ភូមិ​សា​ទុំ

325
ចែករម្លែក
កុប ឌី រស់នៅ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សុខ វណ្ណៈ​៖​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ ​ភូមិ​សា​ទុំ គឺជា​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ទាំង​១៨​នៃ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្តកំពង់ចាម (​បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ​) និង​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ប៉ែក​ខាងកើត​ផ្លូវជាតិ​លេខ​៧​។ ភូមិសាស្ត្រ​ភូមិ​សា​ទុំ គឺ​ស្ថិត​នៅជាប់​នឹង​ព្រំដែន​រវាង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ប៊ិ​ញ​ភឿ​ក​នៃ​ប្រទេស​វៀតណាម​។ នៅ​អំឡុង​ទសវត្សរ៍​៦០ និង​៧០ មាន​កងទ័ព​យៀកកុង​ជាច្រើន​បាន​ចូលដល់​ទីនេះ​ក្នុង​ទឹកដី​កម្ពុជា​។​មិន​ខុសពី​ភូមិ​ដទៃទៀត​ដែល​ស្ថិត​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម កងទ័ព​យៀកកុង​រាប់រយ​នាក់​បានមក​បោះទីតាំង​ក្នុងព្រៃ​ក្នុងភូមិ​សាស្ត្រ​ភូមិ​សា​ទុំ​។ បន្ទាប់មក​ទាហាន​សហ​រដ្ឋ​អាម៉េរិក និង​ទាហាន​វៀតណាម​ខាងត្បូង​ក៏បាន​ចូលមក​ដល់​ភូមិ​សា​ទុំ​។ ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​អាម៉េរិក​ដែល​សហការ​ជាមួយ​ទាហាន​វៀតណាម​ខាងត្បូង​ប្រឆាំង​ទល់នឹង​កងទ័ព​យៀកកុង​បាន​កើតមាន​ឡើងជា​បន្ត​បន្ទាប់​។ នៅទីនេះ​មានការ​ទម្លាក់​គ្រាប់បែក​ជាច្រើន​សន្ធឹកសន្ធាប់​មក​លើ​ភូមិ​សា​ទុំ ដែល​បណ្តាល​ឲ្យ​កងទ័ព​យៀកកុង និង​ប្រជាជន​មួយចំនួន​បាន​ស្លាប់ និង​របួស​។ មាន​ឧទ្ធម្ភាគចក្រ​របស់​ទាហាន​អាម៉េរិក​មួយគ្រឿង​បាន​ធ្លាក់​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​សា​ទុំ​។


​កុប ឌី អាយុ​៦៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឆេន មានកូន​ប្រាំមួយ​នាក់ (​ប្រុស​៣​ស្រី​៣ )​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​នៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​រៀបរាប់ថា កាលពី​កុមារ​ខ្ញុំ​រស់នៅ​ជាមួយ​ឪពុកម្តាយ និង​ជួយ​ធ្វើស្រែ​ចម្ការ​គាត់​។ ខ្ញុំ​មិនបាន​រៀនសូត្រ​ទេ ព្រោះ​គ្រួសារ​របស់ខ្ញុំ​មាន​ជីវភាព​ខ្វះខាត​។​សម័យ​នោះ​ភូមិ​សា​ទុំ​មាន​ប្រជាជន​ប្រមាណ​៣០​ទៅ​៤០​គ្រួសារ និង​មាន​មនុស្ស​ប្រមាណ​ជាជាង​១០០​នាក់​តែប៉ុណ្ណោះ​។
