ទៅវិញ ។​

​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែលជា​ក្រុមប្រឹក្សា​ដ៏​មានអំណាច នៃ​អាណាចក្រ​អេ​ស្ប៉ា​ញ ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​ការលើក​ស្តេច ចូ​សេ​ហ្វ ហើយ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំងនឹង រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​បាត៍ និង​ការកាន់កាប់​របស់​បារាំង ទៅលើ​អេ​ស្ប៉ា​ញ​ដោយ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា បាន​កាន់កាប់​អំណាច ក្នុងនាម​រាជា​នុ​សិទ្ធិ​ខណៈពេល​ពុំ ទាន់​មាន​ស្តេច និង​ផ្តាច់ចំណង​ភក្តីភាព​របស់ខ្លួន​ពី​បារាំង​ទៅ​ប្រគល់ឱ្យ ចក្រភព​អង់គ្លេស​វិញ ។​

​ទង្វើ​ខាងលើនេះ ធ្វើឱ្យ​បារាំង ក្តៅក្រហាយ​ជាខ្លាំង ទើប​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៨១០​កងទ័ព បារាំង បាន​ចូលលុកលុយ​កាន់កាប់​ទីក្រុង​សេ​វីឡា និង​កាន់កាប់​ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ អេ​ស្ប៉ា​ញ នៅ​ទីក្រុង​ខា​ឌី​ហ្ស ហើយ​ឱ្យ​ក្រុមប្រឹក្សា​នេះ ដើរតួ​ជំនួស​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែល​ប្រឆាំងនឹង​បារាំង​វិញ ។​

​មួយ​សប្តាហ៍ នៃ​ខែ​ឩ​សភា​
​នៅ​ថ្ងៃទី​១៤ ខែ​ឩ​សភា ឆ្នាំ​១៨១០ ទូក​ចម្បាំង​មួយគ្រឿង​របស់​អង់គ្លេស បាន​ទៅដល់​ទីក្រុង ប៊ុ​យ​ណូ​ស៊ែរ នៃ​រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម​អាណា និគម​អេ​ស្ប៉ា​ញ ជាមួយនឹង​កាសែត​មួយចំនួន ដែល​ចុះផ្សាយ អំពី​ការរំលាយ ឩ​ត្ត​ម​ក្រុមប្រឹក្សា កណ្តាល ជុន​តា និង​ទីក្រុង​សេ​វីឡា ត្រូវបាន​លុកលុយ​កាន់កាប់ ដោយ​កងទ័ព​បារាំង ដែល បាន​ត្រួតត្រា ភាគច្រើនបំផុត​រួចទៅហើយ លើ​តំបន់​ឧ​ប​ទ្វី អ៊ី​បេ​រាន ហើយ​ថា អតីត​សមាជិក ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា មួយចំនួន បាន​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន នៅ​ទី​ផ្សេងៗ​។ ដំណឹង​នោះ ធ្វើឱ្យ​រង្គោះរង្គើ នៅ​តំបន់​ប៊ុ​យ​ណូ​ស៊ែរ ប៉ុន្តែ​ពួកគេ​មិនទាន់​សម្រេចចិត្ត​យ៉ាង ណា​នៅឡើយ ។

​នៅ​ថ្ងៃទី​១៧ ខែ​ឩ​សភា ឆ្នាំ​១៨១០ នោះ នាវាចម្បាំង​អង់គ្លេស មួយគ្រឿង​ទៀត បាន​ទៅដល់ ម៉​ង់​តេ​វិ​ដេ​អូ (​បច្ចុប្បន្ន ក្លាយជា​ទីក្រុង​របស់​ប្រទេស​អ៊ុយ​រុយ​ហ្កា​យ​) បាន​យក​កាសែត​ដែល ទើបតែ​ចេញផ្សាយ​ថ្មីៗ​បំផុត ដែល​ផ្សាយ​ថា សមាជិក​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន​បណ្តេញ ។

​ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ នៃ​ទីក្រុង​ខា​ឌី​ហ្ស (​ជា​ស្ថាប័ន​អំណាច នៃ​រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​) មិនត្រូវ​បាន​គេ​មើលឃើញថា ជា​អ្នក​បន្តវេន​ពី​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ក្នុងឋានៈ​ជា​អ្នកតស៊ូ​របស់ អេ​ស្ប៉ា​ញ​ឡើយ ប៉ុន្តែ​បែរជា​មានបំណង​ស្តារឡើងវិញ​នូវ​របប​ផ្តាច់ការ​នៅក្នុង​ទឹកដី​អេ​ស្ប៉ា​ញ ទៅវិញ ។ ពេលនោះ កេ​រ្ត៍​ឈ្មោះ​របស់ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន​គេ​ចងចាំ​ទុក​ក្នុង​ចិត្ត ។ ក្រុម​ដែល​អះអាងថា ជា​អ្នកស្នេហាជាតិ (​របស់​អេ​ស្ប៉ា​ញ​) នៅ​អាមេរិក​ខាងត្បូង បារម្ភ​ខ្លាច ក្រែង​ថា តំបន់​ឧបទ្វីប នៃ​រាជាណាចក្រ​អេ​ស្ប៉ា​ញ នឹងត្រូវ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​បារាំង ទាំងស្រុង ហើយក៏​ខ្លាច​ការបង្កើតឡើងវិញ នូវ​របប​ផ្តាច់កា​រដែរ ។​

​ថ្ងៃ​សុក្រ​-​សៅរ៍​ទី ១៨-១៩ ឩ​សភា ឆ្នាំ​១៨១០ តៀម​កាហ្វេ និង​ទី​ផ្សេងៗ នៃ​រាជាណាចក្រ Viceroyalty of the Río de la Plata បាន​ក្លាយជា​កន្លែង​ពិភាក្សា​រឿង​នយោបាយ​។ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស បានស្នើ​គំនិត​បង្កើត​អង្គកា​រដ្ឋាភិបាល​មួយ ដែល​នឹង​គ្រប់គ្រង​អំណាច​តំណាង ឱ្យ​ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់​ទី​៧ ដែល​អង្គ​រដ្ឋាភិបាល​នោះ​បង្កើត​រួមគ្នា​ជាមួយនឹង​ឩ​បរាជ​របស់ ប៉េ​រូ​ចូ​សេ​ហ្វ៊ែ​រណង់​ដូ​ដឺ​អា​បាស្កា​លី ជា​អភិបាល​នៃ​តំបន់​ប៉ូ​តូ​ស៊ី (​បច្ចុប្បន្ន​ប្រទេស​បូ​លី​វី ) និង​ប្រធាន Royal Audiencia of CharcasVicente Nieto​។​

​ពួក​អ្នក​វណ្ណៈ​សង្គម មួយចំនួន​បាន​ទៅ​ជួ​ប្រជុំគ្នា នៅក្នុង​ភូមិគ្រឹះ​របស់លោក នី​កូ​ឡាស រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដែលជា​អ្នកជំនួញ​ដ៏​ធំ​ម្នាក់ និង​លោក ម៉ា​ទីន រ៉ូ​ឌ្រី​ហ្កេ​ស៍ ដែលជា​មេទាហាន ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅ​ប៊ុ​យ​ណូ​ស៊ែរ ។ ពួកគេ​បាន​លើកឡើងថា អេ​ស្ប៉ា​ញ បច្ចុប្បន្ន​ស្ទើរតែ ក្រោម​ការគ្រប់គ្រង​រប​ស់ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ទាំងស្រុង​ទៅហើយ អេ​ស្ប៉ា​ញ ពុំមាន លទ្ធភាព​ត្រួតត្រា​ខ្លួនឯង និង Viceroyalty of the Río de la Plata ទៀតឡើយ​ពោលគឺ​ដល់ ពេលដែល Viceroyalty of the Río de la Plata រើបម្រះ​ហើយ ។​

