ចិនប្រាប់អូស្ត្រាលីឱ្យឈប់ជ្រៀតជ្រែកកិច្ចការហុងកុង ក្រោយប្រទេសនេះសុំផ្តល់ជម្រកសុវត្ថិភាពដល់អ្នកហុងកុងដែលចង់ភៀសខ្លួនចេញ

206
ចែករម្លែក

ចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាថាខ្លួនស្អប់ខ្ពើមនិងប្រឆាំងនូវអ្វីដែលខ្លួនហៅថា “ការចោទប្រកាន់និងវិធានការគ្មានមូលដ្ឋាន” របស់រដ្ឋាភិបាលអូស្រ្តាលីមកលើទីក្រុងហុងកុងនិងបានជំរុញឱ្យរបបក្រុងកង់បេរ៉ាបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប៉េកាំង។

ស្ថានទូតចិនប្រចាំនៅអូស្រ្តាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អ្នកនាំពាក្យមិនបញ្ចេញឈ្មោះមួយរូបយ៉ាងដូច្នេះថា “យើងជំរុញឱ្យភាគីអូស្ត្រាលីបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ចិនក្រោមលេសណាមួយឬតាមរបៀបណាមួយ។ បើមិនដូច្នោះទេ វានឹងមិននាំទៅរកអ្វីក្រៅតែពីការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងនោះឡើយ”។

អូស្រ្តាលីបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថាខ្លួននឹងព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុងជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិថ្មីដែលបានណែនាំនៅក្នុងទីក្រុងនិងបានប្រកាសពីវិធានការនានាដែលផ្តល់ផ្លូវទៅរកកន្លែងស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ប្រជាជនហុងកុងមួយចំនួននៅក្នុងប្រទេសនេះ។ ចំណាត់ការរបស់អូស្ត្រាលីនាំឱ្យភាគីចិនខឹងសម្បារយ៉ាងខ្លាំង។

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានប្រកាសការព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុង បន្ថែមពីលើការបន្លាយពេលទិដ្ឋាការដល់អ្នកហុងកុង ១០.០០០ នាក់ដែលកំពុងនៅអូស្ត្រាលីស្រាប់ និងបើកផ្លូវឱ្យអ្នកហុងកុងរាប់ម៉ឺននាក់ទៀតចូលមកប្រទេសខ្លួនដើម្បីចាប់ផ្តើមជីវិតថ្មី។

លោកម៉ូរីសុននិយាយថា ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបនឹងការដាក់ចេញរបស់ចិននូវច្បាប់សន្តិសុខថ្មីនៅហុងកុង ដែលលោកនិយាយថាបាន “ផ្លាស់ប្តូរកាលៈទេសៈជាមូលដ្ឋាន” សម្រាប់ទឹកដីពាក់កណ្តាលស្វយ័តនេះ។

លោកនិយាយនៅសន្និសីទកាសែតថា “អូស្ត្រាលីកំពុងកែតម្រូវច្បាប់របស់ខ្លួន ច្បាប់អធិបតេយ្យភាពរបស់ខ្លួន កម្មវិធីអន្តោប្រវេសន៍អធិបតេយ្យរបស់ខ្លួន និងអ្វីៗដែលយើងមានទំនួលខុសត្រូវ និង យុត្តាធិការលើវា ដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរ ដែលយើងកំពុងមើលឃើញកើតឡើងនៅទីនោះ”៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសចិនឈរយាមនៅមុខស្ថានទូតអូស្ត្រាលីប្រចាំក្រុងប៉េកាំង