​ភូមិ​សា​ទុំ ជា​តំបន់​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដែលមាន​ព្រៃឈើ​ដុះ​ច្រើន ហើយ​មិន​ងាយ​មាន​នរណា​ចូលទៅ​ដល់​ទេ​។ ប្រជាជន​ទាំងនោះ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ និង​មានផ្ទះ​ឈើ​តូចៗ​ដែល​ដំបូល​និង​ជញ្ជាំង​បាំង​ស្លឹក​ខាន់​ម៉ា​។​ចំណែក​ផ្ទះក្បឿង​មានតែ​មួយ​ខ្នង​ប៉ុណ្ណោះ​។ ប៉ុន្តែ​បច្ចុប្បន្ន ប្រជាជន​នៅក្នុង​ភូមិ​សា​ទុំ​ភាគច្រើន​មានផ្ទះ​ធំៗ ហើយ​តំបន់​ព្រៃ​កាលពី​សម័យមុន​ត្រូវបាន​ប្រែក្លាយ​ទៅជា​ដីចម្ការ​កៅស៊ូ និង​ចម្ការ​ដំឡូង​។
​នៅ​ដើម​ទសវត្សរ៍​៦០ សង្គ្រាម​បានកើត​ឡើង​នៅក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​បានធ្វើ​ឲ្យ​ភូមិ​ខ្មែរ​មួយចំនួន​នៅជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម​នេះ​។ ឌី បាន​រៀបរាប់​បន្តថា ខ្ញុំ​បានរស់នៅ​ទីនេះ​តាំងពី​តូច និង​បានឃើញ​ហេតុការណ៍​ជាច្រើន​កើតមានឡើង​នៅក្នុង​ភូមិ​។ ខ្ញុំ​បានឃើញ​កងទ័ព​យៀកកុង​ជាច្រើន​រយ​នាក់មក​លាក់ខ្លួន​នៅក្នុង​ព្រៃ​ក្នុង​ទឹកដី​ខ្មែរ ជាពិសេស​នៅក្នុង​ភូមិ​សា​ទុំ​។ ពេលនោះ​ប្រជាជន​ភាគច្រើន​នាំគ្នា​ទៅ​ទិញ​អង្ករ និង​ថ្នាំពេទ្យ​ពី​ផ្សារ​ក្នុងស្រុក​មេមត់​មក​លក់​ឲ្យ​ទាហាន​យៀកកុង​។ ឌី បាន​ស្គាល់ឈ្មោះ​កងទ័ព​យៀកកុង​មួយចំនួន​ដូចជា បា​ធឹ​ក​, ទឺ​ឡាយ​, សៅ​ភុ​ក និង តឹង បា​យ៉ ជាដើម​។ ទាហាន​យៀកកុង​ទាំងនោះ​ស្លៀកពាក់​ខោអាវ​ពណ៌​បៃតង​។ ទោះបី​ប្រជាជន​រស់នៅ​ភូមិ​សា​ទុំ​លក់​អង្ករ​ឲ្យ​យៀកកុង​ចំណេញ​បាន​ប្រាក់​ច្រើនយ៉ាង​ណាក៏ដោយ ក៏​រៀងរាល់ថ្ងៃ​ប្រជាជន​បារម្ភ​យន្តហោះ​មក​ទម្លាក់​គ្រាប់បែក ដែល​បណ្តាល​ឲ្យ​អ្នកខ្លះ​ស្លាប់ និង​រងរបួស ចំណែក​ព្រៃឈើ​ត្រូវបាន​ឆាបឆេះ​។ នៅ​ឆ្នាំ​១៩៦៤ មាន​ឧទ្ធម្ភាគចក្រ​របស់​ទាហាន​អាមេរិក​មួយគ្រឿង​បាន​ចុះ​នៅក្នុង​ភូមិ​សា​ទុំ ចំ​ពីមុខ​ផ្ទះ​ឪ​ផុ​ក​។ ចំណែក​ទាហាន​យៀកកុង​តស៊ូ​រស់នៅ​ក្នុងព្រៃ និង​មិនមាន​ទីតាំង​ច្បាស់លាស់​ទេ ព្រោះ​ខ្លាច​យន្តហោះ​យកការណ៍​របស់​ទាហាន​អាមេរិក​ដឹង បន្ទាប់មក​ទម្លាក់​គ្រាប់បែក​។​