​នៅ​អំឡុង​យប់​ថ្ងៃទី​១៩ ខែ​ឩ​សភា ឆ្នាំ​១៨១០ នោះ មានការ​ពិភាក្សាគ្នា​បន្ថែ​ម​ទៀត​នៅក្នុង ភូមិគ្រឹះ​លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដើម្បី​បែងចែក​ការងារ​គ្នា​ធ្វើ ក្នុងនោះ​មាន​ទាំង​លោក ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា នៃ​អាណាចក្រ Viceroyalty of the Río de la Plata និង​លោក ឩ​ត្ត​មនា​វី ម៉ា​នូ​អែល ប៊ែ​ល​ហ្ក្រា​ណូ ផងដែរ ។​
​ ​
​ល្ងាច​ថ្ងៃអាទិត្យ​ទី​២០ ខែ​ឩ​សភា ឆ្នាំ​១៨១០ ដដែល​នោះ លោក​ព្រះរាជអាជ្ញា​ហ្សួ​ន​ចូ​សេ​កា ស្តេ​លិ ដែលជា​សមាជិក​អង្គប្រជុំ កាលពី​យប់​ថ្ងៃទី​១៩ ដែរនោះ បានស្នើ​សុំឱ្យ​លោក​ឩ​ត្ត​មនា​វី (​ឩ​បរាជ​) បាល់​តា​ហ៊ី​ដាល់​ហ្កូ​ដឺ​ស៊ី​ស​ណេ​រ៉ូ​ស បើកទ្វារ​វិមាន​កាប៊ី​ល​ដូ (​នៃ​អាណាចក្រ Viceroyalty of the Río de la Plata ) ។ ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស បាន​កោះប្រជុំ​មេទ័ព​ទាំងឡាយ ដើម្បី​សុំ​ការគាំទ្រ ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម​ថា តាមពិត គឺ​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស​ប្រើ ឩ​បាយ​កល្ប ដើម្បី​ចាប់ខ្លួន​ពួក​មេទ័ព​ទាំងនោះ ដើម្បី​គ្រប់គ្រង​ការបះបោរ​ទៅវិញ​ទេ​។ ប៉ុន្តែ​ឩ​បាយ​កល​នោះ ពុំបាន​សម្រេច​ឡើយ​។​

​យប់នោះ មាន​ហេតុការណ៍​ប្រទាញប្រទង់​គ្នា​ជាច្រើន បានកើត​ឡើង​រវាង​ពួក​អ្នក​ចង់​ធ្វើ​បដិវត្តន៍ បង្កើត​ឯករាជ្យ និង​ពួក​មានអំណាច​មួយក្រុម​តូច ដែល​ចង់​រក្សា​អំណាច​របស់ខ្លួន​ក្រោម​ការ ត្រួ​ត្រា​របស់​អេ​ស្ប៉ា​ញ ដែល​ពេលនោះ អេ​ស្ប៉ា​ញ ស្ទើរតែ​ក្លាយជា​ដែនដី​អាណានិគម​ទាំង ស្រុង​របស់​បារាំង​ទៅហើយ​។ ទីបំផុត ពួក​អ្នក​បដិវត្តន៍ បាន​ដកថយ​ទៅវិញ ដើម្បី​រៀបចំ​ធ្វើ បាតុកម្ម នៅ​ថ្ងៃ​បន្ទាប់​។​

