​មេទ័ព​ជើងគោក​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន

169
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ ម៉ា​ណែ​ត​ អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​ តាមរយៈ​ប្រព័ន្ធ​VirtualConference​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បញ្ហា​ប្រឈម​រួមគ្នា​គឺ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​ពិភពលោក​និង​អាស៊ាន​កំពុង​ជួបប្រទះ​។​

រូបថត​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​

កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០ ​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ ដោយមាន​វត្តមាន​ចូលរួម​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​អាស៊ាន​ទាំង​៩ ប្រទេស​ផ្សេងទៀត​។

​កិច្ចប្រជុំ​នេះ​គឺជា​ការជួបប្រជុំ​លើកដំបូង​តាមរយៈ​ប្រព័ន្ ធ​VirtualConference​ដោយមាន​ការសម្របសម្រួល​ពី​កងទ័ពជើងគោក​ប្រ៊ុយណេ​ ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​កម្មវិធី​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន​(ASEANArmiesRiflesMeet)​។​កិច្ចប្រជុំ​ពាក់ព័ន្ធ​សម្រាប់​ឆ្នាំ​២០២០​និង​ឆ្នាំ​២០២១​រួមទាំង​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បញ្ហា​ប្រឈម​រួមគ្នា​គឺ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ ដែល​ពិភពលោក​និង​អាស៊ាន​កំពុង​ជួបប្រទះ​។​

​ក្នុង​បរិបទ​នៃ​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​វិធានការ​នានា ដែល​រដ្ឋាភិបាល​និង​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន​នីមួយៗ​បាន​អនុវត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ បានលើកឡើង​អំពី​តម្រូវការ​នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ ​រវាង​កងទ័ពជើងគោក​អាស៊ាន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ​។​

​តាមរយៈ​ការពង្រឹង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​វិធានការ​ឆ្លើយតប​ទាំងឡាយ​ដែល​សមស្រប​។​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ផ្អាក​ការរៀបចំ​កម្មវិធី​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន​(ASEANArmiesRiflesMeet)​ឆ្នាំ​២០២០​។​ដោយ​សម្រេច​រៀបចំ​តែ​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាមរយៈ​ប្រព័ន្ធ Virtual Conference នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​។

​ទន្ទឹមនឹងនេះ មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​ក៏បាន​ឯកភាពគ្នា​ក្នុង​ការណ៍​ដែល​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​និង​កម្មវិធី​នានា​របស់​កងទ័ពជើងគោក​អាស៊ាន សម្រាប់​ឆ្នាំ​២០២១៕S/hA