​ ​នៅ​ឆ្នាំ​១៩៦៧ ប្រជាជន​នៅ​ភូមិ​សា​ទុំ​ទ្រាំ​នឹង​ការទម្លាក់​គ្រាប់បែក​លែង​បាន​ក៏បាន​នាំគ្នា​ចាកចេញ​ពី​ភូមិ​។ គ្រួសារ​ខ្ញុំ​បាន​ភៀសខ្លួន​ទៅ​នៅ​ភូមិ​ក្រវៀន ក្នុង​ឃុំ​ជាំ​ក្រវៀន​។ ក្រោយមក​ក៏មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅដល់​ភូមិ​ដែល​ខ្ញុំ​រស់នៅ​ពេល​ក្រោយនេះ​ទៀត​។ កាលនោះ​ឪពុកម្តាយ​របស់ខ្ញុំ​បាន​លួ​ន​ចូល​ពួន​ក្នុង​លេណដ្ឋាន​មុន គឺ​នៅសល់តែ​ខ្ញុំ​បាន​ចូល​លេណដ្ឋាន​បាន​ជាង​ពាក់កណ្តាល​ខ្លួន ដូ​ចេះ្ន​ខ្ញុំ​បានឃើញ​យន្តហោះ​ដោយផ្ទាល់​។ ឧទ្ធម្ភាគចក្រ​កាលនោះ​មាន​ពីរ​ប្រភេទ ទី​១. ឧទ្ធម្ភាគចក្រ​មាន​កង់​នៅ​ខាងក្រោម និង ទី​២. គឺ​ឧទ្ធម្ភាគចក្រ​ដែលមាន​ជើង​ទម្រ​ពីរ​នៅ​ខាងក្រោម ដែល​អ្នកភូមិ​រស់នៅ​ទីនេះ​ហៅ​ឈ្មោះថា អា​រេ​វៗ​។ យន្តហោះ​នេះ​សំកាំង​បាញ់​ពីលើ​បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់ និង​របួស​ជាច្រើន​។ មាន​កងទ័ព​យៀកកុង​ម្នាក់​បាន​រត់​ចូល​ពួន​ក្នុង​លេណដ្ឋាន​ជាមួយ​ប្រជាជន​ខ្មែរ ខណៈនោះ​កងទ័ព​អាម៉េរិក​បានមក​ដល់ និង​បាន​ហៅ​កងទ័ព​យៀកកុង​ឲ្យ​ចេញ​មកវិញ ប៉ុន្តែ​កងទ័ព​យៀកកុង​នោះ​មិន​ព្រម​ចេញ​ឡើយ​។ ដូច្នេះ​កងទ័ព​អាម៉េរិក​បាន​បោះ​គ្រាប់បែក​ចូលក្នុង​លេណដ្ឋាន​បណ្តាល​ឲ្យ​ស្លាប់​ទាំង​កងទ័ព​យៀកកុង​និង​ប្រជាជន​ខែ្មរ​។​បន្ទាប់មក​យន្តហោះ បានមក​ទម្លាក់​គ្រាប់បែក​បេ​៥២​កាន់តែច្រើន ធ្វើ​ឲ្យ​ប្រជាជន​នៅ​ភូមិ​សា​ទុំ និង​ភូមិ​ក្រវៀន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ​។
​នៅ​ឆ្នាំ​១៩៧០ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ភូមិ​ស្អាត ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។ នៅក្នុង​ឆ្នាំ​១៩៧១ សង្គ្រាម​បាន​កើតឡើង​កាន់តែខ្លាំង​រវាង​កងទ័ព លន់ នល់ និង​កម្លាំង​បដិវត្តន៍​ខ្មែរក្រហម​។ ពេលនោះ​មាន​យន្តហោះ​ជាច្រើន​គ្រឿង​បានមក​ទម្លាក់​គ្រាប់​នៅ​ស្រុក​ស្នួល និង​នៅតាម​ព្រៃ ហើយ​ពេលខ្លះ​គ្រាប់​ទាំងនេះ​បាន​ធ្លាក់ចំ​ផ្ទះ​ប្រជាជន​។ កាលនោះ​ផ្ទះ​របស់ខ្ញុំ​ត្រូវបាន​ឆេះ​អស់​ដោយសារ​យន្តហោះ​មក​ទម្លាក់​គ្រាប់​។ នៅក្នុង​ឆ្នាំ​១៩៧១ ដដែល ខ្ញុំ​វិល​ត្រឡប់មក​រស់នៅ​ភូមិកំណើត​នៅ​ភូមិ​ក្តុល ឃុំ​ទ​ន្លូ​ង​វិញ ព្រោះ​ខ្ញុំ​គិតថា​នៅក្នុង​ប្រទេស​កម្ពុជា​ទីណា​ក៏មាន​សង្គ្រាម​ដែរ​។​