​នៅ​ថ្ងៃទី​២១ ខែ​ឩ​សភា ឆ្នាំ​ដដែល​នោះ មានការ​ដាក់​លិខិត​ឱ្យ​បើក​វិមាន​កាប៊ី​ល​ដូ​។ ហ្វូង​បាតុករ បាន​ដើរ​ឆ្ពោះទៅ​វិមាន​រាជការ កាប៊ី​ល​ដូ បាន​ស្រែក​ឡើង​ខ្លាំងៗ ទាម​ទាម​បើក​វិមាន​កាប៊ី​ល​ដូ និង​ទាមទារ​ឱ្យ​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស លាលែង​ពី​តំណែង​។ ប៉ុន្តែ​ពួក​អ្នក​ទាំងនោះ ត្រូវបាន ទប់ស្កាត់ ដោយ​កងទ័ព ៦០០ នាក់ ដែល​កាន់កាប់​រាជវាំង​ផ្លា​ហ្សា​។​
​ ​
​នៅ​ថ្ងៃ​អង្គា​រ៍​ទី​២២ ខែ​ឩ​សភា ឆ្នាំ​១៨១០ ខណៈ​ស្ថានភាព​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ ពេលនោះ មានការ​ពិភាក្សាគ្នា​មួយ ផ្តោតលើ​ការទាមទារ​ឱ្យ​បើក​វិមាន​កាប៊ី​ល​ដូ ឱ្យ​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ លាលែង​ពី​តំណែង និង​បង្កើតឱ្យមាន​រដ្ឋាភិបាល ក្នុងស្រុក​មួយ​ជា​ជំនួស​វិញ​។ ការជួប​ជុំនោះ តាំងពីព្រឹក​រហូតដល់​កណ្តាលអធ្រាត្រ ដែល​ផ្តោត​សំខាន់ លើ​ធម្មនុញ្ញភាព (​ភាពស្របច្បាប់​) នៃ​រដ្ឋាភិបាល​មួយ និង​អំណាច​របស់​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស ។​

​ថ្ងៃ​ពុធ ទី​២៣ ខែ​ឩ​សភា ឆ្នាំ​១៨១០ បាន​ចូល​មកដល់ ដោយនៅ​ទីបំផុត ពួកគេ​សម្រេចចិត្ត បោះឆ្នោត ហើយ​លទ្ធផល​គឺ ១៥៥ សំលេង ប្រឆាំងនឹង​ការ​មាន​ឩ​បរាជ ទល់នឹង ៦៩ សម្លេងគាំទ្រ​។ ដូច្នេះ នៅ​ព្រឹក​ព្រ​ហ៊ា​ម នៃ​ថ្ងៃទី​២៣ ខែ​ឩ​សភា ឆ្នាំ​១៨១០ ខែ​ឩ​សភា នោះ វិមាន​កាប៊ី​ល​ដូ បានប្រកាស​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ថា ឩ​បរាជ​បានបញ្ចប់​យុគ​របស់គាត់ ហើយ ។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​ឩ​សភា ឆ្នាំ​១៨១០ អំណាច​ខ្ពស់​បំប​ផុត​ពេលនេះ ត្រូវបាន​ប្រគល់ឱ្យ អ្នកគ្រប់គ្រង កាប៊ី​ល​ដូ គឺ​លោក​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ដដែល ជា​បណ្តោះអាសន្ន​រហូតដល់ មានការ​តែងតាំង​រដ្ឋា​ភិ​បាល​គ្រប់គ្រង​មួយ ។ ដំណឹង​នេះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពួក​អ្នក បដិវត្តន៍ ញ៉ាំងឱ្យ​ពួកគេ បារម្ភ ថា​ពួកគេ​នឹង​អាច​ត្រូវ​លោក ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស កាប៊ី​ល​ដូ ដាក់ទោស ទើប​អ្នកខ្លះ​បិទទ្វារ​មិន​ចាក​ចេញពីផ្ទះ​។ ប៉ុន្តែ​អ្នកខ្លះ បាន​ទៅ​ជួបប្រជុំគ្នា​នៅឯ​ភូមិគ្រឹះ របស់លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ហើយ​បាន​យល់ឃើញថា នឹង​ពុំមាន​ការដាក់ទោសទណ្ឌ លើ​បុគ្គល​ណាមួយ​ឡើយ ប្រសិនបើ​គ្មាន​ការយល់ព្រម​ពី​លោក​ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា ដែលជា​អ្នក​ឈរ នៅ​ខាង​ពួក​អ្នក​បដិវត្តន៍​ដែរ ។​

​រំពេច​នោះ ក៏​ស្រាប់​តែមាន​ហ្វូងមនុស្ស ឥត​សណ្តាប់ធ្នាប់ ដឹកនាំ​ដោយ ដូ​មីង​ហ្គោ បារាំង បាន​ចូលលុកលុយ​ពាសពេញ​រាជវាំង​ផ្លា​ហ្សា ដើម្បី​ពង្រឹង​អំណាច​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ព្រោះ​បារាំង យល់ថា ឩ​បរាជ​រូបនេះ អាច​យកមកប្រើ​ការបា​ន ដើម្បី​ប្រឆាំង​ពួក​អ្នក​បដិវត្តន៍​។​

