ចិន​ថ្លែង​ការពារ​អង្គការ​សុខភាព​ពិភពលោក និង​រិះគន់​ខ្លាំងៗ​ចំពោះ​ការដក​ខ្លួន​ចេញ​របស់​អាម៉េរិក​ពី​អង្គការ​នេះ​

191
ចែករម្លែក

​ចិន កាលពី​ថ្ងៃ​ពុធ​ទី​៨​កក្កដា បាន​ថ្លែង​ការពារ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​បាន​ធ្វើកា​រិះគន់​ខ្លាំងៗ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ក្នុង​ការដកខ្លួន​ចេញពី​ស្ថាប័ន​សហ​​ប្រជាជាតិ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ចាវ លី​ជៀន បាន​និយាយថា​ចំណាត់ការ​នេះ​គឺជា​ការបង្ហាញ​មួយទៀត​របស់​សហរដ្ឋ​អាម៉េរិក​ក្នុងការ​ធ្វើ​ជា​ឯកតោភាគី​ដោយ​ដកខ្លួន​ចេញពី​ក្រុម​និង​រំលោភ​​បំពាន​កិច្ចសន្យា​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ចាវ លី​ជៀន

​លោក បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា​អង្គការ​សុខភាព​ពិភពលោក​គឺជា​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​សិទ្ធិ​អំណាច​និង​ប្រកបដោយ​វិជ្ជាជីវៈ​បំផុត​នៅក្នុង​វិស័យ​សុខភាព​សាធារណៈ​សកល​។​

​លោក ចា​វ លី​ជៀន បាន​និយាយថា ការចាកចេញ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ពី​អង្គការ​នេះ ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​ប្រឆាំង​ជំងឺឆ្លង​ជា​អន្តរជាតិ​ហើយ​ជា​ពិសេស​មាន​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​​ដល់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​ជំនួយ​អន្តរជាតិ​ជាបន្ទាន់ “​។​

​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការដកខ្លួន​របស់​ខ្លួន​ចេញពី​អង្គការ​សុខភាព​ពិភពលោក​ទោះបីជា​ការ​​ដក​ខ្លួន​នេះ​នឹង​មិន​ចូល​ជា​ធរមាន​រហូតដល់​ឆ្នាំក្រោយ​ក៏ដោយ​។ នោះ​មានន័យថា ការដក​ខ្លួន​នេះ​អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ​ដោយ​រដ្ឋបាល​ថ្មី​ឬ​ប្រសិនបើ​កាលៈទេសៈ ផ្លាស់ប្តូរ​យ៉ាងណា​នោះ​។​

​អតីត​អនុ​ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា​លោក​នឹង​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​នេះ​នៅ​ថ្ងៃ​ដំបូង​របស់​លោក​ក្នុង​​ការឡើង​កាន់​អំណាច​ប្រសិនបើ​លោក​ជាប់​ឆ្នោត​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​អង្គការ​សុខភាព​ពិភពលោក​ជុំវិញ​ការឆ្លើយតប​របស់​ខ្លួន​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​បាន​ចោទប្រកាន់​អង្គការ​នេះ​ថា​បាន​ទន់​ទោរ​ទៅនឹង​ឥទ្ធិពល​​របស់​ចិន​។ លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​នៅ​សេត​វិមាន​ថា ក្រុមមន្ត្រី​ចិន​មិន​អើពើ​កាតព្វកិច្ច​រាយការណ៍រ​បស់​ពួកគេ​ទៅ​អង្គការ​សុខភាព​ពិភពលោក​និង​បានដាក់​សម្ពាធ​​លើ​អង្គការ​នេះ​ដើម្បី​បំភាន់​សាធារណជន​អំពី​ការផ្ទុះ​ជំងឺឆ្លង​ដែល​ឥឡូវ​នេះ​បាន​សម្លាប់​ប្រជាជន​អាមេរិក​ជាង ១៣០.០០០​នាក់​។​

​សេចក្តីជូនដំណឹង​អំពី​ការដក​ខ្លួន​នេះ​ត្រូវបាន​បញ្ជូន​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ ហើយ​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​គឺ​នៅ​ថ្ងៃទី​៦​ខែ​កក្កដា​ឆ្នាំ ២០២១ ៕​ប្រែ​សម្រួល​៖​សុខា​/sn