​ ​នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ត្រឡប់មក​រស់នៅ​ភូមិ​សា​ទុំ​វិញ​។ មាន​ថ្ងៃមួយ​ខ្ញុំ​បាន​ដើរចូល​ព្រៃ​ខាងក្រោយ​ដែលមាន​ចម្ងាយ​ជាង​៣០០​ម៉ែត្រ​ពី​ផ្ទះ​ក៏បាន​ប្រទះឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​នៅក្រោយ​ផ្ទះ​របស់ខ្ញុំ នៅក្នុង​ទឹកដី​របស់​ខ្មែរ​ដែលមាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ព្រំដែន​វៀតណាម​។ ឧទ្ធម្ភាគចក្រ​នោះ​មិន​នៅ​រូបរាង​ទាំងមូល​ទេ ព្រោះ​មាន​មនុ​ស្សមក​អារយក​បំណែក​សំខាន់ៗ​យកទៅ​អស់ហើយ​។ ខ្ញុំ​បាន​រើសយក​អាលុយមីញ៉ូម​ខ្លះ​យកមក​ទុក​នៅក្នុង​ផ្ទះ​។ ខ្ញុំ​មិនបាន​ឃើញ​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់​ដោយផ្ទាល់​ភ្នែក​ទេ ពីព្រោះ​ខ្ញុំ និង​ប្រជាជន​បាន​ភៀសខ្លួន​ទៅ​នៅ​ភូមិ​ផ្សេងៗ​អស់​។ បើតាម​ខ្ញុំ​សន្និដ្ឋាន ឧទ្ធម្ភាគចក្រ​នេះ​ប្រហែលជា​ធ្លា​ក់នៅ​ចុង​ទសវត្សរ៍​៦០ ឬ​ដើម​ទសវត្សរ៍​៧០​។
​ ​នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច និង​បាន​បង្ខំ​ឲ្យ​ប្រជាជន​រស់នៅ​ជា​សហករណ៍ និង​មិនមាន​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ឡើយ​។ ខ្ញុំ​ត្រូវបាន​អង្គការ​ចាប់​តាំង​ឲ្យ​បង្រៀនអក្សរ​ដល់​កុមារ​តូចៗ​។ នៅ​ឆ្នាំ​១៩៧៦ អង្គការ​បាន​ដក​ខ្ញុំ​ឲ្យ​ទៅ​ភ្ជួរស្រែ​មួយរយៈ បន្ទាប់មក​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើជា​កងឈ្លប​ឃុំ ដែល​កាលនោះ​គណៈ​ឃុំ​ជាំ​ក្រវៀន​ឈ្មោះ តា​ចំ​រ៉ុង​, តា​នួន និង តា​ឆាយ​។ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩៧៧ កម្មាភិបាល​មកពី​មជ្ឈិម​បានមក​ចាប់ តា​ចំ​រ៉ុង​, តា​នួន និង តា​ឆាយ រួមទាំង​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួនទៀត​នៅ​ភូមិភាគ​បូព៌ា​។ មិនយូរប៉ុន្មាន ខាង​មជ្ឈិម​បាន​ប្រើ សុង គឺជា​យោធា​តំបន់​២១ ដែលជា​អ្នករស់នៅ​ក្នុងស្រុក​ភូមិ​ជាមួយ​ខ្ញុំ​ឲ្យ​មក​ហៅ​ខ្ញុំ​ទៅ ប៉ុន្តែ​ខ្ញុំ​បានប្រកែក​។ ទោះបីយ៉ាងណា សុង នៅតែ​នាំ​ខ្ញុំ​ទៅ​ខាន​តែ​បាន ព្រោះ​ជា​បញ្ជា​របស់​អង្គការ​។ ខ្ញុំ​បាន​ដើរទៅ​ជាមួយ សុង រហូតដល់​ល្ងាច​យើង​បានធ្វើ​ឆ្កែ​មួយ​ក្បាល​ហូប​។ ពេលនោះ​ខ្ញុំ​មាន​ជំងឺ​ធ្លាក់ឈាម​តាម​រន្ធ​គូទ ដូច្នេះ សុង ក៏​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់មក​ភូមិ​វិញ ហើយ​ចាប់​តាំង​ពេល​នោះមក​ខ្ញុំ​ក៏​ឈប់​ធ្វើ​ឈ្លប​ដោយ​បន្លំ​ខ្លួន​ជាមួយ​ប្រជាជន មក​រស់​នៅតាម​សហករណ៍​វិញ​។​