​ដំណើរ​ផ្ទុយគ្នា​នេះ នៅ​យប់នោះ ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា បាន​ជូនដំណឹង​ទៅ ឩ​បរាជ​ស៊ី​ស ណេ​រ៉ូ ថា​គាត់ (​សា​វ៉េ​ដ្រា​) បាន​លាលែង​ពី​តំណែង​ហើយ ដូច្នេះ​លោក ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស ក៏​ត្រូវតែ​លាលែង​ពី​តំណែង​ដែរ ហើយ​ព្រមាន​ថា នឹង​ជិត​មាន​បដិវត្តន៍​ហិង្សា​ពី​សំណាក់ ប្រជាពលរដ្ឋ កើតឡើង​ហើយ ប្រសិនបើ​គាត់ (​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​) មិន​លាលែង​ពី​តំណែង​ដែរ ហើយ​ថា​ពេលនោះ គាត់ (​សា​វ៉េ​ដ្រា​) នឹងមិន​មានអំណាច​កា​រពារ​គាត់ (​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​) ឡើយ​។​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ បាន​ឆ្លើយតប​វិញ​ថា គាត់​ចង់​រង់ចាំ​ពីរ​បី​ថ្ងៃ​ទៀត​ទើប​ប្រកាស លាលែង​ពី​តំណែង ប៉ុន្តែ សា​វ៉េ​ដ្រា ប្រាប់ថា គ្មាន​ពេល​សម្រាប់​ពន្យារ​ទៀតឡើយ ទើប ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ ដាក់ពាក្យ​លាលែង​ពី​តំណែង ប៉ុន្តែ​ត្រូវ​វិមាន កាប៊ី​ល​ដូ បដិសេធ ។

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឩ​សភា ឆ្នាំ​១៨១០ ដដែល​នោះ បើទោះជា​អាកាសធាតុ​មិនល្អ​ក្តី ក៏មាន​ហ្វូ​មនុស្ស​ជាច្រើន​កកកុញ​បាន​ទៅ​ជួបជុំគ្នា​នៅ​ពីមុខ​រាជវាំង Plaza de la Victoria ស្រែក​សុំឱ្យ​ជ្រើសតាំង​រដ្ឋាភិបាល ជុន​តា ថ្មី​មួយ ដែល​មិន​រួមបញ្ចូល​សមាសភាព ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ។​

​វិមាន​កាប៊ី​ល​ដូ បាន​ជួបប្រជុំ​នៅ​ម៉ោង ៩:០០ ព្រឹក​នោះ ហើយ​ចាត់ទុកថា ហ្វូង​មហាជន​គ្មាន​សិទ្ធិ ជះឥទ្ធិពល​លើ​អ្វីដែល​វិមាន​កាប៊ី​ល​ដូ សម្រេច​ឡើយ ហើយ​ថា ពួក​បាតុករ​ទាំងនោះ​គួរ​ត្រូវ បា​នប​ង្ក្រា​ដោយ​កងកម្លាំង និង​ចាប់​មេដឹកនាំ​មក​ផ្តន្ទាទោស ។ ពួកគេ​បានស្នើ​សុំឱ្យ​មេទ័ព ធ្វើ​បែប​នោះ ប៉ុន្តែ​ពួក​មេទ័ព​មិន​គោរព​បញ្ជា​បែប​នោះឡើយ ។ ហ្វូង​បាតុករ​កាន់តែ​កើន​ច្រើន ឡើង ស្ថានភាព​កាន់តែ​កោលាហល​ឡើងៗ ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​កាន់តែ​មាន​ភាព​តាន តឹង​ឡើងៗ​។​

​រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ត្រូវបាន​ប្រសូត​
​បន្ទាប់ពី​អស់​រយៈពេល យ៉ាងយូរ​មក ឯកសារ​មួយ ដែលមាន​ហត្ថលេខា ចំនួន ៤១១​របស់ មេបញ្ជាការ​កងទ័ព ដ៏​មានអំណាច និង​មនុស្ស​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​ប្រគល់​ទៅឱ្យ វិមាន កាប៊ី​ល​ដូ ស្នើឱ្យ​តាក់តែង​រដ្ឋាភិបាល ជុន​តា គ្រប់គ្រង​ថ្មី​មួយ ។​

​ស្ថានភាព​រវាង​អ្នក​ចង់​ផ្លាស់ប្តូរ​និង​អ្នកគាំទ្រ​រក្សា​អំណាច​ឩ​បរាជ កាន់តែ​តានតឹង​ឡើងៗ​ទៀប​នឹង ដល់​ការផ្ទុះ​ហិង្សា​។ ប្រឈម​នឹង​ស្ថានភាព​ដ៏​ពុះកញ្ជ្រោល​នោះ សំណើ​ដ៏​មាន​ប្រជាប្រិយ​មួយ ត្រូវបាន​អាន​ប្រកា​សឮៗ និង​ត្រូវ​បានអនុម័ត​ភ្លាមៗ ដោយ​អ្នក​ដែលមាន​វត្ត​មាននៅ​ទីនោះ ។ នោះ​គឺ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​មួយ តាក់តែង​ដោយ​លោក ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ពោលគឺ​ការ បង្កើត រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា (The Primera Junta ) ។ នៅក្នុង​រចនាសម្ព័ន្ធរ​ដ្ឋា​ភិ​បាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ មាន​លោក​ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ជា​ប្រធាន មាន​អគ្គលេខា ពីររូប សមាជិក​គណៈកម្មការ ប្រាំ​មួយរូប និង​មាន​មនុស្ស​សំខាន់ ៥០០ នាក់​ជា​ជំនួយ​នៅតាម​បណ្តា ខេត្ត​នានា ។ ប៉ុន្តែ​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​ដើរចេញ​ហើយ​ស្នើឱ្យ មាន​វិធានការ​យោធា​ប្រឆាំងនឹង រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ ។ ប៉ុន្តែ​គ្មាន​នរណា​ចាត់​វិធាន ការ​អ្វី​ប្រឆាំង​រដ្ឋាភិបាល​នោះទេ ។​

​រដ្ឋាភិបាល​ព្រី​ម៉េ​រ៉ា ជុន​តា​នោះ គឺជា​រដ្ឋាភិបាល​ទី​១ ក៏ត្រូវ​បាន​គេ​ហៅថា សភា​ដំបូង ផងដែរ ។ ប៉ុន្តែ​បន្ទាប់ពី​បង្កើតឡើង ដោយ​ជោគជ័យ​ហើយ រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ មានទំនាស់ ផ្ទៃក្នុង ជា​ហូរហែ ដោយ​កង្វះ​អ្នកដឹកនាំ ដ៏​មាន​ប្រសិទ្ធភាព ។​

​ទោះយ៉ាងណា បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាម​ជាច្រើនលើក​ច្រើនសារ​មក រដ្ឋាភិបាល ព្រី​ម៉េ​រា​ជុ​នតា ឬ​សភា​ដំបូង បានប្រកាស​ខ្លួន ជា​រដ្ឋ​ឯករាជ្យ ពី​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​៩ ខែ កក្កដា ឆ្នាំ​១៨១៦ ហើយ​ឱ្យ​ឈ្មោះថា ប្រទេស​អា​ហ្ស​ង់​ទីន (Argentina) រហូតមក ។​

​ប្រជាជន និង​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​ដើម្បី​រំឭក​ដល់​ថ្ងៃប្រកាស​ឯករាជ្យ គឺ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​១៨១៦ ឯង​៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​រ៍ នៃ​ប្រទេស​អា​ហ្ស​ង់​ទីន
ក្បួនព្យុហយាត្រា​កងទ័ព​អា​ហ្ស​ង់​ទីន​នៅ​ទិវា​ឯករាជ្យ​ជាតិ