ម​ន្ត្រីៈ ការបើកប្រាក់​ជូន​គ្រួសារ​ក្រីក្រ​សម្រេចបាន​ជាង ៩០ ភាគរយ​ហើយ​

150
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជា​អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ជំងឺ​កូ​វីដ ១៩ បានឱ្យដឹង​អំពី​លទ្ធផល នៃ ដំណើរការ​បើកប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​កម្មវិធី​ខាងលើនេះ​ថា “ គិត​ចាប់ពី​ពេល​ដំណើរការ​កាលពី​ថ្ងៃទី ២៥ ខែ មិថុនា ដល់​ថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២០ នេះ កម្មវិធី​បាន​បើ​ប្រាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង ៥០ ម៉ឺ​គ្រួសារ ស្មើនឹង​ប្រមាណ​ជា ៩១ ភាគរយ​ហើយ ដោយ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ប្រមាណ​ជា ៩០ ពាន់​លាន​រៀល ឬ ប្រមាណ​ជា ២២ លាន​ដុល្លារ​អាមេរិក “ ។


​លោក ឈួ​រ សុ​បញ្ញា អះអាង​យ៉ាង​ដូច្នេះ​នៅក្នុង​សេចក្តីរាយការណ៍​សង្ខេប​ជូន​អង្គប្រជុំ ផ្ទៀងផ្ទាត់​បូកសរុប​លទ្ធផល​ការងារ​បើកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ដែល​ជំនួប​រវាង​មន្ត្រី​តំណាង​អន្តរក្រសួង​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ នៅឯ ក្រសួង​សង្គមកិច្ច ។​

កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​បូកសរុប​លទ្ធផល​ការងារ​បើកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ( រូបៈ មេសា )


​គប្បី​រំឭកថា​នៅ​ទូទាំងប្រទេស គ្រួសារ​ដែល​ត្រូវបាន​រកឃើញថា​ជា​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ ចំនួន​ជាង ៥៦ ម៉ឺន​គ្រួសារ ដែលមាន​មនុស្ស​ជាង ២ លាន ៣ សែន នាក់​នៅ​ជុំ​ទី ១ ដែល​បានសេចក្តីថា គិត​មកដល់ពេលនេះ នៅមាន​គ្រួសារ​ក្រីក្រ​ក្នុង​បញ្ជី​ជុំ​ទី ១ នេះ ប្រមាណ​ជាជាង ៥ ម៉ឺន​គ្រួសារ​ទៀត​ដែល​មិនទាន់បាន​បើកប្រាក់​របស់ខ្លួន​នៅឡើយ សម្រាប់​ខែ មិថុនា ។​

​ហេតុនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ បន្ទាប់ពី​កិច្ចប្រជុំ​នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​បាន​ក្រើនរំឭក អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំងប្រទេស មេត្តា ជូនដំណឹង​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥ ម៉ឺន​គ្រួសារ ដែល​មិនទាន់បាន​បើកប្រាក់​ពី​រាជរដ្ឋាភិបាល​សម្រាប់​ខែ មិថុនា ធ្វើយ៉ាងណា​ឱ្យ​គាត់​បើ​ប្រាក់​នោះ ឱ្យបាន​មុន​ថ្ងៃទី ២៤ ខែ កក្កដា នេះ ពុំ​នោះទេ ប្រាក់​នោះ​នឹងត្រូវ​បង្វិល​ចូល​ថវិការដ្ឋ​វិញ ពោលគឺ​បងប្អូន នឹង​មិនបាន​ថវិកា​សម្រាប់​ខែ មិថុនា នោះទេ ព្រោះ​ចាប់ពី​ថ្ងៃទី ២៥ ខែ កក្កដា ទៅ​គឺជា​ពេលដែល​ត្រូវ​បើក​ប្រាស់​ឧបត្ថម្ភ​សម្រាប់​ខែ កក្កដា វិញ​ហើយ ។


​លោក វង សូត បាន​ពន្យល់ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​នៅពេលនេះ គឺជា​កម្មវិធី​ដែល​មិន​ធ្លាប់មាន ហេតុនេះ​ប្រជាពលរដ្ឋ​ខ្លះ អាច​ទាន់​មិន​យល់ ឬ មិន​ទាំង​ដឹងថា គាត់​ត្រូវ​ទទួលបាន​ថវិកា​នេះ​ផង​ទេ ។ ម្យ៉ាងទៀត​កម្មវិធី​បើកប្រាក់​ផ្តល់ជូន​នេះ មាន​រយៈពេល​កំណត់ ដូចដែល​លោក​បានលើកឡើង​ខាងលើនេះ​ស្រាប់ គឺថា បើ​ហួស​ពីថ្ងៃ​ទី ២៤ ខែ កក្កដា នេះ ទៅ នឹង​ចូល​កម្មវិធី​សម្រាប់​ខែ​ថ្មី ។​