កុប ឌី សំឡឹង​មើលរូប​ឧទ្ធម្ភាគចក្រ​ក្នុងអំឡុងពេល​ផ្តល់​បទសម្ភាសន៍​ដល់ ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅ​ឆ្នាំ​១៩៧៨ ស្ថានភាព​នៅ​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​កាន់តែ​ច្រ​បូល​ច្របល់ ហើយ​សង្គ្រាម​រវាង​ខ្មែរក្រហម និង​វៀតណាម​ផ្ទុះឡើង​កាន់តែខ្លាំង​ឡើង​។ អង្គការ​បាន​ជម្លៀស​ប្រជាជន​នៅ​ភូមិ​សា​ទុំ​ទាំងអស់​ឲ្យ​ទៅ​រស់នៅ​ភូមិ​ស្រែ​រនាម ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។ ពេលនោះ​ខ្ញុំ​មិនបាន​ទៅ​រស់​នៅតាម​ការចាត់តាំង​របស់​អង្គការ​ទេ គឺ​ខ្ញុំ​បានសម្រេច​ចិត្ត​រត់​ចូល​ព្រៃ​លាក់ខ្លួន​រយៈពេល​១៤​យប់​១៤​ថ្ងៃ​។ ខ្ញុំ​បាន​ជួប​កងទ័ព​វៀតណាម ហើយ​កងទ័ព​វៀតណាម​បាន​ចាប់​ខ្ញុំ​ឃុំខ្លួន​។ នៅ​ព្រឹក​បន្ទាប់​អ្នកបកប្រែ​ភាសា​ខ្មែរ បាន​មកដល់​ប្រាប់​ឲ្យ​ខ្ញុំ​រៀបចំ​អីវ៉ាន់​ចេញទៅ​ប្រទេស​វៀតណាម ព្រោះ​កងទ័ព​វៀតណាម​គិតថា​ខ្ញុំ​ជា​យោធា​ខ្មែរក្រហម​។ ខ្ញុំ​បាន​ប្រាប់​អ្នកបកប្រែ​ភាសា​ថា ខ្ញុំ​មិនមែនជា​យោធា​ខ្មែរក្រហម​ទេ ហើយ​កងទ័ព​វៀតណាម​ក៏​ជឿ​ខ្ញុំ​។
​ ​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ និង​បាន​ចូលធ្វើ​កងទ័ព​ក្នុង​អង្គភាព​របស់​សម្តេច ហ៊ុន សែន​។ នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​នៅ​ប្រចាំការ​នៅ​ម្តុំ​ភ្នំ​ប្រុស​ភ្នំ​ស្រី ហើយ​ពេលនោះ​យោធា​ខ្មែរក្រហម​បាន​ឡើងមក​វាយឆ្មក់​ជា​ញឹកញាប់​។ ពេលនោះ​ជំងឺ​ចាស់​របស់ខ្ញុំ​បាន​រើ​ឡើងវិញ ខ្ញុំ​ក៏​មក​សម្រាក់​នៅ​មន្ទីរពេទ្យ​កំពង់ចាម​។ នៅពេល​ជាសះស្បើយ​ពី​ជំងឺ​វិញ ខ្ញុំ​ក៏បាន​ត្រឡប់​ទៅ​អង្គភាព​វិញ ប៉ុន្តែ​អង្គភាព​របស់ខ្ញុំ​បាន​ផ្លាស់ចេញ​ទៅហើយ​។ ដោយ​ខ្ញុំ​ដើររក​អង្គភាព​មិនឃើញ ខ្ញុំ​ក៏បាន​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​។ ពេលនោះ​នៅ​ភូមិ​របស់ខ្ញុំ​មិនសូវមាន​ប្រជាជន​រស់នៅ​ទេ ពីព្រោះ​ប្រជាជន​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​ស្ទើរ​អស់​ទៅហើយ​។ ខ្ញុំ​បាន​ដើររក​ប្រពន្ធ​នៅ​ភូមិ​ផ្សេង និង​បាន​រៀបការ​នៅ​ឆ្នាំ​១៩៨១៕សរន

កុប ឌី ចង្អុលបង្ហាញ​ទីតាំង​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុងអំឡុងពេល​ផ្តល់​បទសម្ភាសន៍​ដល់ ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)