និស្សិតបរទេសរាប់សែននាក់បារម្ភអំពីការបណ្តេញចេញ ក្រោយត្រាំគំរាមដកហូតទិដ្ឋាការពួកគេ

435
ចែករម្លែក

និស្សិតប៉ាគីស្ថានឈ្មោះ តៃម័រ អាម៉េត គឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតបរទេសរាប់សែននាក់ ដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអាម៉េរិកឥឡូវនេះកំពុងបារម្ភអំពីអនាគតរបស់ពួកគេ បន្ទាប់ពីរដ្ឋបាលរបស់លោកដូណាល់ត្រាំបានគំរាមដកហូតទិដ្ឋាការរបស់ពួកគេ។

ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាម៉េរិក (ICE) បានប្រកាសនៅសប្តាហ៍នេះថានិស្សិតបរទេសទាំងអស់ ដែលវគ្គសិក្សារបស់ពួកគេបានប្តូរទៅរៀនតាមអនឡាញដោយសារតែជំងឺរាតត្បាតកូវីដ១៩ ត្រូវវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។

តៃម័រ អាម៉េត ជានិស្សិតព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ Cal State នៅទីក្រុងឡូសអ៊ែនជេឡេស បាននិយាយថា “ខ្ញុំអាចនឹងរងផលប៉ះពាល់ ប្រសិនបើពួកគេមិនផ្តល់នូវថ្នាក់រៀនទូទៅ ដែលអាចជួបមុខគ្នាផ្ទាល់”។

និស្សិតវ័យ ២៥ ឆ្នាំរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ខ្ញុំមានការព្រួយបារម្ភ។ នេះអាចផ្លាស់ប្តូរអនាគតនិងផែនការរបស់ខ្ញុំ”។

សាកលវិទ្យាល័យ Harvard និង MIT បានដាក់ពាក្យបណ្តឹងមួយកាលពីថ្ងៃពុធទី៨កក្កដាដោយស្នើឱ្យតុលាការដកបទបញ្ជារបស់ត្រាំ ដែលនាយកសាកលវិទ្យាល័យ Harvard លោកឡូរិន បាកូវ និយាយថាបានរុញការអប់រំថ្នាក់ឧត្តមនៅអាម៉េរិកឱ្យធ្លាក់ទៅក្នុងភាពវឹកវរ។

ប៉ុន្តែចំណាត់ការនេះជួយបានតិចតួចណាស់ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់និស្សិតបរទេស ដែលក្នុងនោះមានចំនួនជាងមួយលាននាក់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០១៩ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ នេះបើយោងតាមវិទ្យាស្ថានអប់រំអន្តរជាតិ (IEE)។

និស្សិតបញ្ចប់ការសិក្សាជនជាតិឥណ្ឌានៅសាកលវិទ្យាល័យដ៏ធំមួយនៅរដ្ឋតិចសាស់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ខ្ញុំពិតជាខ្លាចខ្លាំងណាស់”។

គាត់បានគ្រោងនឹងបន្តរៀនតាមអនឡាញក្នុងរដូវស្លឹកឈើជ្រុះនេះប៉ុន្តែឥឡូវគាត់មានកាតព្វកិច្ចត្រូវវិលត្រឡប់ទៅសាលារៀនវិញ នៅក្នុងរដ្ឋមួយ ដែលករណីកូវីដកំពុងកើនឡើង ឬ​មិនអ៊ីចឹងប្រឈមនឹងការនិរទេសខ្លួន។

និស្សិតអាយុ២៥ឆ្នាំរូបនេះបានបន្ថែមថា “ខ្ញុំគ្មាននរណាជួយមើលថែទេបើខ្ញុំឈឺ។ ថ្លៃព្យាបាលនៅសហរដ្ឋអាម៉េរិកគឺខ្ពស់ឆ្ងាយខ្លាំងណាស់ធៀបនឹងប្រទេសកំណើតរបស់ខ្ញុំ”។

និស្សិតបរទេសទាំងអស់កំពុងមើលឃើញខ្លួនឯងរងការខូចខាតរួមគ្នានៅក្នុងការជំរុញដ៏ខ្លាំងក្លារបស់លោកត្រាំដើម្បីបង្ខំឱ្យសាកលវិទ្យាល័យនិងសាលារៀនទាំងអស់បើកដំណើរការឡើងវិញពេញលេញនៅក្នុងខែកញ្ញាចំពេលគាត់កំពុងធ្វើយុទ្ធនាការបោះឆ្នោត៕ ដោយ ៖ កញ្ញាដាលីស

និស្សិតបរទេសកំពុងភ័យខ្លួនខ្លាចគេបណ្តេញចេញ ក្រោយត្រាំបង្ខំសាលានិងសាកលវិទ្យាល័យឱ្យបើកឡើងវិញ