​លោក ឈួ​រ សុ​បញ្ញា បាន​លើ​ឡើង​ថា នៅ​ជុំ​ទី ១ នេះ បាន​រកឃើញ​បញ្ហា​មួយចំនួន​ដែរ ដូចជា​មន្ត្រី​មូលដ្ឋាន​ខ្លះ​យក​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ ខណៈ​មន្ត្រី​ខ្លះ​និយាយ​លេង​បន្លំ​មែន និង ការយល់ច្រឡំ​ដូចជា​ប័ណ្ណ​ហួស​សុពលភាព ជាដើម ហើយ​បញ្ហា​ទាំងនោះ ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ធានាបាន​នូវ​រំហូរ​ប្រតិបត្តិ​ការងារ គ្មាន​ការអាក់ខាន ។
​ដោយឡែក​ចំពោះ​បញ្ហា​ដែល​មន្ត្រី​មូលដ្ឋាន យកលុយ​កាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្របខណ្ឌ​កម្មវិធី​នេះ ពី​គ្រប់​រូបភាព គឺ​លែងមានទៀតហើយ សូម្បីតែ​ប្រជាពលរដ្ឋ​ជូន ក៏​គ្មាន​មន្ត្រី​ណា​ម្នាក់ ហ៊ាន​ទទួលយក​ដែរ គឺ​បន្ទាប់ពី​ចំណាត់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ដែល​បាន​យកលុយ​កាក់ នាពេល​កន្លងមក ។​

ចំពោះ​លោក វង សូត តែងតែ​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​អ្នកពាក់ព័ន្ធ ដែលនាំឱ្យ​ទទួលបាន​ល​ទ្ធ​ផល​ដូចដែល​លោក ឈួ​រ សុ​បញ្ញា លើកឡើង​ខាង​នេះ​ស្រាប់ ហើយ​លោក វង សូត បាន​លើកឡើងថា​ការងារ​ដែល​បានដាក់​ចេញមក​នេះ បើ​ធៀប​ទៅនឹង​រយៈ​ពេលដែល​ធ្វើការ គឺ​ពិតជា​ការងារ​ធំ​ធេ​ងំ​ណាស់ ហើយ​លទ្ធផល​បែបនេះ គឺ​ពិតជា​លទ្ធផល​ល្អប្រសើរ ហើយ​លោក វង សូត ជឿជាក់ថា ចាប់ពី​ខែ កក្កដា ទៅ ដំណើរការ នៃ ការងារ​នេះ​នឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត ដោយសារ​បញ្ហា​ជាច្រើន​ត្រូវបាន​ដោះស្រាយ​ហើយ ។​


​ក៏​គប្បី​ផងដែរ​ថា ថ្មីៗ​នេះ​ក្រសួងផែនការ បាន​រកឃើញ​គ្រួសារ​ក្រីក្រ​ប្រមាណ​ជា ២ ម៉ឺន ៥ ពាន់​គ្រួសារ​ទៀត ដែល​ដាក់​បន្ថែម​ទៅក្នុង​បញ្ជី​ដែលមាន​ស្រាប់​សម្រាប់​បើកប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​នេះ ។ ទោះយ៉ាងណា បញ្ជី​ឈ្មោះ​ដែលមាន​មកនេះ ត្រូវបាន​លោក វង សូត ពន្យល់ថា នៅមាន​ការប្រែប្រួល ហើយ​ការប្រែប្រួល​នោះ ទំនងជា​នឹងមិន​ថយចុះ​ទេ គឺ​មានតែ​កើនឡើង​ថែមទៀត ខណៈ​កម្មវិធី​នេះ នៅតែ​បើកទ្វារ​ចំហ​ជូន​ប្រជាពលរដ្ឋ​ស្នើសុំ ប័ណ្ណ​ក្រីក្រ​នៅឡើយ ។​


​តាម​នីតិវិធី ចំពោះ​អ្នក​ដែល​បាន​បើ​ប្រាក់ឧបត្ថម្ភ​នេះ​ម្តង​ហើយ នៅ​ខែក្រោយ អាច​ទៅ​បើកប្រាក់​ម្តងទៀត ដោយ​មិនចាំបាច់​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលាឃុំ សង្កាត់​ទៀតឡើយ ។ ដោយឡែក​ចំពោះ​អ្នក​ដែល​ទើបតែ​ទទួលបាន​ប័ណ្ណ​ក្រីក្រ ពោលគឺ​មិនទាន់បាន​បើកប្រាក់​លើក​ទី ១ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ឃុំ​សង្កាត់​ណាមួយ​ទាំង ១ ៦៤៦ ទូទាំងប្រទេស ជាមុនសិន ដើម្បី ឱ្យ​ប្រាកដថា ប័ណ្ណ​នោះ​ត្រឹមត្រូវ និង មាន​សុពលភាព អាច​ប្រើការ​បាន​សម្រាប់​បើកប្រាក់ ៕ Kh/សរន