អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ថយចុះ​ពាក់កណ្តាល​ព្រោះ​មិនអាច​ប្រជែង​បាន​

1818
ចែករម្លែក

​ដោយ​: មូល សម្បត្តិ​/​ភ្នំពេញៈ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ការចិញ្ចឹម​ជ្រូក​ជាល​ក្ឋ​ណៈ គ្រួសារ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មានការ​ថយចុះ​ប្រមាណ​ពាក់កណ្តាល នៃ​អ្នក​ចិញ្ចឹម​ទូទាំងប្រទេស​។ ដំណើរ​ចុះថយ​នេះ​មាន​ជាង​មួយឆ្នាំ​កន្លងមកហើយ តែ​បី​ខែ​ចុង​ក្រោយនេះ ស្ទើរតែ​បិទ​ទាំងស្រុង ។

ការចិ្្ចឹមជ្រូកលក្ខណៈគ្រួសារនៅកម្ពុជា(រូបក្រសួងកសិកម្ម)

​ ​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បានឱ្យដឹងថា សូម្បីតែ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ធុន​មធ្យម និង​ធុន​ធំ​មួយចំនួន មិន​បិទ​អាជីវកម្ម​របស់ខ្លួន​ទេ តែ​កាត់បន្ថយ​ចំនួន​ជ្រូក​ចិញ្ចឹម​។ ពិសេស​បន្ថយ មេ​ជ្រូក​ចិញ្ចឹម​យក​កូន ។ មានតែ​ក្រុមហ៊ុន ស៊ី​-​ភី គ្រុប​ប៉ុណ្ណោះ ដែល​គេ​នៅតែ​បង្កើន​ការចិញ្ចឹម​ទាំង​ជ្រូក សាច់ ទាំង​ជ្រូក​មេ​យក​កូន ។ អ្វី​ដែលជា​សញ្ញា​នៃ​ការថយចុះ គឺ​ដោយសារ​មូលហេតុ តម្លៃ​ដើម​ចិញ្ចឹម​ខ្ពស់ ដល់​លក់​នៅលើ​ទីផ្សារ​មានតម្លៃ​ទាប​ទៅវិញ​។ យើង​ប្រកួតប្រជែង​ទៅនឹង​តម្លៃ​ជ្រូក នាំចូល​វៀតណាម​មិនបាន​ដោយ​បរិមាណ​នាំចូល​ប្រមាណ ១.០០០​ក្បាល​ក្នុង​មួយថ្ងៃ ។​

​ ​លោក​ប្រធាន​សមាគម​បាន​ប្រាប់ថា ជ្រូក​រស់នៅ​ក្នុងស្រុក ថ្លៃ​តែ ៦.៥០០​រៀល​ក្នុង​មួយ​គីឡូ បើ​ថ្លៃ​ជ្រូក​រស់​ថ្លៃ​ប៉ុណ្ណឹង គឺ​អ្នក​ចិញ្ចឹម​តាម​ផ្ទះ​ក៏​ដូច​តាម​កសិដ្ឋាន​គឺ​អត់​បាន​ចំណេញ​ទេ ។ បើ​ជ្រូក​វៀតណាម មក​ច្រើន ជ្រូក​ក្នុងស្រុក​ត្រូវតែ​រត់​តម្លៃ​ឱ្យស្រប​តាម​តម្លៃ​ជ្រូក​វៀតណាម​នាំចូល បើ​មិន​ចំណុះ​ថ្លៃ​ជាមួយ​ជ្រូក មកពី​វៀតណាម​ទេ គឺ​ជ្រូក​ក្នុងស្រុក​មិនអាច​លក់​នៅលើ​ទីផ្សារ​យើង​បានទេ ។ សូម្បីតែ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក របស់​ឧកញ៉ា មុង រិទ្ធី ក៏​ស្ថិតនៅក្នុង​សភាព​ទ្រឹង ។​

​ ​លោក​បន្ត​ថាបើ​ចង់​លើកស្ទួយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ពិសេស​អ្នក​ចិញ្ចឹម​តាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ លោក​​ប្រធាន​សមាគម​បាន​អំពាវនាវ​ឱ្យ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាតឱ្យ​នាំចូល​ពី​ប្រទេស​ជិត​ក្នុង​កម្រិត​បន្ថែម​បង្គ្រប់​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​តែប៉ុណ្ណោះ​។ មិន​ឱ្យលើស​ហៀរហូរ រហូត​ធ្វើ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ​នោះ​ពេក​ទេ ។

​ ​ផ្អែក​តាម​តួលេខ​នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឱ្យដឹងថាៈ តម្រូវការ​សាច់ ជ្រូក​សរុប​មាន​ជាង ១៩​ម៉ឺន​តោន​ក្នុង​ឆ្នាំ ២០១៨​។ ការផ្គត់ផ្គង់​ជ្រូក​ក្នុងស្រុក​បានតែ​ជាង ១២​ម៉ឺន​តោន ប៉ុណ្ណោះ ។ ដូច្នេះ​តម្រូវការ​សាច់ជ្រូក​បន្ថែ​ម មាន​ជាង ២​ម៉ឺន​តោន​ថែមទៀត ដែល​ទាមទារ​ឱ្យ​នាំ​ជ្រូក​ចូល​ប្រ មាណ ៩០០​ក្បាល​ក្នុង​ថ្ងៃ ៕​MN

វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា(រូក្រសួងកសិកម្ម)


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