កង​យោធា​មួក​ខៀវ​កម្ពុជា​៨០​នាក់​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាលី​

272
ចែករម្លែក
កង​យោធា​មួក​ខៀវ​កម្ពុជា​៨០​នាក់​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាលី​

ដោយៈ​យោធិន​/ភ្នំពេញៈ​កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​៨០​នាក់​ដែល​ក្នុងចំណោម​នេះ​មាន​នារី​ចំនួន​៧​នាក់​ផង​នោះ បានចេញ​ដំណើរ​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ តាម​ជើងយន្តហោះ​ពិសេស​របស់​ក្រុមហ៊ុន​Ethiopian ដែល​រ៉ាប់រង​ដោយ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ឆ្ពោះទៅកាន់​តំបន់​បេសកកម្ម​MINUSMA នៅ​សាធារណរដ្ឋ​ម៉ាលី​។​
នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថា កង​យោធា​មួក​ខៀវ​កម្ពុជា​ដែល​ចេញដំណើរ​នាពេលនេះ​គឺជា​កងកម្លាំង​ទី​៧ សម្រាប់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី​បន្ទាប់ពី​មានការ​យឺតយ៉ាវ​ក្នុងការ​ប្តូរ​វេន​អស់​រយៈពេល​បី​ខែ​ដោយសារ​វិបត្តិ​រោគ​ឆ្លង​កូ​វីដ​-១៩ ។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី ជូន​ដំណើរ​កង​យោធា​មួក​ខៀវ​នាំមុខ​ចេញ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី​។


​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី បាន​ថ្លែងបន្តថាៈ​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​៩៧២ ចំនួន​៨០​នាក់ ដោយ​ក្នុងចំណោម​នេះ​មាន​នារី​ចំនួន​៧​នាក់​ផង​នោះ​គឺជា​កង​នាំមុខ​សម្រាប់​បេសកកម្ម​MINUSMA សម្រាប់​ទៅ​ប្តូរ​វេន​កងកម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ​ដែល​បានបញ្ចប់​បេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិរ​យៈ​ពេល​មួយឆ្នាំ ហើយ​ដែល​នឹង​វិល​មកដល់​កម្ពុ​ជានា​រាត្រី​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០២០​ស្អែក​នេះ តាម​ជើងយន្តហោះ​ពិសេស​របស់​អង្គការសហប្រជាជាតិ​។​


ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​ជូន​ដំណើរ​កង​យោធា​មួក​ខៀវ​នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា​បាន​​បញ្ជាក់ថា​កងកម្លាំង​វិស្វកម្ម​អាកាសយានដ្ឋាន​លេខ​៩៧២ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​៨៨២ ដែល​ចេញ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ម៉ាលី សុទ្ធសឹងតែ​ត្រូវបានធ្វើ​ការត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ ដោយ​ធ្វើការ​វាយតម្លៃ​ដ៏​ប្រាកដប្រជា​ធានាថា​ពួកគេ​គ្មាន​មេរោគ​កូ​វីដ​-១៩​ឡើយ​។​
គួរ​កត់សំគាល់ថា​ការជូន​ដំណើរ​កងកម្លាំង​យោធា​មួក​ខៀវ​ចេញ​ចេញទៅ​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អ​.​ស​.​ប
​ក៏ដូចជា​ទទួល​កម្លាំង​វិល​ត្រលប់​​មក​ពី​តំបន់​បេសកកម្ម​ត្រូវធ្វើឡើង​ជាពិសេស​ទាំង​ការធ្វើដំណើរ​តាម​រថយន្ត​ក៏ដូចជា​តាម​យន្តហោះ​គឺ​ត្រូវអនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូ​ន​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត ការប៉ះពាល់ និង​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ​សំដៅ​ទប់ស្កាត់​មេរោគ​កូ​វីដ​-១៩​។ ដោយឡែក​ទាំង​ការជូន​ដំណើរ ក៏ដូចជា​ការទទួល​ក​ម្លាំ​ង​វិល​មកពី​បេសកកម្ម​តាម​តំបន់​បេសកកម្ម​របស់​អ​.​ស​.​ប នៅ​តំបន់​អាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា​រួមមានៈ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល និង​សាធារណរដ្ឋ​ម៉ាលី គឺ​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ចូលរួម​គគ្រឹកគគ្រេង​ដូច​រយៈកាល​កន្លងទៅ​ឡើយ ដោយហេតុថា​ទាំង​កម្លាំង​ដែល​ចេញទៅ​បេសកកម្ម​ក៏​ដូច​កម្លាំង​មាតុភូមិនិវត្តន៍​ត្រូវតម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ជាមុន៕សរន